សកម្មជនគណបក្សគណបក្សសង្គ្រោះជាតិបីនាក់រងការវាយដំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយពេលអាជ្ញាធរបញ្ជូនពួកគេពីពន្ធនាគារព្រៃស។ ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលសោកស្តាយជាខ្លាំងចំពោះអំពើហិង្សានេះ ហើយស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចបើកការស៊ើបអង្កេតស្វែងរកការពិត ដើម្បីនាំជនប្រព្រឹត្ត និងអ្នកពាក់ព័ន្ធយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។
សកម្មជនគណបក្សគណបក្សប្រឆាំងបីនាក់រួមមានលោក កែវ ថៃ លោក ជុំ ចាន់ និងលោក ញ៉ែម វាន ត្រូវបានមន្ត្រីពន្ធនាគារវាយទាត់ធាក់ក្នុងពន្ធនាគារត្រពាំងផ្លុងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយអាជ្ញាធរពន្ធនាគារផ្ទេរពីពន្ធនាគារព្រៃស កាលពីថ្ងៃទី២១ ខែសីហា។
កូនស្រីមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារលោក គង់ សំអាន កញ្ញា គង់ មុយលី ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាបានជួបសួរសុខទុក្ខឪពុក និងសកម្មជនបក្សប្រឆាំងផ្សេងទៀតក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃរសៀលថ្ងៃទី២៧ ខែសីហា។ កញ្ញាអះអាងថា សកម្មជនដែលទើបបញ្ជូនពីពន្ធនាគារព្រៃសពិតជារងនូវអំពើហិង្សាយ៉ាងឃោរឃៅពិតប្រាកដមែន ដោយសារពួកគាត់តវ៉ាចំពោះទង្វើរបស់មន្ត្រីពន្ធនាគារដែលបានប្រមូលសម្ភារៈប្រើប្រាស់យកទៅដុតចោល ហើយតម្រូវឱ្យពួកគាត់ទិញសម្ភារៈ និងម្ហូបអាហារដែលមានតម្លៃខ្ពស់នៅក្នុងពន្ធនាគារជំនួសវិញ។ ទោះយ៉ាងណាកញ្ញាមិនអាចបញ្ជាក់ថា ជនប្រព្រឹត្តហិង្សាជានរណាបានទេ៖ «ពួកគាត់ទាំងអស់គ្នាទាមទារឱ្យខាងពន្ធនាគារសូមកុំប្រើអំពើហិង្សា ឬប្រើនរណាឱ្យមកធ្វើបាបពួកគាត់ ពីព្រោះពួកគាត់ គឺជាអ្នកនយោបាយមិនមែនជាអ្នកលួចឆក់ប្លន់ឡើយ។ គាត់អ្នកស្នេហាជាតិបែរជាយកមកធ្វើបាបពួកគាត់អ៊ីចឹង វាអយុត្តិធម៌ណាស់ក្នុងសង្គមខ្មែរ អ្នកនយោបាយត្រូវគេធ្វើបាប»។
ចំណែកមន្ត្រីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំដែលបានជួបជាមួយសកម្មជនដែលកំពុងជាប់ឃុំគឺលោក ស៊ូ យាន ឱ្យដឹងថា ក្នុងចំណោមសកម្មជនបីនាក់លោក ញ៉ែម វាន ត្រូវបានគេវាយបណ្តាលឱ្យរងរបួសធ្ងន់ជាងគេរហូតដើរមិនរួច។ លោកបញ្ជាក់ថា បច្ចុប្បន្នលោក ញ៉ែម វាន កំពុងដេកឈឺចាប់គ្រាំគ្រាក្នុងបន្ទប់ឃុំឃាំង ដោយត្រូវការការព្យាបាលរបួសពីគ្រូពេទ្យ និងជួបជាមួយក្រុមគ្រួសារជាបន្ទាន់៖ «ផ្លូវច្បាប់មិនគួរប្រើអំពើហិង្សាកម្រិតអ៊ីចឹងទេខ្មែរដូចគ្នា ពួកគាត់រងគ្រោះដោយគ្មានកំហុសហើយ ថែមទាំងវាយដំលើពួកគាត់ទៀត គឺជារឿងអយុត្តិធម៌ និងឈឺចាប់បន្ថែមទៀត»។
ប្រពន្ធសកម្មជនគណបក្សប្រឆាំងនៅខេត្តស្វាយរៀងលោក ញ៉ែម វាន គឺលោកស្រី ពៅ សារ៉ន រៀបរាប់ថា លោកស្រីព្រួយបារម្ភពីសុវត្ថិភាព និងសុខភាពប្តីជាខ្លាំង បន្ទាប់ពីលោកស្រីបានទទួលដំណឹងថា ប្តីត្រូវគេវាយធ្វើបាបបណ្តាលឱ្យរងរបួសធ្ងន់។ ស្ត្រីវ័យ៥៩ឆ្នាំរូបឆ្នាំនេះចាត់ទុកការប្រើហិង្សាលើប្តីលោកស្រីគឺជារឿងអយុត្តិធម៌បន្ថែមទៀត សម្រាប់សកម្មជនបក្សប្រឆាំងដែលមិនមានទោសកំហុសអ្វីនោះ។ លោកស្រី ពៅ សារ៉ន ចង់ទៅជួបប្តីដែរ ប៉ុន្តែលោកស្រីមិនមានប្រាក់កាក់នោះទេ។ លោកស្រីនឹងខ្វីបុលអ្នកជិតខាងដើម្បីធ្វើដំណើរជួបប្តីនៅពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃចន្ទ ទី២៩ ខែសីហា ខាងមុខនេះ៖ «ឮគេធ្វើបាបប្តី ខ្ញុំរន្ធត់ចង់គាំបេះដូង ខ្ញុំកោសខ្យល់ គេវាយអ៊ីចឹងខ្ញុំទទួលយកអត់បានទេ ប្តីខ្ញុំអត់មានទោសកំហុសអ្វីទេទៅធ្វើបាបគាត់ ហើយគាត់វ័យចាស់ហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែសីហា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត សោកស្តាយករណីហិង្សាលើសកម្មជនគណបក្សប្រឆាំងទាំងនោះ។ លោកបញ្ជាក់ថា តាមច្បាប់គ្មានជនណាម្នាក់មានសិទ្ធិប្រើទណ្ឌកម្ម ឬការវាយដំលើជនជាប់ឃុំបានឡើយ។ លោកជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតដោយឯករាជ្យ និងយុត្តិធម៌ ដើម្បីទប់ស្កាត់អំពើហិង្សា ដោយយកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធយកមកអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ៖ «យើងជាអង្គសង្គមស៊ីវិលនៅពេលមានអំពើហិង្សាកើតឡើង ឬការធ្វើទារុណកម្មណាមួយនៅក្នុងពន្ធនាគារដែលបង្កសកម្មជនគណបក្សប្រឆាំង ឬជនសង្ស័យណាក៏ដោយរងអំពើហិង្សា អំពើទារុណកម្ម ទីមួយយើងមានការសោកស្តាយ ទីពីរគឺយើងជំរុញឱ្យមានការស៊ើបអង្កេត និងការអនុវត្តតាមផ្លូវច្បាប់»។
កាលពីថ្ងៃទី២១ ខែសីហា អាជ្ញាធរពន្ធនាគារបានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ប៉ុន្តែក្រុមគ្រួសារជនជាប់ឃុំប្រតិកម្មចំពោះការសម្រេចរបស់អាជ្ញាធរពន្ធនាគារនៃក្រសួងមហាផ្ទៃ ដោយមិនបានជូនដំណឹងជាមុន ស្របពេលពួកគាត់ព្រួយបារម្ភពីសុខភាព និងសុវត្ថិភាពសមាជិកគ្រួសារជាខ្លាំង។ ទន្ទឹមនឹងនេះមន្ត្រីសង្គមស៊ីវិលចាត់ទុក ការបញ្ជូនជនជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយដោយមិនបានជូនដំណឹងឱ្យមេធាវីការពារក្តី ឬក្រុមគ្រួសារដឹងជាមុន គឺជាការរំលោភសិទ្ធិពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។