សកម្មជន​បក្ស​ប្រឆាំង​នៅ​បន្ទាយមានជ័យ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​មាន​សមត្ថកិច្ច​តាមដាន​រាល់ថ្ងៃ

0:00 / 0:00

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​ត្អូញត្អែរ​ថា មួយ​រយៈ​ចុងក្រោយ​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​កម្លាំង​តាមដាន​ឃ្លាំមើល​សកម្មភាព​ដល់​ផ្ទះ​ពួកគាត់​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ដឹង​មូលហេតុ​អ្វី​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​បែបនេះ​ថា ជា​ការ​បំភិតបំភ័យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ លោក ខាន់ ឡៃ ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី២៥ ខែ​មិថុនា ថា ក្រុម​គ្រួសារ​របស់​លោក មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​លោក​យ៉ាង​ខ្លាំង បន្ទាប់ពី​បាន​ឃើញ​ប៉ូលិស មេភូមិ និង​មនុស្ស​ប្លែក​មុខ បាន​ថតរូប​និង​ឃ្លាំមើល​ដល់​ផ្ទះ​របស់​លោក នៅ​សង្កាត់​ប៉ោយប៉ែត ជា​ញឹកញាប់​។ លោក​អះអាង​ថា សកម្មភាព​បែប​នេះ មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ គឺ​ទើបតែ​កើតឡើង​ក្រោយពី​លោក​ទទួល​បាន​ដីកា​កោះហៅ ពី​តុលាការ​កាលពី​ថ្ងៃ​ទី២៣ ខែ​មិថុនា រហូត​មក៖ «ប្រពន្ធ​កូន​របស់ខ្ញុំ​គាត់​សង្ស័យ​ថា មើល​ប៉ូលិស​ជិះ​ឡាន​កាត់​មុន​ផ្ទះ​ខ្ញុំ​ទៀតហើយ គាត់​ព្រួយបារម្ភ បើ​ម៉ែ​ខ្ញុំ​គាត់​សួរ​ខ្ញុំ​ថា​យ៉ាងម៉េច​យ៉ាង​ហើយ គាត់​ចង់​ឱ្យ​ខ្ញុំ​រត់គេច​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង ខ្ញុំ​ថា​អត់​រត់​ទេ ព្រោះ​ខ្ញុំ​អត់​មាន​ខុស​អី​ផង ខ្ញុំ​គ្រាន់តែ​ទៅ​ហូប​នំ​បញ្ចុក​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណឹង​ទេ»។

លោក​បន្ត​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​លោក​នៅតែ​ចូល​បំភ្លឺ​តុលាការ​តាម​ការ​កោះហៅ ព្រោះ​លោក​យល់ថា លោក​មិន​បាន​ធ្វើ​ខុសច្បាប់​អ្វី​ឡើយ។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ស្រុក​មង្គលបូរី​លោក ទួត វាសនា ឯណោះ​វិញ ថ្លែង​ថា ចាប់​តាំងពី​ពាក់កណ្ដាល​ខែ​មិថុនា​មក សមត្ថកិច្ច​ជាច្រើន​នាក់ រួមមាន អាជ្ញាធរ​ឃុំ និង​មនុស្ស​ប្លែក​មុខ​បាន​តាមដាន​ឃ្លាំមើល​សកម្មភាព​រស់នៅ របស់​លោក​ដល់​ផ្ទះ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ដឹង​មូលហេតុ​អី​នោះ​ទេ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​បំភិតបំភ័យ​មក​លើ​រូបលោក​យ៉ាង​នេះ​ក្ដី ក៏​លោក​នៅតែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ដោយ​ឥត​ងាករេ ជាពិសេស​ត្រៀម​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ខាងមុខ៖ «ព្រោះ​បើ​នៅផ្ទះ​យើង​អត់​មាន​ធ្វើ​សកម្មភាព​គេ​កោះហៅ​ខ្ញុំ​ទៅ​តុលាការ ប៉ុន្តែ​ដីកា​កោះហៅ​នេះ​ខ្ញុំ​បាន​ទៅ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​នៅ​អធិការ​ស្រុក​មង្គលបូរី​រួចហើយ ខ្ញុំ​ក៏​ឈប់​ពី​ពេល​នោះ​មក ដល់​ពេល​ក្រោយ​មក​មាន​ដីកា​កោះហៅ តើ​ឱ្យ​ខ្ញុំ​នៅ​ធ្វើ​អី​ទៀត ខ្ញុំ​នឹង​ទៅ​ទទួល​ម៉ែឪ​របស់ខ្ញុំ​វិល​ចូល​ស្រុក ដើម្បី​ប្រទេសជាតិ ហើយ​ទោះបី​មានការ​គំរាមកំហែង​ខ្លាំង​យ៉ាងណាក៏ដោយ​ក៏​ត្រូវតែ​ទៅ​ទទួល​លោក​ប្រធាន សម រង្ស៊ី»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​មង្គលបុរី លោក ស៊ិន ណារ៉ាក់ ប្រាប់​អាស៊ីសេរី​ថា គ្មាន​សមត្ថកិច្ច​ណា ទៅតាម​ដាន​ឃ្លាំមើល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ការ​លើកឡើង របស់​លោក ទួត វាសនា នោះ​ទេ៖ «ខ្ញុំ​អត់​ដឹង​ទេ​បង ទាក់ទង​រឿង​តុលាការ នេះ​ជា​រឿង​របស់​តុលាការ​ទេ​បង បាទ​ !​ បាទ​ !​ គ្មាន​អ្នកណា​គេ​តាម​គេ​អី​គាត់​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​ដាក់​កម្លាំង​ដាន​នេះ គឺជា​ទង្វើ​ខុសច្បាប់ ដោយ​បាន​គំរាមកំហែង​បំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង ធ្វើ​ឱ្យ​ភ័យខ្លាច និង​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ពួកគាត់។ លោក​បន្ត​ថា ទង្វើ​បែបនេះ មានតែ​ប្រទេស​កុម្មុយនិស្ត​ទេ ដែល​អាជ្ញាធរ​តែងតែ​តាម​ឃ្លាំមើល​ពលរដ្ឋ​នោះ ចំពោះ​កម្ពុជា ដែល​ជា​របប​ប្រជាធិបតេយ្យ​មែន មិន​គួរ​មាន​ទង្វើ​បែបនេះ​ឡើយ៖ «យើង​ឃើញ​អតីតកាល​កន្លងមក​កាប់​សម្លាប់​គ្នា​អស់​រាប់​លាន​នាក់​នោះ ក៏​ដោយសារតែ​ការសង្ស័យ​នេះឯង យើង​ជា​ខ្មែរ​ឈប់​មានការ​សង្ស័យ​ទៅ​បើជា​តុលាការ​ជា​អំណាច​ឯករាជ សូម​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ពិនិត្យ​មើល​ថា​តើ​អ្នក​នោះ​ឯង​ខុស ឬក៏​ត្រូវ ពិចារណា​រឿងក្ដី​ដោយ​ឯករាជ តាមច្បាប់ ទើប​បាន​ជា​ប្រទេស​គោរព​ច្បាប់​និង​គោរព​សិទ្ធិមនុស្ស»។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត ក្នុង​ខេត្ត​បន្ទាយមានជ័យ​ក៏​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​តាមដាន​សកម្មភាព​របស់​ពួកគាត់​ដែរ ជាពិសេស​នៅ​ពេល​លោក សម រង្ស៊ី បាន​ប្រកាស​លើក​ទី​២ វិល​ចូល​ស្រុក​វិញ​យ៉ាង​យូរ ៣​ខែ​ខាងមុខ​នោះ។ លោក ទួត វាសនា និង លោក ខាន់ ឡៃ ត្រូវ​បាន​អយ្យកា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក សុក កែវបណ្ឌិត កោះហៅ​ពួកគាត់​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​១០ ខែ​កក្កដា​ខាងមុខ ក្រោម​បទចោទប្រកាន់​តែមួយ គឺ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ។ ប៉ុន្តែ​សាមីខ្លួន​អះអាង​ថា ពួកគាត់​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​ដូច​ការចោទប្រកាន់​នោះ​ទេ និង​ត្រៀម​ចូល​បំភ្លឺ​តុលាការ​តាម​ការកំណត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។