ក្រុមសកម្មជន និងមន្ត្រីជាប់ឆ្នោតមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្តជួបជុំគ្នាហូបនំបញ្ចុក ដើម្បីពង្រឹងការសាមគ្គី។ សមត្ថកិច្ចបានឃ្លាំមើល និងសួរនាំពួកគេអំពីកម្មវិធីនេះ។ សង្គមស៊ីវិលថា ពលរដ្ឋមានសិទ្ធិពេញលេញដើម្បីជួបជុំគ្នាហូបនំបញ្ចុក ដោយគ្មានការរំខាន ឬអុកឡុកកម្មវិធីឡើយ។
ក្រុមមន្ត្រីបក្សប្រឆាំងនៅស្រុកកំពង់ស្វាយ អះអាងថា ពួកគេនៅតែ រងការបំភិតបំភ័យក្នុងកម្មវិធីហូបនំបញ្ចុក ព្រោះសមត្ថកិច្ចបានទៅឃ្លាំមើល សួរនាំ និងថតរូបរបស់ពួកគេ។
ជំទប់ទី២ ជាប់ឆ្នោតនៃឃុំក្ដីដូង ស្រុកកំពង់ស្វាយ លោក ជូ ភី ប្រាប់អាស៊ីសេរីថា ក្រុមសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំ បានជួបជុំគ្នានៅផ្ទះរបស់មេឃុំជាប់ឆ្នោត ឃុំសាន់គរ ដើម្បីហូបនំបញ្ចុកជុំគ្នា ក្រោមរូបភាពកម្មវិធីបង្កក់ចៅ នៅព្រឹកថ្ងៃអាទិត្យ ទី២១ កក្កដា។ លោកថា ដំបូងមានអនុប៉ុស្តិ៍ឃុំសាន់គរ បានមកសួរនាំអំពីកម្មវិធី និងចំនួនអ្នកចូលរួម ហើយក្រោយមក សមត្ថកិច្ចឃុំសាន់គរ បានទូរស័ព្ទប្រាប់ខាងអធិការដ្ឋានស្រុកកំពង់ស្វាយ ទើបមានប៉ូលិសច្រើននាក់ បានជិះឡានមកឃ្លាំមើលពីផ្លូវជាតិទៅ។
លោក ជូ ភី ចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការបង្ករឿង និងបំភិតបំភ័យពលរដ្ឋធ្ងន់ធ្ងរ។ លោកទាមទារឱ្យសមត្ថកិច្ចបញ្ឈប់ការឃ្លាំមើល និងសួរនាំបែបនេះតទៅទៀត ហើយត្រូវគោរពសិទ្ធិពួកលោកខ្លះផង៖ «អាហ្នឹងគំរាម គំរាមជាក់ស្ដែង។ ពីមុនខ្ញុំអត់គិតថា គំរាមទេ កន្លងមក ទោះបីក្នុងរូបភាពយ៉ាងម្ដេចក៏ដោយ មិនថា បង្កក់កូនទេ។ គ្រាន់ថា កាលដែលយើងទៅហូបនំបញ្ចុក គឺរបៀបដែលយើងរួមគ្នាហៅថា សាមគ្គីភាព ស្នេហាជាតិ។ ដល់ពេលតាមតែគាត់ទៅមើលហ្នឹង គឺគំរាម។ គំរាមទាំងស្រុងតែម្ដង ស្រស់ហ្មងគំរាម។ គំរាមសួរ ជីកឫសជីកគល់ គឺគ្រាន់តែហូបនំបញ្ចុកសួរជីកឫស ជីកគល់។ វាហាក់បីដូចជា ខ្ញុំថា នៅក្នុងរបប ៣ឆ្នាំ វាដកដង្ហើមអត់បាន។ វាហួសហេតុ។ វាអត់មានច្បាប់ណាចែងថា ស៊ីនំបញ្ចុកមកស៊ើបអង្កេត។ តួនាទីប៉ូលិសវាមានដល់ថ្នាក់ឯណា ( ដូច ) ជំនាន់ ប៉ុល ពត ទៅហើយ។ វាអស់ហ្មង»។
មេឃុំជាប់ឆ្នោត ឃុំសាន់គរ ស្រុកកំពង់ស្វាយ លោក ជឹម ស៊ុនលី ប្រាប់ថា កម្មវិធីហូបនំបញ្ចុកនៅផ្ទះរបស់លោក ព្រឹកមិញ មិនបានថ្លែងសារនយោបាយអ្វីឡើយ ដោយសារក្រុមសកម្មជនបក្សប្រឆាំងព្រួយបារម្ភខ្លាចសមត្ថកិច្ចរករឿង និងចោទប្រកាន់ពួកគាត់។ លោកថា កម្មវិធីនោះ បានបញ្ចប់ទៅវិញ ក្រោយពេលមានការសួរនាំ និងឃ្លាំមើលពីសមត្ថកិច្ច៖ «គេទៅសាកសួរ ទៅសួរ។ សួរថាធ្វើអ្វីៗ ? ខ្ញុំស្ដាប់លឺ ប្រាប់ថា បង្កក់ចៅទេ អត់មានកម្មវិធីអ្វីទេ ? អត់ទេ អត់មានគាំទ្រអ្វីទេ បាទ ! ជួបជុំគ្នា ក៏ថតទៅណា»។
អាស៊ីសេរីមិនអាចទាក់ទងក្រុមអាជ្ញាធរដែលរងការចោទប្រកាន់ពីក្រុមសកម្មជនបក្សប្រឆាំងនេះបានទេ នៅថ្ងៃទី២១ កក្កដា ក៏ប៉ុន្តែស្នងការខេត្ត លោក អ៊ុក កុសល ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា មិនដែលមានករណីសមត្ថកិច្ចទៅឃ្លាំមើល សួរនាំ ឬថតរូប សកម្មជនបក្សប្រឆាំងឡើយ៖ «មិនមានទេ។ កិច្ចការងារណា ទៅអ៊ីណា។ ដូចនិយាយអ៊ីចឹង ខ្ញុំឃើញតែផ្សាយគ្រប់កន្លែងអ៊ីចេះ អ៊ីចុះ អ៊ីចឹងបានថា។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ដែរណាថា ខាងបង ចូលចិត្តផ្សាយអ្វី ដែលបាននិយាយឱ្យពិត។ ចង់បញ្ជាក់អ៊ីចឹងដែរ។ ចង់បញ្ជាក់។ កុំឱ្យខ្ញុំនិយាយជាមួយបងទៅរឿងផ្សេង។ បាទ ! ព្រោះមិនមានទេ ប្រជាពលរដ្ឋ គាត់ហូបអ្វី ធ្វើអ្វី មិនមាននរណាទៅហាមឃាត់គាត់ ធ្វើអ្វីទេ។ ដល់អ៊ីចឹងទៅ ខ្ញុំចង់អស់សំណើច និយាយអ៊ីចឹង»។
ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ធ្លាប់លើកឡើង កាលពីខែមិថុនាថា សមត្ថកិច្ចសង្ស័យ និងរកឃើញអ្នកគាំទ្របក្សប្រឆាំងខ្លះ បានយកឈ្មោះថា ជុំគ្នាហូបនំបញ្ចុក ប៉ុន្តែការពិត គឺប្រជុំគ្នា ជជែករឿងនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកបានណែនាំឱ្យមន្ត្រីបក្សប្រឆាំងទាំងនោះ ប្រជុំរឿងនយោបាយ ត្រៀមខ្លួនបោះឆ្នោតឆ្នាំ២០២២ ឬ ឆ្នាំ ២០២៣ ទើបគ្មានបញ្ហា និងជារឿងល្អ។
អ្នកការពារសិទ្ធិមនុស្ស អះអាងថា ពលរដ្ឋគ្រប់រូបត្រូវបានច្បាប់ធានាថា មានសិទ្ធិពេញលេញ ក្នុងការជួបប្រជុំគ្នា ទោះជជែករឿងនយោបាយ គាំទ្រនយោបាយ ឬហូបអ្វីក៏ដោយ ក៏គ្មានទោសដែរ។
អ្នកសម្របសម្រួលអង្គការ លីកាដូ (Licadho) ខេត្តកំពង់ធំ លោក ខន សុជា ឱ្យដឹងថា ពលរដ្ឋគ្រប់រូប មានសិទ្ធិជួបប្រជុំគ្នា ជជែករឿងនយោបាយ ហើយពួកគេមានសិទ្ធិសេរីភាព ក្នុងការគាំទ្រគោលនយោបាយគណបក្សដែលខ្លួនពេញចិត្ត។ លោកថា បើទោះ ក្រុមសកម្មជនបក្សប្រឆាំង ឬពលរដ្ឋហូបនំបញ្ចុកជជែករឿងនយោបាយ ក៏គ្មានច្បាប់ណា ហាមឃាត់សិទ្ធិពួកគេដែរ។ លោកថា បើសមត្ថកិច្ចទៅហាមឃាត់សិទ្ធិសេរីភាពពួកគេ ទើបជារឿងខុសច្បាប់៖ «គាត់និយាយរឿងនយោបាយ គាំទ្រហ្នឹង គាត់បានទៅធ្វើសកម្មភាពឱ្យខុសច្បាប់ឬនៅ ? បើត្រឹមតែថា និយាយក្នុងចិត្តរបស់គាត់ថា គាត់គាំទ្រគណបក្សនេះ គាំទ្របុគ្គលនេះ ខ្ញុំគិតថា ជាសិទ្ធិរបស់គាត់»។
ក្រុមសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំ បាននាំគ្នារៀបចំកម្មវិធី ហូបនំបញ្ចុកជុំគ្នារៀងរាល់ចុងសប្ដាហ៍ ដើម្បីជជែកគ្នា និងរំលឹកអនុស្សាវរីយ៍ កាលធ្វើការជាមួយគ្នា ជាមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។ ការជួបជុំគ្នាហូបនំបញ្ចុករាល់ចុងសប្ដាហ៍ត្រូវបានមន្ត្រីបក្សប្រឆាំងអះអាងថា ភាគច្រើនរងការឃ្លាំមើល សួរនាំ និងថតរូបពីសំណាក់សមត្ថកិច្ចក្នុងមូលដ្ឋាន។ ប៉ុន្តែសមត្ថកិច្ចទាំងនោះ មិនបានរារាំងសកម្មភាពពួកគេឡើយ។
បើទោះយ៉ាងណា ក្រុមសកម្មជនបក្សប្រឆាំង នៅខេត្តកំពង់ធំ ប្ដេជ្ញាថា ពួកគេនឹងនៅតែបន្តធ្វើកម្មវិធីជួបជុំគ្នា ហូបនំបញ្ចុករៀងរាល់ចុងសប្ដាហ៍បន្តទៀត ដោយមិនភ័យតក់ស្លុតឡើយ។ ក្រុមសកម្មជនបក្សប្រឆាំងថា ការឃ្លាំមើល ឬគំរាមកំហែងពួកគេ មិនបានផ្ដល់ផលចំណេញដល់អាជ្ញាធរ និងបក្សកាន់អំណាចឡើយ។ ផ្ទុយទៅវិញ ការធ្វើបែបនេះ នឹងធ្វើឱ្យពលរដ្ឋមិនពេញចិត្តបក្សកាន់អំណាច កាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។