សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​ខ្មែរ​ក្នុង​និង​ក្រៅ​ប្រទេស​គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា ចំ​ខួប ២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក និង​សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ហែ​ញត្តិ​ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៣ ខែតុលា ចំ​ខួប ២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ថ្វី​បើ​មាន​គម្រោង​រៀបចំ​បែប​នេះ​ក្ដី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ និង​ចាត់​ទុក​ថា ក្រុម​ណា​ក៏​ដោយ​ដែល​គ្រោង​ហែ​ញត្តិ​ក្នុង​ពេល​ប្រារព្ធ​ខួប ២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នេះ គឺ​ជា​ក្រុម​បំផ្លាញ​សេចក្ដី​សុខ​របស់​ពលរដ្ឋ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​និង​សហគមន៍​ខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​តែ​ហែ​ញត្តិ​មុខ​ស្ថានទូត និង​កុងស៊ុល​ចិន ប្រឆាំង​វត្តមាន​ចិន​នៅ​កម្ពុជា ដោយ​មិន​ខ្លាច​ញញើត​ការ​គំរាមកំហែង​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។

អ្នកស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ទោះ​បើ​លោក​ហ៊ុន សែន ព្រមាន​ចាប់​ចង​ពលរដ្ឋ​ខ្លួន​ក៏​ធ្វើ​ទៅ ប៉ុន្តែ​មិន​អាច​បំបិទ​សិទ្ធិ​សេរី​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​សំឡេង​តែ​មួយ​ជា​ឯកច្ឆន្ទ ក្នុង​គោលដៅ​គោរព ការពារ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដែល​ផ្ដល់​សន្តិភាព​ដល់​ពលរដ្ឋ​និង​ប្រទេសជាតិ​ទាំងមូល​នោះ​ទេ។ អ្នកស្រី​បន្ត​ថា បាតុកម្ម​នេះ មាន​គោលបំណង​បង្ហាញ​ពី​ការ​ប្រឆាំង​ដាច់ខាត​នូវ​វត្តមាន​យោធា​ប្រទេស​ចិន ដែល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ឯករាជភាព អព្យាក្រឹតភាព និង​ទទួល​រង​នូវ​ការ​ជ្រៀតជ្រែក​ពី​ឥទ្ធិពល​នៃ​ប្រទេស​ចិន ខណៈ​ប្រទេស​នេះ​ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខា​នៅ​ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ​មួយ​រូប​ដែរ​នោះ៖ « ហេតុ​ដែល​យើង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​និង​កុងស៊ុល​ចិន ដោយសារ​តែ​ប្រទេស​ដែល​ចុះ​ហត្ថលេខា​ជាមួយ​លោក​ហ៊ុន សែន គឺ​ប្រទេស​ចិន។ ហើយ​កិច្ចព្រមព្រៀង​មិន​ស្របច្បាប់​រវាង​ប្រទេស​ចិន និង​របប​លោក ហ៊ុន សែន នេះ​គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​ណាស់។ បើ​យើង​ជា​ពលរដ្ឋ​ខ្មែរ​យើង​មិន​ទៅ​បង្ហាញ​នូវ​សំឡេង​របស់​យើង​ថា​យើង​ប្រឆាំង យើង​មិន​យល់ស្រប​ចំពោះ​កិច្ចព្រមព្រៀង​រវាង​របប​លោក ហ៊ុន សែន និង​ចិន​ទេ​នោះ​យើង​នឹង​ខាត​បង់​ច្រើន​ណាស់ យើង​ជា​ម្ចាស់ទឹកម្ចាស់ដី​បើសិនជា​គេ​រំខាន​ប៉ុន​ហ្នឹង​ហើយ យើង​នៅ​ស្ងៀម​យើង​មិន​បាន​បំពេញ​តួនាទី កាតព្វកិច្ច​យើង​ជា​ពលរដ្ឋ​ទេ»

បាតុកម្ម​ដែល​មាន​ចែក​ផ្សាយ​តាម​ខិត្តប័ណ្ណ ស្ដីពី​ប្រជាពលរដ្ឋ​ខ្មែរ​បដិសេធ​វត្តមាន​កងទ័ព​ចិន​លើ​ទឹក​ដី​ខ្មែរ នឹង​ត្រូវ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី២៣ តុលា ជា​ទិវា​រំលឹក​ខួប ២៩ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ សកម្មជន​និង​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែល​នឹង​ចូលរួម​ធ្វើ​ព្រម​គ្នា មាន​ដូចជា ប្រទេស​បារាំង (France) ប៊ែលហ្សិក (Belgium) ជប៉ុន (Japan) កូរ៉េ​ខាងត្បូង (South Korea) ប្រទេស​អូស្ត្រាលី (Australia) ណូវែលហ្សេឡង់ (New Zealand) សហរដ្ឋអាមេរិក (United state) និង​ប្រទេស​កាណាដា (Canada) ជាដើម។

អ្នក​បាតុកម្ម​មាន​បំណង​ធំ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន និង​របប​ក្រុង​ភ្នំពេញ​គោរព​អធិបតេយ្យ​ប្រទេស​កម្ពុជា និង​កិច្ចព្រមព្រៀង​នេះ។

ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​រស់នៅ​សហរដ្ឋអាមេរិក លោកស្រី ងិម វិសិដ្ឋ ថ្លែង​ថា លោកស្រី​ក៏​នឹង​ទៅ​ចូលរួម​សំដែង​ឆន្ទៈ​នៅ​ថ្ងៃ២៣​តុលា​នេះ​ដែរ៖ « បង​ប្អូន​ខ្មែរ​ដែល​រស់នៅ​ទូទាំង​ពិភពលោក​នេះ ចង់​រំលឹក​ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដល់​ថ្ងៃ​២៣ តុលា ឆ្នាំ២០២០ នេះ​ចង់​រំលឹក​ដល់​បងប្អូន​ខ្មែរ​ថា​ថ្ងៃ​ហ្នឹង​យើង​បាន​ទទួល​នូវ​ភាព​ឯករាជ្យ​ពី​កងទ័ព​វៀតណាម​នៅ​លើ​ទឹកដី​ខ្មែរ​យើង។ យើង​រំលឹក​ដល់​ប្រទេស​ទាំង​១៩​ដែល​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សន្ធិសញ្ញា​នេះ។ យើង​មិន​អាច​បំភ្លេច​បាន​ទេ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​កម្ពុជា​រស់រាន​ឡើង​ម្ដង​ទៀត។ រាល់​ថ្ងៃ​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ទំនាក់ទំនង​ឲ្យ​ប្រទេស​ចិន​ជួយ ប៉ុន្តែ​គ្រាន់​តែ​ថា សូម​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ហ្នឹង​គោរព​នូវ​សន្ធិសញ្ញា​ថ្ងៃ​២៣ ឆ្នាំ១៩៩១ ដែល​ចិន​បាន​ចុះហត្ថលេខា​ក្នុង​ចំណោម​១៩​ប្រទេស​ហ្នឹង សូម​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ហ្នឹង​មិន​បំពាន​មក​លើ​ប្រទេស​តូចតាច​ដូច​ជា​កម្ពុជា​ហ្នឹង»

ការ​លើកឡើង​នេះ បន្ទាប់​ពី​អ្នក​វិភាគ និង​សាធារណជន​មើល​ឃើញ​ថា ចិន​កំពុង​បង្កើន​ឥទ្ធិពល​អំណាច​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា តាមរយៈ​ជំនួយ​ឥត​សំណង បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​រវាង​មេដឹកនាំ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ជាមួយ​មេដឹកនាំ​កម្ពុជា។

រីឯ​ក្រុមហ៊ុន​របស់​ចិន​ដែល​មក​បោះ​ទុន​រក​ស៊ី​នៅ​កម្ពុជា​វិញ ខ្លះ​បង្កើត​ទំនាស់​រ៉ាំរ៉ៃ​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ខ្លះ​ទៀត​រង​ការ​ចោទ​ប្រកាន់​រឿង​បំផ្លិចបំផ្លាញ​បរិស្ថាន និង​មួយ​ចំនួន​កំពុង​ជាប់​សង្ស័យ​ពី​រឿង​អនុវត្ត​គម្រោង​ការណ៍​សម្ងាត់​ឱ្យ​យោធា​ចិន។ ជាឧទាហរណ៍​ក្រុមហ៊ុន​យូឌីជី (UDG) កំពុង​ស្ថាបនា​វាល​យន្តហោះ​ខ្នាត​ធំ និង​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​វាយ​តម្លៃ​ថា ជា​ទីតាំង​ដែល​យន្ត​ហោះ និង​នាវា​ចម្បាំង​របស់​ចិន​អាច​ចូល​ចត​បាន​នោះ។

គឺ​ទីតាំង​របស់​ក្រុមហ៊ុន​យូឌីជី និង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ​ហើយ ដែល​ក្រុម​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ ព្រួយ​បារម្ភ​ថា អាច​ជា​ទីតាំង​ឈរជើង​របស់​យោធា​ចិន​នៅ​កម្ពុជា។

ក្នុង​គម្រោង​វិនិយោគ​នៅ​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ចិន យូឌីជី (UDG) នេះ ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​គម្រោង​វិនិយោគ​របស់​ខ្លួន ក្រោម​ច្បាប់ ក្លូបល មែកនីតស្គី អ៊ែកធ៍ (Global Magnitsky)។ ក្រសួង​រតនាគារ​អាមេរិក​ថា ចិន បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការពង្រីក​អំណាច​របស់​ចិន​នៅ​លើ​សាកលលោក។

គម្រោង​បាតុកម្ម​នេះ គឺ​ស្រប​គ្នា​ដែល​ក្រុម​អង្គការ​សមាគម និង​សហជីព​ចំនួន​២៣​ស្ថាប័ន​នៅ​តែ​រក្សា​ជំហរ​ជួបជុំគ្នា​ប្រមាណ​១​ពាន់​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​ខណ្ឌ​ឫស្សីកែវ ដើម្បី​រំលឹក​ខួប​២៩ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែតុលា បើ​ទោះ​បី​ជា​អាជ្ញាធរ​ក្រុង ដាក់​កំហិត​មិន​ឲ្យ​ចូលរួម​ច្រើន​នាក់ និង​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ដាក់​ញត្តិ ក្រោម​ហេតុផល គ្រោះ​ទឹកជំនន់ និង​ការពារ​ជំងឺ​កូវីដ-១៩ ក្ដី។

គម្រោង​ជួបជុំ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​នៅ​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២១ តុលា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ដែល​គ្រោង​ហែ​ញត្តិ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា គឺ​ជា​ក្រុម​បំផ្លាញ​សេចក្ដី​សុខ​របស់​ពលរដ្ឋ។ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ភៀសខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿង​នេះ ហើយ​លោក​ព្រមាន​ចាត់វិធានការ​លើ​ក្រុម​អ្នក​ចូល​រួម​ប្រសិន​បើ​ពួកគេ​ដើរ​ហែ​ញត្តិ​​​ទៅ​ស្ថានទូត​ចិន​​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ប្រារព្ធ​ពិធី​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​បណ្ឌិត សេង សារី យល់​ឃើញ​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ដៃគូ​នយោបាយ​ដែល​លោក ហ៊ុន សែន យល់​ថា​ជា​ក្រុម​កេងចំណេញ​លើ​ថ្ងៃ២៣ តុលា តាម​រយៈ​ទស្សនៈ​និង​ការ​សង្ស័យ​ពី​វត្តមាន​ជនជាតិ​ចិន​ដែល​ថា​អាច​បង្ក្រប់​នូវ​កងទ័ព​ចិន​នៅ​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​កម្ពុជា​ដែល​មាន​ចែង​និង​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​គួរ​មាន​ការ​បកស្រាយ​ពន្យល់ ជាជាង​ការ​ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​និយាយ​ពី​រឿង​កិច្ចព្រមព្រៀង​នេះ ព្រោះ​ថា ការ​គំរាមកំហែង​មិនមែន​ជា​ដំណោះស្រាយ​សមស្រប​ដែល​អាច​ឲ្យ​កម្ពុជា​មាន​ការ​រួបរួម​នោះ​ទេ៖« រឿង​ដែល​សំខាន់​បំផុត​គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ការ​អញ្ជើញ​ទាំង​អង្គការ​សង្គម​ស៊ីវិល។ បើ​សិន​ជា​មាន​ដំណោះស្រាយ​នយោបាយ​ទៅ​ថ្ងៃ​អនាគត​គឺ​អាច​មក​ជជែក​គ្នា​ដាក់​និយមន័យ​ទាក់ទង​រឿង​សំខាន់ៗ​ឡើងវិញ​ហើយ​ធ្វើ​កិច្ចការ​ហ្នឹង​ជាមួយ​គ្នា​ខ្ញុំ​ថា បញ្ហា​ហ្នឹង​អាច​ដោះស្រាយ​បាន​ប្រសើរ​ជាង​នេះ។ អ្វី​ដែល​ខ្ញុំ​លើកឡើង​នេះ​គ្រាន់តែ​ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ»។

បណ្ឌិត សេង សារី មាន​មតិ​ថា គ្រប់​ភាគី​គួរ​ទុក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ជា​យ័ន្ត​ការពារ​កម្ពុជា ដោយ​មាន​ការ​ទទួល​ស្គាល់ ១៨ប្រទេស ដែល​កិច្ចព្រមព្រៀង​នេះ​ហើយ​ធ្លាប់​បាន​ដើរ​តួនាទី​ដោះ​ស្រាយ​ជម្លោះ​រវាង​ព្រំដែន​ប្រទេស​កម្ពុជា​និង​ថៃ ឆ្នាំ២០០៨ ដែល​នាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ល្អ​នោះ។ ជាង​នេះ​ទៅ​ទៀត កម្ពុជា​ក៏​គួរ​ប្រើប្រាស់​យន្តការ ២៣ តុលា​នេះ ឲ្យ​ជា​ប្រយោជន៍​ទាំង​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​ផង ការពារ​ផល​ប្រយោជន៍​ជាតិ ពិសេស​លើ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹក​ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។