មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ពន្លឿន​នីតិវិធី​ស្វែងរក​ជនល្មើស​ដែល​លប​វាយ​សកម្មជន​នយោបាយ​កន្លង​មក

0:00 / 0:00

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ស្វែងរក​ជនល្មើស​ដែល​លប​ស្ទាក់​វាយ​សកម្មជន​នយោបាយ និង​យុវជន​សង្គម​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​បញ្ចប់​ការសង្ស័យ​របស់​ប្រជាពលរដ្ឋ​។ ការ​ស្នើសុំ​បែបនេះ បន្ទាប់​ពី​ពេល​ថ្មីៗ​នេះ សកម្មជន នយោបាយ​មួយ​ចំនួន ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​ស្ទាក់​វាយ​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​អាជ្ញាធរ​មិនទាន់​អាច​វែកមុខ​ជនល្មើស​យក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ឱ្យ​ដឹង​ថា លោក​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​វែកមុខ​ជន​ដៃដល់​មក​អនុវត្ត​ទោស​បាន​នោះ​ទេ ដោយសារ​លោក​យល់​ថា នេះ​ជា​រៀបចំ​ជា​ប្រព័ន្ធ​របស់​អាជ្ញាធរ​កម្ពុជា។ លោក​បន្ត​ថា សកម្មភាព​នៃ​ការ​វាយឆ្មក់​ជា​ប្រព័ន្ធ​នេះ គឺ​ដើម្បី​គំរាមកំហែង បំបាក់​ស្មារតី​យុវជន​ដែល​ហ៊ាន​ឈឺឆ្អាល​ក្នុង​សង្គម បញ្ឈប់​សកម្មភាព​របស់​ខ្លួន។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ និង​យុវជន​សង្គម ហើយ​ងាក​មក​រក​ការ​គោរព​សិទ្ធិមនុស្ស និង​គោរព​លទ្ធិប្រជាធិបតេយ្យ៖ «ខ្ញុំ​អត់​មាន​ជំនឿ​ទៅលើ​អាជ្ញាធរ និង​តុលាការ​តេឡេ​របស់​របប​ក្រុងភ្នំពេញ​ថា អាច​វែកមុខ​ដើម្បី​ចាប់​ជនល្មើស​ទាំងនោះ ដើម្បី​មក​ផ្ដន្ទាទោស​នោះ​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា ការ​លួច​វាយប្រហារ​នេះ​គឺ​រៀបចំ​ដោយ​របប​ក្រុងភ្នំពេញ ដូច្នេះ​រឿង​អី​គេ​ត្រូវ​ចាប់​គ្នា​គេ​ហ្នឹង​យក​មក​ដាក់គុក ឬក៏​មក​ផ្ដន្ទាទោស ទៅ​តាម​ផ្លូវច្បាប់»។

អំពើ​ហិង្សា លប​វាយ​សកម្មជន​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល កើត​ឡើងជា​ហូរហែ បណ្ដាល​ឱ្យ​សកម្មជន ជាច្រើន​រង​របួស​ធ្ងន់​ស្រាល​។ អ្នក​រង​របួស​ពី​អំពើ​ហិង្សា​ទាំងអស់ មិនទាន់​ទទួល​បាន​យុត្តិធម៌​ទេ ខណៈ​ជនរងគ្រោះ​ខ្លះ ស្លាប់​បាត់​ទៅ​ហើយ ឯ​ជនរងគ្រោះ​ខ្លះ ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទ​ញុះញង់ និង​ខ្លះ​ទៀត ធ្លាក់ខ្លួន ជា​ជន​ពិការ​ក៏​មាន។

លោក គង់ រ៉ៃយ៉ា កាលពី​សប្ដាហ៍​មុន ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់ បាន​ជិះ​ម៉ូតូ​ស្ទាក់​វាយ​ដោយ​ប្រើ​ដែក​តាន់​បំណង​វាយ​ក្បាល​ឱ្យ​របួស ប៉ុន្តែ​រអិល​ត្រូវ​ស្មា និង​ធាក់​ផ្ដួល​ម៉ូតូ​លោក បំណង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ផ្លូវ​២០១១ ជិត​ផ្សារ​ឈូក​មាស រាជធានី​ភ្នំពេញ ខណៈ​​លោក​កំពុង​ដឹក​ទឹកឃ្មុំ​យក​ទៅ​លក់។

ចំណែក សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​ច្បារអំពៅ​ទី​២ រាជធានី​ភ្នំពេញ លោក ជឿន សារឹម កាលពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​ទៅ ក៍​ត្រូវ​ជន​ដៃដល់​ស្ទាក់​វាយ​ដោយ​ដំបង បណ្ដាល​​ឱ្យ​រង​របួស​យ៉ាង​ដំណំ។ សកម្មជន​បក្ស​ប្រឆាំង អស់​ជំនឿ​នឹង​សមត្ថភាព​របស់​សមត្ថ​កិច្ច និង​តុលាការ​ខ្មែរ ហើយ​ងាក​ទៅ​ស្វែងរក​អង្គការ​សិទ្ធិមនុស្ស​ជួយ​អន្តរាគមន៍​ដើម្បី​ផ្ដល់​ការ​ការពារ​សុវត្ថិភាព។

សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា អតីត​អ្នក​ទោស​នយោបាយ​មួយ​ចំនួន បាន​នាំគ្នា​ដាក់ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​ឧត្តមស្នងការ អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឱ្យ​ជួយ​អន្តរាគមន៍ រឿង​សុវត្ថិភាព​របស់​ពួកគាត់ ក្រោយ​រង​ការ​គំរាមកំហែង​ពី​ជន​មិន​ស្គាល់​មុខ និង​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ប្រសិនបើ​សមត្ថកិច្ច​មិន​អាច​វែកមុខ​រក​ជនល្មើស​មក​បាន​ផ្ដន្ទាទោស​បានទេ នោះ​នឹង​បង្កើត​ការសង្ស័យ​ដល់​ប្រជាពលរដ្ឋ​ថា ករណី​ហិង្សា​បង្ក​របួស​នេះ​ជា​រឿង​នយោបាយ និង​ធ្វើ​ឱ្យ​ពួកគេ​អស់​ជំនឿ​លើ​រដ្ឋាភិបាល​។ លោក​បន្ត​ថា ការស៊ើបអង្កេត​យឺតយ៉ាវ នឹង​បង្ក​ជា​ក្តី​បារម្ភ​ដល់​សកម្មជន​នយោបាយ យុវជន​សង្គម និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត ដោយ​បង្ហាញ​ពី​អសន្តិសុខ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ភាព​អយុត្តិធម៌​ដល់​ជនរងគ្រោះ​ផង​ដែរ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ គួរ​ពន្លឿ​ន​ការស៊ើបអង្កេត និង​ចាប់​យក​ជន​ដៃដល់​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ឆាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​បញ្ចប់​ការ​សង្ស័យ​ដល់​ប្រជាពលរដ្ឋ៖ «រឿង​សំខាន់​បំផុត​នោះ ដើម្បី​កុំ​ឱ្យ​មានការ​ចោទប្រកាន់​ថា រឿង​ហ្នឹង​ជា​រឿង​នយោបាយ ឬក៏​ជា​រឿង​មាន​អ្នក​នៅ​ពីក្រោយ អ្នក​មាននៅ​ពី​ស្អី​ហ្នឹង ខ្ញុំ​គិត​ថា មានតែ​សមត្ថកិច្ច​ទេ ដែល​ខិតខំ​រក​ជនល្មើស​ឱ្យ​ឃើញ​មក ជន​ដៃដល់​ឱ្យ​ឃើញ​មក ហើយ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ទៅ នោះ​វា​នឹង​ធ្វើ​ឱ្យ​មហាជន​គេ​អស់​មន្ទិលសង្ស័យ ហើយក៏​គេ​មាន​ជំនឿ​ទៅលើ​សមត្ថកិច្ច​ដែរ ប៉ុន្តែ​បើសិនជា​រឿង​ហ្នឹង​មិន​អាច​រក​ឃើញ​ទេ អាហ្នឹង​គេ​ហាក់បីដូចជា​អស់ហើយ អស់​ជំនឿ​ហើយ​។ មួយ​ដំណាក់កាល​ទៅៗ ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​អស់​ជំនឿ​ទៅលើ​សមត្ថកិច្ច​ក្នុង​ការ​រក្សា​បាន​នូវ​សន្តិសុខ​សម្រាប់​ពលរដ្ឋ​ទូទៅ»។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សាន សុខសីហា បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ករណី​លួច​វ៉ៃ​សកម្ម​បក្ស​ប្រឆាំង និង​យុវជន ដោយ​មិន​ទុក​ករណី​នេះ​ចោល​នោះ​ទេ៖ «ខណៈ​ហ្នឹង គឺថា​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​បន្ត​ហើយ ជំនាញ​កំពុង​ធ្វើ​ការ អ៊ីចឹង​ខ្ញុំ​ឃើញ​ថា គាត់​សួរ​មក​ដដែលៗ​ទាក់ទង​បញ្ហា​ហ្នឹង​។ ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា សមត្ថកិច្ច​ជំនាញ​គឺ​ធ្វើការ​តាម​ជំនាញ ចុះ​ស្រាវជ្រាវ​ជាក់ស្ដែង ហើយក៏​យើង​មិនដែល​បាន​ទុកចោល​ទេ​កិច្ចការ​នេះ​ដែរ»។

គិត​មកដល់ពេលនេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០​នាក់​ហើយ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ឱ្យ​រង​របួស​រហូត​អ្នកខ្លះ​ធ្លាក់ខ្លួន​ពិការ​។ ករណី​ភាគច្រើន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ហើយ​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ ឬក៏​ចាប់ខ្លួន​ឱ្យ​មក​ទទួលទោស​នោះ​ទេ​។ ករណី​ហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព លួច​វាយ​ជនរងគ្រោះ​ពីក្រោយ​ខ្នង ហើយ​ប្រើ​ដំបង​ដែក​វាយ​សំដៅ​ក្បាល​របស់​ជនរងគ្រោះ។ ទោះជា​អាជ្ញាធរ​អះអាង​បែបនេះ​ក្តី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិនទាន់​បង្ហាញមុខ​ជន​ដៃដល់​ណា​ម្នាក់​ដែល​បង្ក​ហិង្សា​ឱ្យ​របួស​លើ​សកម្មជន​នយោបាយ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។