សមាជិកជាប់ឆ្នោតគណបក្សប្រឆាំងស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់ការសាងសង់ ឬវាយកម្ទេចស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅលើទឹកដីខ្មែរចោល ដោយលើកឡើងថា ស្ដូបនេះជាបង្ហាញពីការឈ្លានពានរបស់វៀតណាមលើទឹកដីកម្ពុជា។ ទោះយ៉ាងណា មន្ត្រីគណបក្សកាន់អំណាចថា ស្តូបនេះបង្ហាញពីប្រវត្តិដែលវៀតណាមជួយកម្ពុជាហើយថា បើមន្ត្រីបក្សប្រឆាំងចង់កម្ទេចស្តូបនេះចោល អាចសាកល្បងចូលមកបាន។
មន្ត្រីបក្សប្រឆាំងលោក អ៊ុំ សំអាន ថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមជាង ២០ នៅលើទឹកដីកម្ពុជាគួរប្ដូរ ឬដាក់ជំនួសនូវរូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាក់អតីតមេទ័ព វីរៈបុរសខ្មែរ និងរូបវិមានឯករាជ្យវិញជាការល្អជាង។ លោកថា ក្នុងដំណាក់កាលនេះហើយ កម្ពុជាមិនត្រូវអនុញ្ញាតឱ្យមានការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមទៀតទេ៖ «យើងសូមអំពាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ហ្នឹងឈប់សាងសង់ស្ដូបយួន ( វៀតណាម ) បន្តទៀតទៅ ហើយស្តូបយួនដែលមានប៉ុន្មានគួរតែវាយចោល ឬក៏កែច្នៃយ៉ាងម៉េចវាល្អជាង ព្រោះកាលណានៅតែសាងសង់នៅតែដឹងគុណគឺខ្មែរនៅតែជំពាក់គុណយួនមិនចេះចប់ ហើយទឹកដីខ្មែរកាន់តែរួញទៅៗ»។
សមាជិកគណបក្សសង្គ្រោះជាតិរូបនេះថា ករណីរដ្ឋាភិបាលលោក ហ៊ុន សែន បន្តអនុញ្ញាតឱ្យសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមគឺជាការបង្ហាញថា រដ្ឋាភិបាលនៅតែរណបវៀតណាមនិងអាចធ្វើឱ្យខាតបង់ក្នុងការបោះបង្គោលព្រំដែន និងខាតប្រយោជន៍ជាតិផ្សេងទៀត។
ប្រតិកម្មបែបនេះ ក្រោយពេលរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាមទី២២នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅ។ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បង្ហោះសារនៅលើហ្វេសប៊ុកផេករបស់ខ្លួនឱ្យដឹងថា វិមានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំនេះ បានសាងសង់ក្នុងបរិវេណសួនច្បារដែលមានទំហំ៤ហិកតារនៅជិតមជ្ឈមណ្ឌលរដ្ឋបាលថ្មីរបស់ខេត្ត។ ស្ដូបនេះគឺជាវិមានទី២២ ដែលបានបើកការដ្ឋានសាងសង់នៅប្រទេសកម្ពុជា។ ស្ថានទូតវៀតណាមលើកឡើងទៀតថា ការសាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាមក្នុងគោលបំណងរម្លឹកដល់គុណូបការៈដ៏មហិមារបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងរំដោះជាតិកម្ពុជាដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីការចំណាយថវិកាសាងសង់និងប្រភពថវិកាដែលត្រូវចំណាយ ប៉ុន្តែអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ មិនលើកទូរស័ព្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា ការសង់សងស្តូបនេះ កន្លងមកបានពីសប្បុរសជន ថវិការដ្ឋ និងថវិការបស់ប្រទេសវៀតណាម ប៉ុន្តែចំពោះការថវិកាសម្រាប់សាងសង់ស្តូបនៅខេត្តត្បូងឃ្មុំនេះលោកមិនដឹងច្បាស់បានប្រភពខាងពីណាខ្លះទេ។ អ្នកនាំពាក្យបក្សកាន់អំណាចដដែល ឆ្លើយតបទៅនឹងការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងថា មតិមន្ត្រីគណបក្សប្រឆាំងតែងតែជំទាស់នូវអ្វីដែលគណបក្សកាន់អំណាចបានធ្វើ និងកសាង។ លោក សុខ ឥសាន នៅតែអះអាងថា ស្ដូបនេះជាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រដែលកងទ័ពវៀតណាមនិងកម្លាំងរណសិរ្សបានរំដោះប្រជាជន និងប្រទេសកម្ពុជារួចរស់ជីវិតពីឆ្នាំ១៩៧៩ និងមកដល់សព្វថ្ងៃនេះ៖ «បើថា អ៊ុំ សំអាន ចង់វាយឱ្យគាត់មកវាយខ្លួនឯងសាកមើលទៅដឹងហើយថា មានប្រតិកម្មពីប្រជាជនយ៉ាងម៉េច ?»។
ទោះយ៉ាងណា ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក និងអ្នកនិយមប្រជាធិបតេយ្យយល់ថា បើកម្ពុជានៅតែបន្តដឹងគុណវៀតណាមតាមរយៈថ្ងៃ៧មករា ឬការសាងសង់ស្តូបនេះបន្តទៀតវាសនាកម្ពុជានឹងមិនខុសពីកម្ពុជាក្រោមឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី យល់ថា ថ្វីដ្បិតភាគីរដ្ឋាភិបាលលើកឡើងពីគុណសម្បត្តិនៃការសាងសង់ស្តូបនេះក្តី ប៉ុន្តែលោកក៏សង្កេតឃើញថា មានពលរដ្ឋមិនតិចជាងកន្លះប្រទេសនោះទេ ដែលបង្ហាញការមិនគាំទ្រ។ លោកលើកឡើងថា ការសាងសង់ស្តូបនេះនៅតាមបណ្ដាខេត្តមួយចំនួនអាចបាត់បង់អត្តសញ្ញាណនៅក្នុងខេត្តរបស់កម្ពុជា៖ «បំភ័ន្តនូវអត្តសញ្ញាណរបស់ខេត្តនីមួយៗដូចករណីជាក់ស្ដែងនៅខេត្តកំពង់ធំស្តូបវៀតណាម នៅពីមុខរូបខេត្តនេះគឺដំរីជាន់ខ្លា ដែលអ្នកកំពង់ធំតែងនិយាយថា ជាអត្តសញ្ញាណរបស់ខ្លួន»។
ស្ថានទូតវៀតណាមប្រចាំកម្ពុជាឱ្យដឹងថា សព្វថ្ងៃស្តូបចំនួន១៧វិមានបានសម្ពោធរួចជាស្រេច ចំណែកស្ដូប០៤ផ្សេងទៀត នៅខេត្តប៉ៃលិន ព្រៃវែង កំពង់ស្ពឺ និងឧត្តរមានជ័យគ្រោងបើកការដ្ឋានសាងសង់ចុងឆ្នាំនេះ។
កាលពីចុងឆ្នាំ២០១៧ សារព័ត៌មានវៀតណាមបានចុះផ្សាយថា រដ្ឋាភិបាលវៀតណាម បានចំណាយប្រាក់ ៧លាន ៨សែនដុល្លារដើម្បីជួសជុលស្តូបមិត្តភាពកម្ពុជា-វៀតណាមចំនួន ១៧ស្ដូបនៅតាមបណ្ដាខេត្ត/ក្រុងមួយចំនួន។ តាមគម្រោងរដ្ឋាភិបាលលោក ហ៊ុន សែន យល់ព្រមឱ្យមានការសាងសង់ស្តូបនេះគ្រប់២៥រាជធានី/ខេត្តនៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។