គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​សមាជ​មហាជន​នៅ​ទីក្រុង​ប៉ារីស៍ ដើម្បី​រួបរួម​សាមគ្គី​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី២២ ខែមីនា​ខាង​មុខ នឹង​រៀបចំ​សមាជ​មហាជន​នៅ​ទីក្រុង​ប៉ារីស៍ ប្រទេស​បារាំង ដើម្បី​លើក​កម្ពស់​ការ​រួបរួម​សាមគ្គី​គ្នា​នៃ​អ្នក​គាំទ្រ​មក​ពី​បណ្ដា​ប្រទេស​ទូទាំង​ពិភព​លោក ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​ត្រកូល ហ៊ុន និង​ ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ឡើង​វិញ។ រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា គ្មាន​អ្វី ដែល​រដ្ឋាភិបាល​ចាប់​អារម្មណ៍ និង​ភ័យ​ខ្លាច ចំពោះ​សកម្មភាព​នៅ​ក្រៅ​ប្រទេស របស់​គណបក្សប្រឆាំង​ នោះ​ទេ ព្រោះ​លោក​ថា នេះ​គ្រាន់​តែ​ដើម្បី​ល្អ​មើល​ប៉ុណ្ណោះ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី នៅ​ថ្ងៃ​ទី២៧ កុម្ភៈ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក អំពាវនាវ​ឱ្យ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ និង​សមាជិក​អ្នក​គាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​នៅ​ក្រៅ​ប្រទេស ដែល​គិត​គូរ​ពី​ជោគវាសនា​ប្រទេស​ជាតិ ឱ្យ​ចូល​រួម​​ សមាជ​មហាជន​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉ារីស៍​ប្រទេស​បារាំង។ លោក​បញ្ជាក់​ថា គណបក្ស​នេះ នៅ​តែ​រស់​រវើក​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់​រូប ដូច​នេះ មិន​ថា អ្នក​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​អ្នក​តាម​ដាន​កម្លាំង​ផ្ការីក ​នៅ​កម្ពុជា ត្រូវ​តែ​ចូល​រួម​ឱ្យ​បាន​ច្រើន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ កុម្ភៈ​ថា សមាជ​មហាជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ធ្វើ​ឡើង​ទៅ​ប្រទេស​បារាំង​នេះ រំពឹង​ថា នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៣០០នាក់ មក​ពី​តំបន់​អឺរ៉ុប ដូច​ជា សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា និង​ប្រទេស​អាល្លឺម៉ង់​ជា​ដើម។ លោក​ថា កម្មវិធី​នេះ ធ្វើ​ឡើង​ដើម្បី​ជួប​ជុំ​អ្នក​ប្រជាធិបតេយ្យ និង​តំណាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ នៅ​លើ​ពិភពលោក ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី និង​លើក​កម្ពស់​ការ​ចូល​រួម​សាមគ្គី​គ្នា ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​ត្រកូល ហ៊ុន និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ នៅ​ពេល​ខាង​មុន។

លោក អ៊ុំ សំអាន៖«បន្ទាប់ពី​សមាជ​ហើយ យើង​នឹង​ធ្វើ​អី​ទៀត សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ តើ​យើង​ដាក់​គោលដៅ​យើង​យ៉ាង​ណា​ឱ្យ​មាន​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន ជា​ពិសេស ស្ដារ​ប្រជាធិបតេយ្យ ប្ដូរ​របប​ផ្ដាច់ការ​នៅ​កម្ពុជា​ចេញ។ ជា​ពិសេស ប្ដូរ​ត្រកូល ហ៊ុន ចេញ​ពី​អំណាច​ទើប​កម្ពុជា​ទទួល​បាន នូវ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ»។

បន្ថែម​ពី​នោះ តំណាង​រាស្ត្រ​រូប​នេះ​លើក​ឡើង​ថា បើ​ទោះ​ជា​បច្ចុប្បន្ន​ មេដឹកនាំ​បក្ស​កាន់​អំណាច គឺ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ហាក់​មិន​ញញើត​ដៃ ក្នុង​ការ​បង្ក្រាប​ចាប់ចង​ បំបែក​ និង​សម្លាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ស្នេហាជាតិ​ក្ដី ប៉ុន្តែ អ្នក​នយោបាយ ដែល​ស្រឡាញ់​ជាតិ នៅ​តែ​បន្ត​បេសកកម្ម​រឹងមាំ តស៊ូ ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា។ លោក​បន្ត​ថា សព្វ​ថ្ងៃ​ពលរដ្ឋ​នៅ​ក្នុងស្រុក​ភាគ​ច្រើន ស្អប់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​បង្កើត​នូវ​អំពើ​អយុត្តិធម៌ ប្លន់​យក​ដីធ្លី​ពលរដ្ឋ និង​អសមត្ថភាព​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ជូន​ពលរដ្ឋ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ក្លាយ​ជា​ទាសករ នៃ​បំណុល។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ​ថា សមាជ​មហាជន​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នេះ រដ្ឋាភិបាល​គ្មាន​ចាប់​អារម្មណ៍ និង​ភ័យ​ខ្លាច​នោះ​ទេ ព្រោះ​លោក​ថា បច្ចុប្បន្ន​បក្ស​ប្រឆាំង​ទាំង​នោះ បាន​ត្រឹម​តែ​ស្រែក ដើម្បី​កុំ​ឱ្យ​ស្ងាត់​ប៉ុណ្ណោះ។ លោក​ថា បក្ស​កាន់​អំណាច​ពុំ​ដែល​ភ័យ​ខ្លាច​ក្នុង​ ការ​ប្រកួត​ប្រជែង​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​ត្រឹម​ត្រូវ​ឡើយ។

លោក សុខ ឥសាន្ត៖«រឿង​នេះ​វា​គ្មាន​អ្វី​ពី​ការ​លើកឡើង ទី១ កុំ​ឱ្យ​គេ​ថា​អត់​ការងារ​ធ្វើ។ ទី២ ដើម្បី​លៃលក​ពេល​វេលា រៃអង្គាស​លុយ​តែ​ប៉ុណ្ណោះ។ ប្រហែល​ជា​គាត់​អស់​លុយ​ចាយ​ហើយ​ តាម​មើល​។ អ៊ីចឹង​គាត់​បែក​គំនិត ដើម្បី​លើក​ឡើង​បញ្ហា​សារ​ថ្មី​ម្ដង​ទៀត ដើម្បី​រៃ​លុយ​ពី​បង​ប្អូន​ខ្មែរ នៅ​ក្រៅ​ប្រទេស»។

ទោះ​ជា​យ៉ាង​ណា​ក្ដី កាល​ពី​ថ្ងៃ​ទី២៦ កុម្ភៈ អង្គការ Freedom House បាន​រក​ឃើញ​ថា សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​ពិន្ទុ​សេរីភាព​ត្រឹម​តែ ២៣ ក្នុង​ចំណោម​ពិន្ទុ ១០០។ ករណី​នេះ ដោយ​សារ​តែ​គេ​រក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា សេរីភាព​ក្នុង​ការ​ចូល​រួម​​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ត្រឹម​ត្រូវ ​របស់​គណបក្ស​ប្រឆាំង រង​ការ​គាបសង្កត់ ​និង​រឹតត្បិត​ធ្ងន់ធ្ងរ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​ភាគ​ច្រើន​បន្ត រង​ការ​គំរាម​កំហែង​គ្រប់ រូប​ភាព​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។ ក្នុង​នោះ សារព័ត៌មាន​ឯករាជ្យ​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស និង​ក្រុម​បាតុករ​ភាគ​ច្រើន​រង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្រោម​ហេតុផល​នយោបាយ ដែល​បម្រើ​មហិច្ឆតា​បក្ស​ប្រជាជន​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ លោក វ៉ន់ ចាន់ឡូត យល់​ថា ការ​រៀបចំ​សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​នេះ គឺ​ជា​រឿង​ល្អ ដើម្បី​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដើម្បី​សាមគ្គី​គ្នា​ឡើង​វិញ។ លោក​រំលឹក​ថា ចាប់​តាំងពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ២០១៧ មក គណបក្ស​ប្រឆាំង​ដ៏​ធំ ដែល​អាច​ឆក់​យក​បេះដូង​ប្រជាពលរដ្ឋ​រាប់​បាន​លាន​នាក់ គឺ​ក្រោម​ឈ្មោះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ មិន​គួរ​ទុក​ឱ្យ​ឈ្មោះ​នេះ ស្ងប់​ស្ងាត់​នោះ​ទេ។ លោក​បន្ត​ថា ដើម្បី​បន្ត​បេសកកម្ម​ឆ្ពោះ​ទៅ​មុន​រឹងមាំ មេ​ដឹកនាំ​បក្ស​គួរតែ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី និង​បន្ត​ធ្វើ​សកម្មភាព​ឱ្យ​បាន​ទៀងទាត់​នៅ​មូលដ្ឋាន ក្រោម​រូប​ភាព​គណបក្ស​សង្គ្រោះ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ និង​ពលរដ្ឋ​ ងាយស្រួល​ ក្នុង​ការ​តាម​ដាន។

លោក វ៉ន់ ចាន់ឡូត៖«រៀបចំ​​ព្យាបាល​ឡើង​វិញ​នូវ​អ្វី​ដែល​បាក់បែក បន្ទាប់​ពី​មានការ​រំលាយ​កាលពី​ចុង​ឆ្នាំ២០១៧ ហ្នឹង។ គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ព្យាបាល​បាក់បែក​ ឬ​ការ​បែក​ខ្ញែក​គ្នា ការ​ប្រេះស្រាំ​ គឺ​ត្រូវ​ព្យាបាល​ឡើង​វិញ ហើយ​ត្រូវ​រៀបចំ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ឱ្យ​ជាក់លាក់។ សំខាន់​ជំរុញ​ឱ្យ​មាន​នូវ​សកម្មភាព​ទៀងទាត់ និង​ឱ្យ​បាន​សកម្ម»។

តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ តាម​បំណង​របស់​ អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន​ ដោយ​ចោទ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ គឺ​លោក កឹម សុខា ថា ក្បត់​ជាតិ។ តុលាការ​កំពូល​ក៏​បាន​ហាម​ឃាត់​សិទ្ធិ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ចំនួន ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។ បច្ចុប្បន្ន លោក កឹម សុខា កំពុង​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​របស់​លោក ក្រោយ​ពី​តុលាការ​បាន​ផ្ដន្ទាទោស ឱ្យ​ជាប់​ពន្ធនាគារ ២៧ឆ្នាំ និង​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​​​​អស់​មួយ​ជីវិត កាល​ពី​ខែមីនា ឆ្នាំ២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។