គណបក្សសង្គ្រោះជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរបបក្រុងភ្នំពេញដែលបានចាប់ខ្លួនយុវជនពីរនាក់ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងសម្ដែងការដឹងគុណចំពោះបណ្ឌិត កែម ឡី។ គណបក្សនេះក៏បានថ្កោលទោស ចំពោះទង្វើរារាំងរបស់អាជ្ញាធរមិនឱ្យក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដាក់កម្រងផ្កានៅមុខ ស្តារម៉ាត (Star Mart) ស្តុបបូកគោ ក្នុងថ្ងៃខួប ៣ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី នោះផងដែរ។
គណបក្សសង្គ្រោះជាតិទាមទាររបបលោក ហ៊ុន សែន ឱ្យដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
គណបក្សនេះបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១១ កក្កដាថា ទង្វើរបស់អាជ្ញាធរទៅលើយុវជនទាំងពីររូប និងទៅលើក្រុមអង្គការសង្គមស៊ីវិលនោះ សបញ្ជាក់ឱ្យឃើញថា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានធ្វើពុតជាមានចិត្តសប្បុរស ផ្ដល់ថវិកាជួយសាងសង់ចេតិយបណ្ឌិត កែម ឡី និងចូលបច្ច័យបុណ្យខួប ១ឆ្នាំរបស់លោក ដើម្បីបិទបាំង និងលុបលាងអំពើអាក្រក់របស់ខ្លួន និងបក្ខពួក ចំពោះករណីឃាតកម្មក៏កក្រើកមួយនេះ។
គណបក្សប្រឆាំងបានអំពាវនាវឱ្យរបប ហ៊ុន សែន បញ្ឈប់ការប្រើប្រាស់កងកម្លាំង ដើម្បីរារាំង បង្ក្រាប និងចាប់ចង ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអ្នកស្រឡាញ់គាំទ្របណ្ឌិត កែម ឡី ដែលគ្រាន់តែសម្ដែងមតិ ការនឹករឭក និងការគោរពចំពោះវីរភាព និងវិញ្ញាណក្ខន្ធរបស់បណ្ឌិត កែម ឡី ក្នុងរូបភាពបែបនេះតទៅទៀត។ ជំនួសមកវិញ របបនេះ ត្រូវស៊ើបអង្កេតដោយឯករាជ្យ ដើម្បីវែកមុខចាប់ឃាតកពិត និងអ្នកនៅពីក្រោយខ្នងឃាតកម្មនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា គណបក្សសង្គ្រោះជាតិគួរតែទុករឿងនេះឱ្យតុលាការជាអ្នកដោះស្រាយ ពីព្រោះសមត្ថកិច្ចពិនិត្យឃើញមានបទល្មើស ទើបឃាត់ខ្លួនយុវជនទាំងពីររូបនេះ។ លោកបន្តថា ប្រសិនបើចង់ជួយដល់អ្នកទាំងពីរមែន គណបក្សនេះគួរតែផ្ដល់ជំនួយផ្នែកច្បាប់ដល់ពួកគេដើម្បីតតាំងក្តីតាមផ្លូវតុលាការ។
ទាក់ទងនឹងដំណើរការរកយុត្តិធម៌វិញ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះ កំពុងស្ថិតក្នុងដៃតុលាការនៅឡើយ មិនទាន់បិទបញ្ចប់នោះទេ៖ «ទុកឱ្យស្ថាប័នតុលាការហ្នឹងធ្វើការ ប្រសិនបើគេរកទៅថា មិនមានបទល្មើសកើតឡើងទេ មិនមានធាតុផ្សំនៃបទល្មើសទេ គេនឹងដោះលែងមកវិញហើយ។ ហើយប្រសិនបើគេឃើញថា មានបទល្មើស រួចដំណើរការនីតិវិធី អតីតគណបក្សសង្គ្រោះជាតិគួរតែជួយគ្នាតាមរយៈការផ្ដល់ជំនួយផ្នែកច្បាប់ ចូលរួមក្នុងដំណើរការនីតិវិធី ដើម្បីការពារយុវជនដែលជាសកម្មជនរបស់ខ្លួនជាការប្រសើរជាង»។
សកម្មជនសង្គមលោក គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមួយថ្ងៃ មុនថ្ងៃខួបគម្រប់៣ ឆ្នាំបណ្ឌិត កែម ឡី បន្ទាប់ពីលោកបានប្រកាសលក់អាវយឺតដែលមានរូបបណ្ឌិត កែម ឡី និងប្រសាសន៍របស់លោកថា “បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ”។ ចំណែក សកម្មជនសង្គមមួយរូបទៀត គឺលោក សួង នាគព័ន្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលលោកទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅទីតាំង ស្តារម៉ាត កាល់តិច (Star Mart Caltex) ស្តុបបូកគោ ដោយរងការចោទថា បានចែកខិត្តប័ណ្ណញុះញង់ពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី។
តុលាការនៅថ្ងៃទី១១ កក្កដា បានចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍” ហើយយុវជន សួង នាគព័ន្ធ ក៏ទំនងជាត្រូវបានចោទប្រកាន់ពីបទញុះញង់នេះដូចគ្នា។
ក្រុមអង្គការសង្គមស៊ីវិលបានចាត់ទុកចំណាត់ការលើសកម្មជនទាំងពីររូបនេះ ថាជាការរំលោភសិទ្ធិមនុស្ស និងជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ពួកគេបានស្នើឱ្យរបប ហ៊ុន សែន គោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋដែលធានាដោយច្បាប់ ហើយជាពិសេសដោះលែងយុវជនទាំងពីររូបឱ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។