សមត្ថកិច្ចខេត្តកំពត បាននាំខ្លួនសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត និងជាអនុប្រធានប្រតិបត្តិបក្សប្រឆាំងស្រុកឈូក លោក នុត ពេជ ទៅបន្តនីតិវិធីស៊ើបសួរនៅសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ សីហា។ ក្រោយការសាកសួរប្រហែល ១ម៉ោង ក្រុមសមត្ថកិច្ចចម្រុះបាននាំគ្នាទៅឡោមព័ទ្ធ និងឡើងឆែកឆេរផ្ទះរបស់សកម្មជនបក្សប្រឆាំងរូបនេះទៀតផង។
សាច់ញាតិរបស់ លោក នុត ពេជ ម្នាក់ ឱ្យអាស៊ីសេរីដឹងថា សមត្ថកិច្ចប្រហែល៤០នាក់ បានជិះឡានទៅឡោមព័ទ្ធ និងឆែកឆេរផ្ទះ លោក នុត ពេជ នៅភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក នៅម៉ោងប្រមាណ១១កន្លះ ថ្ងៃទី១៨ សីហា។ សមត្ថកិច្ចប្រាប់អ្នកផ្ទះរបស់ លោក នុត ពេជ ថា ពួកគេមកឆែកឆេរផ្ទះ ដើម្បីរកឯកសារភស្តុតាងបន្ថែមទាក់ទងនឹងបទចោទប្រកាន់របស់តុលាការលើលោក នុត ពេជ។
សាច់ញាតិបន្តថា ក្រោយការឆែកឆេរជិតមួយម៉ោង សមត្ថកិច្ចរកមិនឃើញ ឯកសារបទល្មើសទេ តែសមត្ថកិច្ចបានគំរាមកូនប្រុសច្បងរបស់លោក នុត ពេជ ឱ្យប្រគល់ទូរស័ព្ទដៃលោក នុត ពេជ ឱ្យសមត្ថកិច្ច។ កូនប្រុសរបស់លោក នុត ពេជ ប្រាប់សមត្ថកិច្ចថា លោកមិនបានដឹងពីទូរស័ព្ទរបស់ឪពុកនៅទីណាទេ។ សាច់ញាតិដដែលឱ្យដឹងទៀតថា មកដល់ពេលនេះ ប្រពន្ធ និងកូនៗ របស់លោក នុត ពេជ កំពុងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៖ «គាត់គំរាមថា ត្រូវតែយកទូរស័ព្ទឱ្យអ៊ីចឹងណា។ បាទ ! តែអ្វីដែលជាក់ស្ដែងឥឡូវអត់ដឹងថា ទូរស័ព្ទហ្នឹងនៅទីណាឱ្យពិតប្រាកដអ៊ីចឹងណា ព្រោះ កាលដែលចាប់ខ្លួនគាត់ហ្នឹង គឺកំពុងតែនៅវាលស្រែ គាត់កំពុងតែលើកភ្លឺស្រែ»។
សមត្ថកិច្ចខេត្តកំពត បានចុះទៅឡោមព័ទ្ធចាប់ខ្លួនអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំស្រុកឈូក និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកឈូក លោក នុត ពេជ អាយុ ៦៤ឆ្នាំ ពីក្នុងវាលស្រែ ពេលលោកកំពុងស្ទូងស្រូវ និងលើកភ្លឺស្រែ កាលពីថ្ងៃទី១៧ សីហា។ ចៅក្រមស៊ើបសួរតុលាការខេត្តកំពត លោក អ៊ី ឃាង ចោទប្រកាន់សមាជិកបក្សប្រឆាំងរូបនេះ ពីបទប្រឆាំងសាលដីកាតុលាការកំពូល និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ ប្រព្រឹត្តទៅកាលពីខែមេសា និងខែឧសភា នៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពត លោក ខាន់ សុផល និងអ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរ៉េត ប្រាប់ថា ពួកលោកសុទ្ធតែមិនបាននៅប្រចាំការថ្ងៃអាទិត្យ ដូច្នេះពួកលោកមិនដឹងពីករណីនេះទេ។ ចំណែកព្រះរាជអាជ្ញារងម្នាក់ ដែលនៅប្រចាំការថ្ងៃអាទិត្យ ប្រាប់អាស៊ីសេរីថា លោកមិនអាចផ្ដល់ព័ត៌មានបានទេ ដោយសារលោកមិនមែនជាអ្នកនាំពាក្យ។ លោក នុត ពេជ គឺជាមនុស្សទី១៥ ដែលត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន ដាក់ពន្ធនាគារ ក្នុងយុទ្ធនាការបង្ក្រាបសកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន នៅឆ្នាំ២០១៩ នេះ។ សមាជិកបក្សប្រឆាំង ដែលត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន មាននៅខេត្តស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះសីហនុ និងខេត្តកំពត។ ដោយឡែកសកម្មជនបក្សប្រឆាំងជាង១៤០ នាក់ ផ្សេងទៀតនៅកន្លែងដទៃ ក៏ត្រូវបានអាជ្ញាធរ កោះហៅឱ្យចូលខ្លួន និងចេញដីកាសាកសួរ ជាបន្តបន្ទាប់ដែរ គ្រាន់តែមិនបានចាប់ខ្លួនដាក់ពន្ធនាគារប៉ុណ្ណោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា បើទោះជាសមាជិកបក្សប្រឆាំងថ្លែងសារនយោបាយ ឬគាំទ្រអ្នកនយោបាយណាក៏ដោយ ក៏នេះជាសិទ្ធិរបស់ពលរដ្ឋដែរ។ លោកថា លោក នុត ពេជ មិនគួរត្រូវបានចោទប្រកាន់ និងចាប់ខ្លួនទេ ព្រោះសកម្មភាពរបស់គាត់ មិនបាន ប៉ះពាល់ដល់បុគ្គលណាម្នាក់ឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ការប្រើបទចោទផ្ដេសផ្ដាស លើសមាជិកបក្សប្រឆាំង នឹងនាំឱ្យកេរ្តិ៍ឈ្មោះតុលាការ និងរដ្ឋាភិបាល កាន់តែអាក្រក់៖ «ការប្រើវិធានការបែបនេះ មិនមែនជាវិធានមួយ ដែលធ្វើឱ្យមានភាពល្អប្រសើរនូវស្ថានភាពនយោបាយទេ។ វាផ្ទុយទៅវិញ ការធ្វើបែបនេះ វាធ្វើឱ្យស្ថានភាពនយោបាយកាន់តែធ្ងន់ធ្ងរឡើង ក្នុងពេលដែលប្រទេសលោកសេរី កំពុងដាក់លក្ខខណ្ឌឱ្យកម្ពុជាវិលទៅរកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហ្នឹង»។
កូនប្រុសម្នាក់ របស់លោក នុត ពេជ គឺលោក សន់ ធានី ឱ្យដឹងកាលពីថ្ងៃទី១៧ សីហា ថា ការចាប់ខ្លួនឪពុកលោក អាចដោយសារតែគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ក្រោយមានការរំលាយគណបក្សប្រឆាំងរួចមក។ លោក សន់ ធានី ប្រាប់ថា ឪពុកលោកមិនបានប្រព្រឹត្តិកំហុសអ្វីទេ ហើយក្រោយពេលរំលាយបក្សប្រឆាំង គាត់មិនបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សដទៃឡើយ ដោយសុខចិត្តនៅប្រកបរបរធ្វើស្រែវិញ។
តាំងពីត្រូវបានចាប់ខ្លួនពីវាលស្រែមក លោក នុត ពេជ មិនទាន់បានផ្លាស់ប្ដូរខោអាវស្ទូងស្រូវ ដែលប្រឡាក់ដោយដីភក់នោះនៅឡើយទេ។ សមត្ថកិច្ចខេត្តកំពតបានដាក់ខ្នោះដៃ និងបណ្ដើរលោកដោយគ្មានឱ្យពាក់ស្បែកជើង តាំងពីវាលស្រែ រហូតដល់ក្នុងពន្ធនាគារខេត្ត។ ក្នុងពេលបណ្ដើរ យកទៅសាកសួរនៅសាលាដំបូងខេត្តកំពត លោកក៏ត្រូវបានសមត្ថកិច្ចចាប់កោរសក់ថែមទៀត។ អ្នកការពារសិទ្ធិមនុស្សថា នេះជារូបភាពនៃការធ្វើទារុណកម្មលើជនចាប់ចោទ ដែលជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។