គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ដំណើរវិលត្រឡប់ទៅកម្ពុជាវិញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ ពុំមែនជាការផែនការធ្វើរដ្ឋប្រហារនោះទេ ព្រោះថា ខ្លួនគ្មានអាវុធសូម្បីតែមួយដើម។ ផ្ទុយទៅវិញ ដំណើរវិលត្រឡប់ទៅកម្ពុជាវិញនេះ គឺដើម្បីស្តារប្រជាធិបតេយ្យ តាមរយៈការបង្រួបបង្រួមជាតិឡើងវិញ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយចៅក្រមតុលាការរបបក្រុងភ្នំពេញ កាលពីថ្ងៃទី៣ តុលា បានចេញដីកាតាមចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះចំនួន ៩រូប ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ។
ភ្លាមៗ ក្រោយចៅក្រមតុលាការរបបក្រុងភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនថ្នាក់នាំជាន់ ខ្ពស់គណបក្សនេះចំនួន ៩រូប កាលពីថ្ងៃទី៣ តុលា ម្សិលម៉ិញ ជុំវិញបទឧបឃាត ពាក់ព័ន្ធនឹងអ្វីមួយដែលរបបក្រុងភ្នំពេញហៅថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្រោមលេសនៃផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នោះ គណបក្សសង្គ្រោះជាតិ ប្រកាសទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងនេះ ដោយហៅថា ការចោទប្រកាន់គ្មានការពិត និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ព្រោះខ្លួនពុំមានអាវុធសូម្បីតែមួយដើមនោះឡើយ។ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង ៩រូប ដែលរងបទចោទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងរងការចាប់ខ្លួននេះ រួមមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ អ្នកស្រី ជូឡុង សូម៉ូរ៉ា និងលោក នុត រំដួល។
ក្នុងសេចក្តីថ្លែងការចេញផ្សាយកាលពីថ្ងៃទី៣ តុលា ដែលគណបក្សនេះផ្ញើទៅកាន់អង្គការសហប្រជាជាតិ ប្រទេសពាក់ព័ន្ធ និងស្ថាប័នអង្គការសិទ្ធិមនុស្សអន្តរជាតិនានា គណបក្សសង្គ្រោះជាតិ ពន្យល់ថា ដំណើរវិលត្រឡប់របស់មន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅកម្ពុជាវិញនោះ គឺដោយសារតែពួកគេចង់ឃើញឲ្យមាននូវការផ្សះផ្សាជាតិឡើងវិញ តាមរយៈកិច្ចសន្ទនានយោបាយប្រកបដោយភាពស្មោះត្រង់។ គណបក្សនេះសង្កត់ធ្ងន់ៗ ថា មធ្យោបាយដែលខ្លួនមានតែមួយគត់ដើម្បីសម្រេចបានការផ្លាស់ប្តូរនោះ គឺអំណាចនៃពាក្យសម្តី និងការជឿជាក់។ គណបក្សសង្គ្រោះជាតិថា យើងពុំមានអាវុធសូម្បីតែមួយដើមនោះឡើយ និងថា បេសសកម្មនយោបាយរបស់គណបក្សសង្គ្រោះជាតិ គឺដើម្បីសន្តិភាព និងការបង្រួបបង្រួមជាតិ វិបុលភាព សេចក្តីថ្លៃថ្នូរ និងការឯកភាពជាតិ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅតែបញ្ជាក់ដូចសព្វមួយដងថា ការបោទប្រកាន់ចុងក្រោយពីសំណាក់ប្រព័ន្ធតុលាការនេះ ធ្វើឡើងផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ត្រឹមត្រូវច្បាស់លាស់៖ « ការរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមគ្រប់មធ្យោបាយ បានន័យថា មិនចាំបាច់មានតែការប្រើប្រាស់អាវុធ ឬកងកម្លាំងទ័ពអី ទើបអាចផ្តួលរំលំបាននោះទេ។ តាមគ្រប់មធ្យោបាយនេះ គឺអាចមធ្យោបាយផ្សេងៗ ទៀត តាមរយៈការញុះញ៉ង់ប្រជាពលរដ្ឋអោយបះបោរប្រឆាំងរដ្ឋាភិបាល ការយកលុយទិញទឹកចិត្តកងទ័ព ឲ្យបែរកាណុងមកកាន់រដ្ឋាភិបាល ឲ្យប្រឆាំងអត់ស្តាប់បង្គាប់រដ្ឋាភិបាលហ្នឹង គឺជាមូលដ្ឋានច្បាប់ហើយ»។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ ពន្យល់ថា ខ្លួនអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ឲ្យនៅតែស្មោះត្រង់ក្នុងការការពាររដ្ឋធម្មនុញ្ញ និងព្រំដែនកម្ពុជាជានិច្ច និងថា ខ្លួនមិនដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបើកការបាញ់ប្រហារសម្លាប់ពលរដ្ឋខ្លួនឯង ដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់ធ្វើនោះទេ។ គណបក្សនេះថា ខ្ឡួនមិនជឿលើការធ្វើរដ្ឋប្រហារនោះឡើយ តែជឿលើប្រព័ន្ធរដ្ឋធម្មនុញ្ញនិយម។ គណបក្សនេះថា ខ្លួននៅតែមានភាពស្មោះត្រង់ជាមួយរដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងសន្ធិសញ្ញាអន្តរជាតិនានា ដែលកម្ពុជាត្រូវអនុលោមតាម ហើយថា ខ្លួនជឿជាក់លើយុត្តិធម៌ និងសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៤ តុលាថា គណបក្សសង្គ្រោះជាតិ ជាគណបក្សដែលបង្រួបបង្រួមប្រជាជាតិខ្មែរទាំងមូល ហើយថា ខ្លួនគ្មានអាវុធនៅនឹងដៃនោះឡើយ ហើយគណបក្សសង្គ្រោះជាតិតែងតែអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធការពារជាតិ និងពលរដ្ឋខ្មែរពិតប្រាកដ ជាជាងការពារអំណាចលោក ហ៊ុន សែន និងក្រុមគ្រួសារបក្ខពួកលោកតែឯងនោះ៖ «យើងបាននិយាយច្បាស់ណាស់ សូមឲ្យកងទ័ពមកការពារប្រជាពលរដ្ឋ។ យើងបាននិយាយច្បាស់ណាស់ថា កងទ័ពជាកងទ័ពនៃប្រទេសជាតិ ជាស្ថាប័នឯករាជ្យ។ ដូច្នេះ គ្មានគណបក្សណាមួយ គ្មានបុគ្គលណាមួយ ដែលអាចយកកងទ័ព យកមកការពារផលប្រយោជន៍ខ្លួនទេ។ យើងទុកឲ្យកងទ័ពការពារប្រទេសជាតិ ការពារព្រំដែន ការពារបូរណភាពទឹកដី។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន គាត់ដឹងច្បាស់ណាស់ថា យើងអត់មានកងទ័ពនោះទេ។ កងទ័ពនៅលើដៃគាត់ទាំងអស់។ ផ្ទុយទៅវិញ យើងសូមឲ្យកងទ័ព ជាកងទ័ពជាតិ កុំមកបាញ់សម្លាប់ពលរដ្ឋខ្លួនឯង ឲ្យស្តាប់ប្រជាពលរដ្ឋ មិនមែនស្តាប់ជនផ្តាច់ការនោះទេ»។
គណបក្សសង្គ្រោះជាតិ នៅតែគូសបញ្ជាក់ជាថ្មីថា ខ្លួនចង់ឃើញដំណើរវិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ គឺជាឱកាសធ្វើឲ្យប្រសើរឡើងវិញសម្រាប់ស្ថានភាពកម្ពុជា ក្នុងនោះរួមមានការរក្សាការងារជូនកម្មករកម្មាការិនីក្នុងវិស័យរោងចក្រកាត់ដេរ និងស្បែកជើងចំនួនជាង ៧សែននាក់ តាមរយៈការបញ្ចៀសការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងរបស់សហរដ្ឋអាមេរិក។ គណបក្សនេះសង្កត់ធ្ងន់ៗ ថា ដំណើរវិលត្រឡប់ទៅកម្ពុជាវិញនេះ គឺជាឱកាសដើម្បីបើកឲ្យមាននូវកិច្ចសន្ទនានយោបាយ និងការផ្សះផ្សាជាតិ និងដើម្បីកែប្រែមុខមាត់កម្ពុជា ឲ្យក្លាយជាគំរូនៃសេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ។ គណបក្សនេះជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ ចូលរួមជួយបង្កើតឲ្យមាននូវឱកាសនេះឡើងសម្រាប់កម្ពុជាទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។