ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ពេល​វិល​ចូល​ស្រុក​ពី​ថ្ងៃ​ទី៤ ទៅ​ថ្ងៃ​ទី​១៥ មករា​វិញ

0:00 / 0:00

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​សម្រេច​លើក​ពេល​នៃ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជាលើក​ទី​២​ ពីថ្ងៃ​ទី​៤​ ទៅ​ថ្ងៃទី​១៥ មករា វិញ ​ដើម្បី​រក​ជើង​យន្តហោះ​ថ្មី ខណៈ​ជើង​យន្ត​គ្រោង​មក​ថ្ងៃ​ទី​៤ មករា ខាងមុខ​ត្រូវ​ក្រុមហ៊ុន​ផ្អាក​ដោយ​បញ្ហា​ជំងឺ​កូវីដ-១៩​។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ចំអក​ថា ថ្នាក់ដឹកនាំ​គណបក្ស​មិន​ហ៊ាន​ចូល​ស្រុក​តាម​ការសន្យា​ឡើយ ទើប​បាន​លើក​ពេល​ម្ដង​ហើយ​ម្ដងទៀត។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​ចេញ​នៅ​ថ្ងៃ​ទី២ ខែ​មករា ឱ្យ​ដឹង​ថា ការ​ផ្អាក​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី​៤ នេះ ដោយសារ​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ីវ៉ា អ៊ែវ៉េ (EVA Airways) ផ្អាក​ការហោះហើរ។ ទោះបីជា​យ៉ាងណា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​វិញ តាម​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី (Singapore Airline) ហើយ​បើ​គ្មាន​ការប្រែប្រួល​ទេ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ដល់​​ទីលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មករា វេលា​ម៉ោង ៥​កន្លះ​ល្ងាច។

អ្នកស្រី មូរ សុខហួរ ដែល​ដឹកនាំ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​លើក​ទី​២​នេះ ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុមហ៊ុន​អាកាសចរ អ៊ីវ៉ា អ៊ែវ៉េ ផ្ដល់​ដំណឹង​ដល់​អ្នកស្រី​ថា ក្រុមហ៊ុន​នេះ​ត្រូវ​ផ្អាក​ការហោះហើរ​ពេញ​មួយ​ខែ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​១៩។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​អ្នកស្រី​ជ្រើសរើស​ជើង​យន្តហោះ អ៊ីវ៉ា អ៊ែវ៉េ ព្រោះ​ជើង​យន្តហោះ​នេះ​ពេល​ទៅ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្ងៃ ឬ​ពេលព្រឹក​ដែល​អ្នកស្រី​យល់​ថា ជា​ពេលវេលា​ល្អ​សម្រាប់​អ្នកស្រី ចំណែក​ជើង​ហោះហើរ​ផ្សេងទៀត​ទៅដល់​កម្ពុជា​ក្នុង​ពេលយប់៖ «មាន​ជើង​ហោះហើរ​តិច​ណាស់​ចូល​កម្ពុជា​ក្នុង​ពេល​មាន​កូវីដ​១៩ ខ្ញុំ​នឹង​រក​គ្រប់​លទ្ធភាព​ទាំងអស់​ដែល​នាំ​ខ្ញុំ​ដល់​ប្រទេស​កម្ពុជា»។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​អាច​ចូល​ស្រុក​តាម​ការ​សន្យា។ កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​គណបក្ស​នេះ​មិន​អាច​ចូល​ស្រុក​បាន ដោយ​កាល​នោះ​រដ្ឋាភិបាល​បាន​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ពួកគេ​ចូល​កម្ពុជា និង​ហាម​ប្រទេស​ជិត​កម្ពុជា​មិន​ឱ្យ​ពួកគេ​ឆ្លងកាត់។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចំអក​ថា ការ​មិន​វិល​ចូល​ស្រុក​លើក​នេះ​ប្រហែលជា​មន្ត្រី​បក្ស​ប្រឆាំង​ប្រមូល​លុយ​ទិញ​សំបុត្រ​យន្តហោះ​មិន​បាន​។ លោក​បន្ត​ទៀត​ថា ការ​លើក​ពេល​របស់​គណបក្ស​នេះ​ម្ដង​ហើយ​ម្ដងទៀត​ធ្វើ​ឱ្យ​មហាជន​យល់​ថា ថ្នាក់ដឹកនាំ​គណបក្ស​នេះ​មិន​ហ៊ាន​ចូល​ស្រុក​នោះ​ទេ៖ «និយាយ​ហើយ​ថា អត់​មាន​មក​ទេ ហើយ​ខ្ញុំ​ក៏​និយាយ​ដែរ ថា មក​ស្រុក​ខ្មែរ​នៅ​ក្នុង​អារម្មណ៍​ដូចជា​លោក​ប្រធាន​គាត់​និយាយ​អ៊ីចឹង​ថា ជោគជ័យៗ​គ្រប់​ពេល​ទាំងអស់​តែ​មែនទែន​ទៅ​ជោគជ័យ​នៅ​ក្នុង​អារម្មណ៍»។

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ កំណត់​យក​ថ្ងៃ​ទី៤ មករា​ខាងមុខ​ធ្វើជា​ថ្ងៃ​មាតុភូមិនិវត្តន៍​លើក​ទី​២ ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ និង​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ឡើង​វិញ។

​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ជាច្រើន​នាក់ ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​លើ​សំណុំរឿង "​ឧបឃាត​" បទ "​រួមគំនិត​ក្បត់​" និង​បទ "​ញុះញង់​" ដែល​តុលាការ​គ្រោង​នឹង​ជំនុំជម្រះ​នៅ​ខែ​មករា និង​ខែ​មីនា ឆ្នាំ​២០២១​ខាងមុខ។

​ទាក់ទង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុណ្ណារ៉ា យល់ថា ករណី​ដែល​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​មិន​អាច​ធ្វើតាម​ការ​សន្យា​របស់​ខ្លួន​ធ្វើ​ឱ្យ​តម្លៃ​នយោបាយ ឬ​ប្រជាប្រិយភាព​គណបក្ស​នេះ​ធ្លាក់​ចុះ​។ លោក ឯម សុណ្ណារ៉ា លើកឡើង​ថា ថ្នាក់ដឹកនាំ​គណបក្ស​នេះ​នៅតែ​មិន​អាច​ចូល​ស្រុក​វិញ​បាន​ដដែល​នៅ​ថ្ងៃ​​ទី១៥ មករា​ខាងមុខ៖ «ខ្ញុំ​គិត​ថា ទោះ​គាត់​ (​ អ្នកស្រី មូរ សុខហួរ​ ) ទិញ​សំបុត្រ​យន្តហោះ​ថ្ងៃ​ទី​១៥ មករា ខាងមុខ​ក៏​ទៅ​អត់​រួច​ដែរ ករណី​គាត់​ធ្វើ​ទៅ​បាន​លុះត្រាតែ​គាត់​សុំ​ទិដ្ឋាការ​អ្នក​ដែល​មាន​លិខិតឆ្លងដែន​ពីរ»។

​លោក ឯម សុណ្ណារ៉ា យល់ថា បើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឆន្ទៈ​ក្នុង​ការ​វិល​ចូល​ស្រុក​មែន​នោះ ពួកគេ​នឹង​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​អាច​ចូល​ស្រុក​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។