ក្រុមមនុស្សពេញកម្លាំងសុទ្ធតែប្រុសៗ ជាអ្នកគាំទ្រគណបក្សកាន់អំណាចច្រើនរយនាក់ រួមទាំងប៉ូលិស និងកងរាជអាវុធហត្ថផង បានរាយបណ្ដាក់តាមដងផ្លូវសំខាន់ៗ ដើម្បីរារាំងមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ មិនឱ្យចូលទៅកាន់ស្រុកអន្លង់វែង ដែលជាតំបន់អតីតខ្មែរក្រហមផ្ដាច់ខ្លួនបានទេ នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា។ សកម្មភាពនោះកើតឡើងនៅពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធានគ្រោងនឹងចុះទៅជួបសួរសុខទុក្ខសកម្មជនទីនោះ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ខំចិត្តរំសាយចោលគម្រោងចុះសួរសុខទុក្ខសកម្មជនរបស់ខ្លួនចំនួន ៣កន្លែង ក្នុងខេត្តឧត្តរមានជ័យ ដោយសារតែក្រុមមនុស្ស សុទ្ធតែប្រុសៗ ច្រើនរយនាក់បានរាយបណ្ដាក់នៅតាមព្រៃនិងដងផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់ទីរួមស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ នៅស្ទាក់ចាំ រារាំងរំខាន។
ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តឧត្តរមានជ័យ គឺលោក ឆន សុវណ្ណ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែមិថុនា ថា ចាប់តាំងតែពីម៉ោងជាង ១០ព្រឹក មេដឹកនាំគណបក្សសង្គ្រោះជាតិ បានសម្រេចលុបចោលដំណើរទៅកាន់ខេត្តឧត្តរមានជ័យ៖ «រំសាយទូទាំងខេត្តអស់ហើយ ពីព្រោះនៅព្រៃស្អាត ពួកក្មេងស្ទាវ សុទ្ធតែមានដំបងកាន់នៅនឹងដៃ ហើយយាមតាមព្រៃ ៣-៤គន្លាក់ឯណោះ។ ផ្លូវទៅខាងសំរោង ក៏ដាក់ ៣-៤កន្លែងដែរ យើងខ្លាចមានប្រទូសរ៉ាយដល់ប្រជាជន ឬក៏សកម្មជនរបស់យើង»។
លោក ឆន សុវណ្ណ បញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន មានគម្រោងចុះសួរសុខទុក្ខសកម្មជនចំនួន៣ កន្លែងនៅស្រុកអន្លង់វែង ដែលជាអតីតតំបន់ផ្ដាច់ខ្លួនខ្មែរក្រហម នៅក្នុងទីរួមខេត្តឧត្តរមានជ័យ និងនៅស្រុកបន្ទាយអំពិល ក៏ប៉ុន្តែស្ថានការណ៍មិនអំណោយផលសម្រាប់ការជួបជុំទេ។
នៅឯទីរួមស្រុកអន្លង់វែង ចាប់តាំងតែពីតំបន់ព្រៃស្អាក ជាប់ព្រំប្រទល់គ្នានឹងស្រុកវ៉ារិន ខេត្តសៀមរាប គឺកម្លាំងប៉ូលិសប្រដាប់ដោយអាវុធ ខែល និងដំបង បានរាយបណ្ដាក់ជាច្រើននៅតាមដងផ្លូវ ចំណែកកងរាជអាវុធហត្ថវិញ មានដាក់នៅកន្លែងស្នាក់ការសន្តិសុខលេខ ២០២ ចាំកាក់រថយន្តខ្លះ ដើម្បីត្រួតពិនិត្យ ក្នុងបំណងរឹតបន្តឹងការធ្វើដំណើរចេញចូល ហើយនៅឆ្ងាយពីកន្លែងប៉ូលិស និងកងរាជអាវុធហត្ថប្រហែល ១គីឡូម៉ែត្រ គឺមានមនុស្សជាច្រើនសុទ្ធតែប្រុសៗ ដោយមានដំបង ទង់ជាតិ និងមេក្រូ ចងដាក់លើដំបូលឡានផង ដាក់ពង្រាយតាមមាត់ព្រៃជាប់ដងផ្លូវ ដើម្បីរង់ចាំរារាំងដំណើរសកម្មជនគណបក្សសង្គ្រោះជាតិ។
ក្រុមមនុស្សទាំងនោះបានកាក់រថយន្ត ២គ្រឿង ដែលមានបេក្ខជនតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិចំនួន ៥រូប និងមន្ត្រីគណបក្សចំនួន ៣នាក់ ជិះទៀតផង។ ជាមួយគ្នានោះ ក្រុមមនុស្សចាំរាំងផ្លូវបានសំឡុតគំរាមបេក្ខជនតំណាងរាស្ត្រគណបក្សប្រឆាំង ព្រមទាំងឆែកឆេរយកទ្រព្យសម្បត្តិរបៀបអនាធិបតេយ្យ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលតាកែវ គឺលោក ប៉ុល ហំម មានប្រសាសន៍ថា នៅពេលរូបលោក និងបេក្ខជនតំណាស្ត្រ ៤រូបផ្សេងទៀតមកពីមណ្ឌលកំពង់ចាម មណ្ឌលបាត់ដំបង មណ្ឌលកំពត និងព្រៃវែង បានជិះរថយន្តទៅដល់តំបន់ព្រៃស្អាក ស្រាប់តែក្រុមមនុស្សដែលប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ បានចេញមករាំងផ្លូវ ព្រមទាំងឆែកឆេរយកឧបករណ៍អាយផេត (iPAD) ចំនួន ៥គ្រឿង និងទូរស័ព្ទដៃទំនើបៗ ដែលជារបស់បេក្ខជនតំណាងរាស្ត្រអស់ចំនួន ៨គ្រឿង។
លោក ប៉ុល ហំម៖ «មិនត្រឹមតែមិនឱ្យទៅដាក់របាំងការពារទេ គឺយកឡានដឹកដី១មកដាក់ពីមុខ ហើយនិងដាក់ពីក្រោយទៀត រួចហើយមកទះកញ្ចក់ឡានយើងផាំងៗ ឱ្យចុះ។ ចាប់អូសដៃខ្ញុំទៅកៀនមាត់ព្រៃ ហើយចូលមកឆែកយកទ្រព្យសម្បត្តិរបស់ពួកយើងមាន អាយផេត មានទូរស័ព្ទ មានវែនតា ហើយកាបូបផ្ទាល់ខ្លួនរបស់ខ្ញុំ។ គេថា គេយកទៅឱ្យមេគេ ប៉ុន្តែខ្ញុំសួរមេណា? គេអត់ប្រាប់ទេ ដូច្នេះខ្ញុំមើលទៅឃើញថា របៀបអនាធិបតេយ្យ មិនមានច្បាប់ទម្លាប់អីទេ ប៉ុន្តែការរៀបចំហ្នឹង គឺជាទ្រង់ទ្រាយដែលមានការរៀបចំទុកជាមុន»។
បើទោះបីជាក្រុមមនុស្សបានកាក់រថយន្តបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងឆែកយកទ្រព្យសម្បត្តិក៏ដោយ ក៏កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថដែលដាក់ពង្រាយនៅក្បែរគ្នានោះ មិនបានធ្វើអន្តរាគមន៍ជួយទេ។
ទោះយ៉ាងណា អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី នៅតែមិនទទួលទូរស័ព្ទដើម្បីពន្យល់ជុំវិញរឿងនោះទេ រយៈពេល ២ថ្ងៃមកហើយ។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនោះនៅឡើយ ដូច្នេះលោកមិនអាចអធិប្បាយបានឡើយ៖ «ឮសូរតែអូនឯងផ្សាយព្រឹកមិញហ្នឹង ប៉ុន្តែព័ត៌មានផ្លូវការមិនដឹងយ៉ាងណា បងមិនអាចអធិប្បាយបានទេ។ បងសូមទោស មិនអាចអធិប្បាយបាន»។
ចាប់តាំងតែពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា ក្រុមមនុស្សដែលគាំទ្រគណបក្សកាន់អំណាច បានលើកគ្នាទៅរារាំងមិនឱ្យលើកស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅផ្ទះជួលមួយកន្លែង ដែលគេគ្រោងធ្វើជាកន្លែងប្រជុំនៅក្នុងទីរួមស្រុកអន្លង់វែង។
អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលចុះឃ្លាំមើលបានរិះគន់ថា សមត្ថកិច្ចទីនោះបានព្រងើយកន្តើយចំពោះកិច្ចការពារសន្តិសុខទៅលើសកម្មជន និងអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំង។ ដោយឡែកគេបានមើលឃើញក្រុមមនុស្សដែលលើកគ្នារារាំងប្រឆាំងនឹងគណបក្សសង្គ្រោះជាតិនោះ គឺសុទ្ធតែជាមនុស្សប្រុសទាំងអស់ ដូច្នេះគេបានចាត់ទុកថា មិនមែនជាប្រជាពលរដ្ឋធម្មតាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។