ក្រុមកិច្ចការការបរទេសរបស់គណបក្សសង្គ្រោះជាតិកំពុងធ្វើកិច្ចការងារការទូតជាមួយមន្ត្រីសមាជិកសភា ព្រឹទ្ធសភា និងមន្ត្រីសំខាន់ៗនៃប្រទេសលោកសេរី អំពីគម្រោងវិលចូលស្រុកនៅដើមខាងមករាខាងមុខនេះ។ មន្ត្រីបក្សកាន់អំណាចថា បើមន្ត្រីបក្សប្រឆាំង ចង់ចូលប្រទេសកម្ពុជាលុះត្រាអ្នកធ្វើដំណើរមានឯកសារត្រឹមត្រូវនិងបំពេញតាមផ្លូវច្បាប់ត្រឹមត្រូវ។
មេដឹកនាំផែនការវិលចូលស្រុកវិញនៃគណបក្សសង្គ្រោះជាតិអះអាងថា គណៈកម្មការនៃកិច្ចការការបរទេសគណបក្សសង្គ្រោះជាតិកំពុងធ្វើការងារដ៏មមាញឹកជាមួយមន្ត្រីសំខាន់ៗនៃប្រទេសមហាអំណាចនិងមន្ត្រីនៃអង្គការអន្តរជាតិក្នុងនោះរួមមាន៖ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលីនិងបណ្ដាប្រទេសនៅសហភាពអឺរ៉ុប។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ឱ្យអាស៊ីសេរីដឹងថ្ងៃទី១២ ខែធ្នូ ថា សម្រាប់អ្នកស្រីផ្ទាល់ជួប និងបានទទួលលិខិតដែលជាការចាត់វិធានការពីសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ប៉ុន្តែអ្នកស្រីសុំមិនធ្វើអត្ថាធិប្បាយលម្អិតពីលិខិតនោះទេ។ អ្នកស្រីឱ្យដឹងទៀតថា អ្នកស្រីនិងលោក សម រង្ស៊ី ក៏គ្រោងជួបមន្ត្រីសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅប្រទេសស្វីសតាមប្រព័ន្ធអ៊ីនធឺណិត (Zoom) នាពេលខាងមុខ៖ «គណៈកម្មការកិច្ចការបរទេសនៃគណបក្សសង្គ្រោះជាតិទាំងនៅនាយសមុទ្រ និងនៅសហរដ្ឋអាមេរិកកំពុងធ្វើការងារនេះ។ នៅគ្រប់ប្រទេសទាំងអស់យើងធ្វើការណាត់ជួបហើយជាមួយតំណាងរាស្ត្រនៃប្រទេសអូស្ត្រាលី និងខ្ញុំផ្ទាល់ជួបជាមួយព្រឹទ្ធសភានៅក្នុងរដ្ឋរបស់ខ្ញុំ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគច្រើនជាសមាជិកសភាដែលកំពុងភៀសខ្លួននៅក្រៅប្រទេសបានប្រកាសថា អ្នកដែលមានសញ្ជាតិពីរ ឬមានលិខិតឆ្លងដែនពីរគឺត្រូវវិលទៅប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ រីឯអ្នកមានលិខិតឆ្លងដែនសញ្ជាតិខ្មែរតែមួយគឺកំពុងរៀបចំឯកសារដើម្បីអាចចូលប្រទេសកម្ពុជាតាមគម្រោង។ ទោះយ៉ាងណា អ្នកស្រី មូរ សុខហួរ មិនប្រាប់ឱ្យដឹងពីចំនួនលម្អិតនៃមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវវិលទៅប្រទសកម្ពុជាវិញនៅឡើយទេ។
ទាក់ទងផែនការវិលចូលស្រុករបស់គណបក្សប្រឆាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ យល់ថា ច្បាប់កម្ពុជាមិនហ៊ានឃាត់ពលរដ្ឋខ្មែរមិនឲ្យវិលចូលស្រុក នោះទេ ប៉ុន្តែត្រូវមានឯកសារនៃការធ្វើដំណើរត្រឹមត្រូវ និងត្រូវគោរពការធ្វើវិធានការបង្ការជំងឺកូវីដ១៩។ ដោយឡែក ចំពោះការប្រើលិខិតឆ្លងដែនបរទេសលោកថា អ្នកធ្វើដំណើរត្រូវការទិដ្ឋាការ និងឯកសារពាក់ព័ន្ធ៖ «បុគ្គលដែលជាពលរដ្ឋខ្មែរ ពុំត្រូវបានមានសាលដីកា ឬតុលាការណាហាមមិនឱ្យត្រឡប់មកកម្ពុជាឯណា អត់បញ្ហាទេក្នុងន័យទូទៅហើយសំខាន់ពលរដ្ឋត្រូវតែមានឯកសារធ្វើដំណើរច្បាប់លាស់ដើម្បីបំពេញក្របខ័ណ្ឌនៃការធ្វើដំណើរ»។
ជុំវិញការអះអាងរបស់មន្ត្រីបក្សប្រឆាំងដែលថា មានការដឹងឮពីមន្ត្រីប្រទេសលោកសេរីនោះ លោក ឈឹម ផលវរុណ ថា នេះគ្រាន់តែជាការនិយាយតែភាគីម្ខាងប៉ុណ្ណោះ។
ទោះគ្មានជំនឿលើប្រព័ន្ធតុលាការកម្ពុជា ប៉ុន្តែគណបក្សសង្គ្រោះជាតិប្រកាសថា អ្នកស្រី មួរ សុខហួរ នឹងដឹកនាំមន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជននៃគណបក្សនេះដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញទៅតតាំងក្តី នៅតុលាការក្រុងភ្នំពេញលើសំណុំរឿង"ឧបឃាត" បទ "រួមគំនិតក្បត់" និងបទ "ញុះញង់"។ ពួកគេកំណត់ថ្ងៃជាក់លាក់វិលចូលកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រស់ យល់ថា ការវិលចូលស្រុកនៃការដឹងឮពីប្រទេសប្រជាធិបតេយ្យគឺអាចធ្វើឱ្យសហគមន៍អន្តរជាតិជួយឃ្លាំមើល ឬការធានាណាមួយ។ អ្នកវិភាគវ័យក្មេងរូបនេះថា ការវិលចូលស្រុកនេះ ទោះមានវិធានការបែបនេះពីតុលាការ ឬរដ្ឋាភិបាលក្ដី ប៉ុន្តែអាចជាការចាប់ផ្តើមធ្វើឱ្យមានដំណោះស្រាយនយោបាយ៖ «ជាទម្រង់មួយដែលគណបក្សសង្គ្រោះជាតិចូលស្រុកនេះ គណបក្សសង្គ្រោះជាតិមិនគួរចូលមកតែឯងដោយមិនមានកិច្ចសហការជាមួយបរទេស ឬសហគមន៍អន្តរជាតិទេ»។
មន្ត្រីគណបក្សសង្គ្រោះជាតិដែលប្រកាសចូលស្រុកលើកនេះ បានត្រៀមខ្លួនចូលគុក ឬយកគុកធ្វើជាផ្ទះបើអាជ្ញាធរកម្ពុជាចាប់ខ្លួន។ ទោះយ៉ាងណា គណបក្សនេះធ្លាប់បរាជ័យម្ដងរួចហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន បិទគ្រប់ច្រកល្ហក និងហាមប្រទេសក្បែរខាងកម្ពុជាមិនឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើដំណើរឆ្លងកាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។