ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ចូល​ស្រុក​វិញ​ជា​ថ្មី​ទៀតនៅ​ថ្ងៃ​ទី៤ មករា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៦ នា​រដ្ឋធានី​វ៉ាស៊ីនតោន។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៦ នា​រដ្ឋធានី​វ៉ាស៊ីនតោន។ (RFA)

0:00 / 0:00

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​វិល​ចូល​កម្ពុជា​វិញ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី៤ ខែមករា​ខាង​មុខ ដោយ​មាន​អ្នកស្រី មូរ សុខហួរ ជា​អ្នក​ដឹកនាំ​គម្រោង​នេះ។ គណបក្ស​កាន់​អំណាច​ថា ប្រសិនបើ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​ហ៊ាន​វិល​ចូល​ស្រុក​វិញ​មែន នោះ​អាជ្ញាធរ​នឹង​ចាប់​ខ្លួន​ពួកគេ​តាម​ដីកា​របស់​តុលាការ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ឱ្យ​ដឹង​ថា គម្រោង​វិញ​ចូល​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចោទ​ប្រកាន់​ក្រុម​ថ្នាក់ដឹកនាំ​ និង​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០នាក់ ​ពី​បទ "ឧបឃាត" បទ "រួម​គំនិត​ក្បត់" និង​បទ "ញុះញង់"។ អ្នកស្រី​បញ្ជាក់​ថា ដំណើរ​វិល​ចូល​ស្រុក​វិញ​លើក​នេះ មិន​មែន​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ដូច​កាល​ពី​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នោះ​ទេ ប៉ុន្តែ​គឺ​ថ្នាក់​ដឹក​នាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ៗ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ ប្ដេជ្ញា​ចូល​ទៅ​កម្ពុជា​វិញ​ដោយ​ខ្លួន​ឯង តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ។

អ្នក​ស្រី មូរ សុខហួរ សុំ​​មិន​បញ្ជាក់​អំពី​ចំនួន​​នៃ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​វិល​ទៅ​កម្ពុជា​វិញ​នោះ​ទេ ប៉ុន្តែ​​អ្នក​ស្រី​ប្រាប់​​ថា មនុស្ស​​មួយ​ចំនួន​មក​ពី​សហរដ្ឋ​អាមេរិក និង​ខ្លះ​ទៀត​មក​ពី​ប្រទេស​បារាំង​។ អ្នក​ស្រី​សង្កត់​ធ្ងន់​ថា ក្រុម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​មាន​សញ្ជាតិ​ពីរ ដូច្នេះ​ពួក​គាត់​នឹង​ប្រើ​លិខិត​ឆ្លងដែន​សញ្ជាតិ​មួយ​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ពីព្រោះ​របប​លោក ហ៊ុន សែន បាន​លុប​ចោល​លិខិត​ឆ្លងដែន​កម្ពុជា​របស់​ពួក​គាត់​អស់​ទៅ​ហើយ៖ « ខ្ញុំ​មាន​សញ្ជាតិ​ពីរ ខ្ញុំ​នឹង​ដឹក​នាំ​គណៈប្រតិភូ​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ ហើយ​អ្នក​ដទៃ​ទៀត ដែល​អត់​មាន​ឯកសារ​អ្វី​ទាល់​តែ​សោះ​នោះ គាត់​ក៏​ខិត​ខំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ឱ្យ​បាន​ឯកសារ​ដែរ ព្រោះ​យើង​មាន​ឆន្ទៈ​ទៅ​ទាំង​អស់​គ្នា។ អ៊ីចឹង​ហើយ​បាន​ជា​ដើម្បី​ឱ្យ​មាន​ការ​បង្រួម​បង្រួម​ជាតិ មាន​ការ​ផ្សះផ្សា​ជាតិ រក​ដំណោះស្រាយ​ជូន​ជាតិ មាន​តែ​សម្រួល​ឱ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង​បាន​ទៅ ហើយ​កាត់​សេចក្ដី​ទៅ​ថា ត្រូវ​ជាប់​គុក​ជាប់​ទៅ។ ប៉ុន្តែ ចុង​ក្រោយ​ធ្វើ​ម៉េច​ឱ្យ​បាន​ជាតិ​យើង​មាន​ការ​ផ្សះផ្សា មាន​លទ្ធិ​ប្រជាធិបតេយ្យ​តាម​ឆន្ទៈ​ពលរដ្ឋ »

សេចក្ដី​សម្រេច​វិល​ចូល​ស្រុក​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្រុម​អ្នក​តំណាង​រាស្ត្រ និង​ថ្នាក់​ដឹក​នាំ​សាខា​គណបក្ស​នេះ​នៅ​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ​វីដេអូ (Video Conference) កាល​ពី​ថ្ងៃ​ទី២៧ ដល់​ទី២៩ វិច្ឆិកា​កន្លង​ទៅ។ អង្គប្រជុំ​បាន​ឯកភាព​គ្នា ឱ្យ​ថ្នាក់​ដឹក​នាំ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ហើយ​ដែល​កំពុង​រស់នៅ​និរទេស​នៅ​ក្រៅ​ប្រទេស ត្រូវ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា ផែន​ការ​នេះ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ក្នុង​អារម្មណ៍​របស់​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ ដោយ​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ។ លោក​ចំអក​ថា ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​មិន​ក្លាហាន​ក្នុង​ការ​ត្រឡប់​ចូល​កម្ពុជា​ឡើយ ហើយ​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ គឺ​ជា​ឧទាហរណ៍​ស្រាប់។

ទោះ​ជា​គ្មាន​ជំនឿ​ថា ក្រុម​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នឹង​វិល​ចូល​ស្រុក​វិញ​យ៉ាង​ណា​ក្ដី លោក សុខ ឥសាន អះអាង​ថា អាជ្ញាធរ​នៅ​តែ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​តាម​ដីកា​របស់​តុលាការ ប្រសិន​បើ​ពួក​គេ​ហ៊ាន​វិល​មក​កម្ពុជា​វិញ​មែន​នោះ៖« មនុស្ស​មាន​សំណុំ​រឿង​រួច​ហើយ អ៊ីចឹង​ទេ ( ពេល ) មក​គេ​អនុវត្ត​តែ​ច្បាប់​ទៅ វា​ចប់​បាត់​ទៅ​ហើយ មាន​ចាំ​ បាច់​បក​ស្រាយ​អ្វី មាន​បញ្ហា​អ្វី​រារាំង​អ្វី​ទេ។ តែ​មក​ដល់​ឃើញ​នឹង​មុខ គឺ​គ្រឹប​តែ​ម្ដង។ បើ​អ្នក​ណា​អត់​រឿង គេ​យក​ទៅ​សណ្ឋាគារ បើ​អ្នក​ណា​មាន​រឿង គេ​យក​ទៅ​ពន្ធនាគារ រឿង​តែ​ប៉ុណ្ណឹង »

ផ្ទុយ​ពី​ការ​លើកឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ឱ្យ​ដឹង​ថា ​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្លាច​នឹង​ជាប់​ពន្ធនាគារ​នោះ​ទេ តែ​សំខាន់​របប​លោក ហ៊ុន សែន ត្រូវ​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​បក្ស​ប្រឆាំង​បាន​ចូល​ស្រុក​ជាមុន​សិន។ អ្នក​ស្រី​គូស​បញ្ជាក់​ថា ​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចូល​រួម​នីតិវិធី​របស់​តុលាការ ដូច្នេះ​អាជ្ញាធរ​​ត្រូវ​បើក​ផ្លូវ​ឱ្យ​អ្នក​ស្រី និង​អ្នក​ផ្សេង​ទៀត អាច​​វិល​ចូល​ស្រុក​វិញ​បាន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ជឿ​ថា គណបក្ស​កាន់​អំណាច​នឹង​មិន​បើក​ផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ទេ ដរាប​ណា​គ្មាន​អន្តរាគមន៍ ឬ​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ លោក​បន្ត​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិញ ក៏​ទំនង​ជា​មិន​ទាន់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដែរ ប្រសិន​បើ​គ្មាន​ការ​ជំរុញ ឬ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា លោក ឯម សុវណ្ណរ៉ា យល់ថា គណបក្ស​ប្រឆាំង​នឹង​មិន​បាត់​បង់​ការ​គាំទ្រ​នោះ​ទេ ទោះ​ជា​ថ្នាក់​ដឹក​នាំ​បក្ស​នេះ​មិន​អាច​វិល​មក​កម្ពុជា​វិញ តាម​ការ​ប្រកាស​ក៏​ដោយ ព្រោះ​ឧបសគ្គ គឺ​ការ​រារាំង​របស់​អាជ្ញាធរ មិន​មែន​ជា​ឆន្ទៈ​របស់​ពួក​គេ​ឡើយ៖« លក្ខណៈ​ដែល​យើង​មើល​ឃើញ គឺ​គណបក្ស​កាន់​អំណាច​ចង់​បន្ថយ​កម្លាំង​គណបក្ស​ប្រឆាំង អ៊ីចឹង​ទេ គេ​មិន​ជំរុញ​ឱ្យ​មាន ( មន្ត្រី ) គណបក្ស​ប្រឆាំង​ហ្នឹង មក​ច្រើន​ដើម្បី​ប្រឈម​នៅ​ក្នុង​ចរន្ត​បច្ចុប្បន្ន​នេះ​ទេ »

សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​លើក​យក​សំណុំ​រឿង​ឧបឃាត ដែល​ពាក់ព័ន្ធ​នឹង​​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩ នាក់ ទៅ​ជំនុំ​ជម្រះ​នៅថ្ងៃទី១៥ ខែធ្នូ ក្រោយ​លើក​ពេល​សវនាការ​ពីរ​លើក​កាល​ពី​អំឡុង​ខែវិច្ឆិកា។ ដោយ​ឡែក សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​មន្ត្រី និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជាង ១០០នាក់​នោះ​វិញ តុលាការ​ក្រុង​ភ្នំពេញ​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី១៤ មករា និង​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២១ ខាង​មុខ ក្រោយ​បើក​សវនាការ​លើក​ដំបូង កាល​ពី​ព្រឹក​ថ្ងៃទី២៦ វិច្ឆិកា។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ចាត់​ទុក​ដំណើរការ​ក្ដី​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ និង​បំបាក់​មុខ​គូប្រជែង​របស់​រដ្ឋាភិបាល។ អ្នកស្រី គូស​បញ្ជាក់​ថា ​ដំណើរ​ការ​ក្ដី​នេះ​ទំនង​ជា​កើត​ចេញ​ពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌។ អ្នក​ស្រី​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ​បើក​លំហ​ពលរដ្ឋ ការពារ និង​លើក​ស្ទួយ​សេរីភាព​មូលដ្ឋាន រួម​ទាំង​សិទ្ធិ​ជួប​ប្រជុំ និង​បញ្ចេញ​មតិ ព្រម​ទាំង​ធានា​នូវ​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់គ្នា ស្រប​ទៅ​តាម​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ។

ចំណែក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) វិញ បាន​មាន​ប្រសាសន៍​ថា សវនាការ​ប្រឆាំង​នឹង​សកម្មជន​នយោបាយ និង​សង្គម​ស៊ីវិល​ជា​ច្រើន​នាក់ ទាំង​ដែល​ពួក​គេ​មិន​ទទួល​បាន​ដីកា​កោះ​នោះ បង្កើត​ឱ្យ​មាន​ក្តី​បារម្ភ​ក្នុង​ទិដ្ឋភាព​ច្បាប់​អំពី​កង្វះ​នីតិវិធី​ត្រឹមត្រូវ។ លោក​ចោទ​ជា​សំណួរ​ថា « តើ​នេះ ឬ​ជា​មធ្យោបាយ​ល្អ​ជាង​គេ ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។