សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក ម៉ី សោភ័ណ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីលោកជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ៦ខែ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រឿងវ៉ាក់សាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក(Facebook)។
លោក ម៉ី សោភ័ណ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ ខែតុលាថា លោកសប្បាយចិត្តដែលត្រូវបានដោះលែងឲ្យលោកបានជួបជុំក្រុមគ្រួសារ កាលពីល្ងាចថ្ងៃទី១ ខែតុលា។ ប៉ុន្តែនៅទន្ទឹមនេះ លោកក៏សោកស្តាយដែលតុលាកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងហាមលោក មិនឲ្យចេញក្រៅប្រទេស។
សកម្មជនបក្សប្រឆាំងរូបនេះ ចាត់ទុកថា ការដាក់ឃុំខ្លួនលោករយៈពេល៦ខែនៅក្នុងពន្ធនាគារដែលមានបន្ទប់តូចចង្អៀត ខ្វះអនាម័យ និងកង្វះអាហារបរិភោគ គឺជារឿងឈឺចាប់ និងអយុត្តិធម៌បំផុត៖ «ការចាប់ខ្ញុំដាក់ពន្ធនាគារនេះ គឺជាចេតនាបំបាក់ស្មារតីយុវជននិងសកម្មជនគណបក្សប្រឆាំងដែលហ៊ាននិយាយការពិត។ ការរស់នៅក្នុងពន្ធនាគារទៀតសោត គឺអត់ស្រួលទេ ពួកខ្ញុំពិបាកខ្លាំងណាស់។ពួកខ្ញុំ ប្រៀបបានដូចជាសត្វតិរច្ឆាន គេមិនឲ្យរស់ស្រួលទេ។រាល់ថ្ងៃនេះ ខ្ញុំមានជំងឺពេញខ្លួនដូចជាស្ពឹកដៃជើងដើរមិនរួច និងរម៉ាស់ពេញខ្លួន ហើយគ្រួសារក៏ជួបការលំបាក។ រឿងនេះ អយុត្តិធម៌សម្រាប់ជីវិតរបស់ខ្ញុំ ព្រោះខ្ញុំអត់បានប្រព្រឹត្តអីខុស។ ខ្ញុំសូមអំពាវនាវដល់អង្គការសង្គមស៊ីវិល ជួយមើលខ្ញុំផង ព្រោះពេលនេះ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារជាប់ពន្ធនាគារដោយអយុត្តិធម៌ »។
លោក ម៉ី សោភ័ណ គឺជាយុវជនគណបក្សសង្គ្រោះជាតិនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនលោកកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយចោទប្រកាន់ពីបទ ''ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង'' ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់វ៉ាក់សាំងបង្ការជំងឺកូវីដរបស់ចិន។ តុលាការខេត្តកណ្តាល បានកាត់ទោសឲ្យលោកជាប់ពន្ធនាគារ១ឆ្នាំ តែតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគារ៦ខែ ចំណែកទោសនៅសល់ ត្រូវអនុវត្តព្យួរសាកល្បងរយៈពេល ២ឆ្នាំ។ ទោះជាយ៉ាងណា លោក ម៉ី សោភ័ណ អះអាងថា លោកនៅតែរក្សាស្មារតី និងឧត្តមគតិរបស់លោកដូចដើម។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា លោកសោកស្តាយដែលការបញ្ចេញមតិរបស់សកម្មជននយោបាយរូបនេះ ត្រូវទទួលរងនូវការដាក់ទោសទណ្ឌឲ្យជាប់ក្នុងពន្ធនាគារដែលកំពុងចង្អៀតណែន ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសិទ្ធិរបស់ពួកគាត់។ លោកទទូចជាថ្មីម្តងទៀតឲ្យតុលាការបែងចែកឲ្យបានច្បាស់លាស់ ថាអ្វីជាសេរីភាពបញ្ចេញមតិ និងអ្វីជាបទល្មើស ដើម្បីកុំឲ្យរងការរិះគន់រឿងរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។