បក្ស​សង្គ្រោះ​ជាតិ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​មុខ​ជន​បំផ្ទុះ​គ្រាប់​បែក​ឆ្នាំ​១៩៩៧

0:00 / 0:00

សារ​អំពាវនាវ​នេះ ធ្វើ​នៅ​ក្នុង​ពិធី​និមន្ត​ព្រះសង្ឃ​បង្សុកូល​​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​​ជូន​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ កញ្ញា នា​​ចេតិយ​មុខ​​អតីត​​​មន្ទីរ​​រដ្ឋ​សភា ក្បែរ​របង​ព្រះបរមរាជវាំង។

ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពិធី​បង្សុកូល ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ លោក សម រង្ស៊ី ​ប្រធាន និង​លោក កឹម សុខា ​អនុ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ដែរ។

នៅ​ក្នុង​ឱកាស​នោះ លោក សម រង្ស៊ី និង​លោក កឹម សុខា ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ត្រូវ​វែក​រក​មុខ​ឃាតក ឬ​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​អហិង្សា​ដែល​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​​ឲ្យ​​​តុលា​ការ​ឯករាជ្យ និង​ដំឡើង​ប្រាក់​បៀវត្ស​ជូន​កម្មករ​មន្ត្រី​រាជការ។

លោក សម រង្ស៊ី បាន​រិះគន់​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា ដែល​មិន​អាច​ចាប់​ជន​បង្ក​ហេតុ​យក​​មក​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នៅ​ឡើយ។ លោក​ថា ពេល​វេលា​បាន​អូស​បន្លាយ ១៦​ឆ្នាំ​ទៅ​ហើយ ​ជន​សង្ស័យ​មិន​ទាន់​ចាប់​ខ្លួន​ទេ៖ «សូម​ឲ្យ​បង​ប្អូន​រួប​រួម​គ្នា​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​នៅ​ឆ្នាំ​២០១៣​នេះ។ ផ្លាស់​ប្ដូរ​ពី​វប្បធម៌​ហិង្សា​មក​វប្បធម៌​អហិង្សា។ ផ្លាស់ប្ដូរ​វប្បធម៌​និទណ្ឌភាព​មក​ជា​វប្បធម៌​ទទួល​ខុស​ត្រូវ។ តុលាការ​ឯករាជ្យ​ផ្ដន្ទាទោស​ឲ្យ​ជន​ឧក្រិដ្ឋ ទោះ​ជា​ជន​ឧក្រិដ្ឋ​មាន​អំណាច ឬ​ក៏​ជន​នោះ​មាន​អំណាច​ប៉ុណ្ណា ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់។ ដូច្នេះ​អ្នក​ដែល​មាន​គំនិត​អាក្រក់​ច្បាស់​ជា​ញញើត ពីព្រោះ​ទោះ​បី​ជា​អ្នក​ឯង​មាន​អំណាច មាន​លុយ កុំ​សង្ឃឹម​ថា រួច​ខ្លួន​ទៀត។ ពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ប្រទេស គឺ​អត់​ឲ្យ​មាន​វប្បធម៌​បែប​ហ្នឹង​ទៀត​ហើយ»

ដូច​គ្នា​នេះ​ដែរ លោក កឹម សុខា ក៏​បាន​យក​ពិធី​បង្សុកូល​រិះគន់​រដ្ឋាភិបាល​ដែល​មិន​ទាន់​វែក​រក​មុខ​ជន​បំផ្ទុះ​គ្រាប់​បែក​មក​លើ​ហ្វូង​បាតុករ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា ឆ្នាំ​១៩៩៧ ​មក​ផ្ដន្ទាទោស​នេះ​ដែរ។លោក​ថា ​បក្ស​សង្គ្រោះ​​ជាតិ នឹង​នៅ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​​រហូត​ចាប់​បាន​ជន​​ល្មើស​យក​ទៅ​ផ្ដន្ទាទោស។

លោក កឹម សុខា៖ «យើង​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​និទណ្ឌភាព​ទាំង​ឡាយ​ណា​ដែល​គណបក្ស​កាន់​អំណាច ដែល​កាន់​អំណាច​យូរយារ​ណាស់​មក​ហើយ​នេះ​មិន​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាំង​នោះ។ ដូច្នេះ​ថ្ងៃ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​អ្នក​ស្នេហា​ជាតិ ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ដែល​បាន​បាត់បង់​អាយុ​ជីវិត​ទាំង​អយុត្តិធម៌»

​ដោយ​ឡែក​សាច់​ញាតិ​និង​ជន​រង​គ្រោះ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​​​បង្សុកូល ​ឧទ្ទិស​​​កុសល​ដល់​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់ ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល ត្រូវ​បន្ត​ស្វែង​រក​មុខ​ឃាតក ឬ​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក ដើម្បី​​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ៖ «ឧទ្ទិស​កុសល​ដល់​កូន​ចៅ​ទាំង​អស់​ដែល​បាន​ស្លាប់។ សូម​ឲ្យ​អ្នក​នៅ​ទី​នេះ ឲ្យ​តស៊ូ​ឲ្យ​បាន​ជោគជ័យ​ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​បំផ្ទុះ​គ្រាប់​បែក។ សូម​ឲ្យ​ជួយ​ការពារ​ជាតិ​មាតុភូមិ ទឹក​ដី​របស់​យើង។ សូម​ឲ្យ​រាជរដ្ឋាភិបាល​ដែល​មិន​គ្រប់​ទឹក​ហ្នឹង សូម​ជួយ​កម្ចាត់​ចេញ»

អ្នកស្រី ពៅ ស៊ីនួន ជា​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​បំផ្ទុះ​គ្រាប់បែក​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ អ្នកស្រី​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បង្សុកូល​ថា ជើង​ខាង​ឆ្វេង​របស់​គាត់​បាន​ត្រូវ​អំបែង​គ្រាប់​បែក​​ធ្ងន់ធ្ងរ និង​បាន​សម្រាក​នៅ​មន្ទីរពេទ្យ ៤​ខែ។ អ្នកស្រី​បន្ត​ថា ​​មក​ទល់​ពេល​នេះ​ជើង​​គាត់​នៅ​មាន​អំបែង​គ្រាប់​ជាប់​ក្នុង​​សាច់​នៅ​ឡើយ​ ព្រោះ​ខ្វះ​ថវិកា​ដើម្បី​វះ​កាត់ ឬ​ព្យាបាល​បន្ត។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ជើង​ពិការ​របស់​គាត់​បាន​ឈឺ​ចុក​ចាប់​ពេល​មាន​អាកាសធាតុ​ត្រជាក់​ម្តងៗ៖ «គឺ​ខ្ញុំ​អស់​សង្ឃឹម​ចំពោះ​រាជរដ្ឋាភិបាល​ដែល​រក​មុខ​អ្នក​បំផ្ទុះ​គ្រាប់​បែក​មិន​ឃើញ​យក​ទៅ​ផ្ដន្ទាទោស​មិន​បាន ខ្ញុំ​សោកស្ដាយ​ជា​ទីបំផុត។ រហូត​មក​ដល់​ពេល​នេះ រក​ឃាតក​អត់​ឃើញ ហើយ​ជើង​របស់​ខ្ញុំ អំបែង​គ្រាប់​នៅ​ជាប់​នឹង​ជើង​ទៀត»

មន្ត្រី​គណបក្ស​​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា អំពើ​ភេរវកម្ម​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​ កាល​​​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ អាច​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង ២០​នាក់ និង​រង​របួស​ជាង ២០០​នាក់។

​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​គ្រាប់​បែក នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ មាន​ព្រះសង្ឃ​និមន្ត​ចូល​រួម​ជាង ៣០​អង្គ និង​ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បំភ្លឺ​លើ​សំណុំ​រឿង​បំផ្ទុះ​គ្រាប់​បែក​ដៃ​នេះ​បាន​ទេ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កញ្ញា។ ប៉ុន្តែ​កន្លង​មក លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​ បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​អ្វី​ក៏ដោយ សមត្ថកិច្ច​មិន​ដែល​បិទ​សំណុំ​រឿង​ទុក​ចោល​ទេ គឺ​នៅ​តែ​បន្ត​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ដរាបណា​ជន​ដៃដល់​មិន​ទាន់​នាំ​យក​​មក​ផ្តន្ទា​ទោស​នោះ។

ករណី​នេះ​ដែរ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ហេតុការណ៍​​បំផ្ទុះ​​គ្រាប់បែក​នេះ។ ជាង​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧក្រិដ្ឋកម្ម ប្រឆាំង​លោក ​​ហ៊ុន សែន ​ទៅ​កាន់​តុលាការ​សហរដ្ឋ​អាមេរិក ក្នុង​ឱកាស​​លោក ហ៊ុន សែន ធ្វើ​ដំណើរ​​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី និង​សហរដ្ឋ​អាមេរិក នា​ទីក្រុង​ញីវយ៉ក។ ប៉ុន្តែ​ក្រោយ​មក លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​​​​ព្យួរ​ពាក្យ​បណ្ដឹង​​ប្រឆាំង​លោក ហ៊ុន សែន ​ដោយសារ​ថា ​លោក​គ្មាន​ភស្តុតាង​គ្រាប់​​គ្រាន់​ ហើយ​លោក ហ៊ុន សែន ​ក៏​បាន​សន្យា​ឈប់​បង្ក​បញ្ហា​ជាមួយ​លោក​ត​ទៅ​ទៀត។

​បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​ធ្លាប់​បាន​បដិសេធ​​​ការ​ចោទ​ប្រកាន់​របស់​​​​លោក សម រង្ស៊ី ដែល​​ថា លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា ​​ឆ្នាំ​១៩៩៧​ ថា​ជា​រឿង​មិន​ពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។