ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ទាមទារ​ឲ្យ​មន្ត្រី​​បក្ស​ប្រឆាំង​សុំ​ទោស​ខ្មែរ​ក្រោម

0:00 / 0:00

ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ ទាមទារ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ក្រោម បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​និយាយ​រិះគន់​ពី​ការ​បូជា​ជីវិត​របស់​អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ ឲ្យ​វៀតណាម ចាប់​ខ្លួន​សម្លាប់ ថា​មិន​មែន​ជា​យុទ្ធសាស្ត្រ​ឲ្យ​ខ្មែរ​ក្រោម​ចំណេញ​ឡើយ។ ការ​និយាយ​របស់​លោក អេង ឆៃអ៊ាង នេះ គឺ​ដើម្បី​ប្រៀបធៀប​ទៅ​នឹង​យុទ្ធសាស្ត្រ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​ប្រឈម​នឹង​ការ​ជាប់​គុក ថា​ជា​យុទ្ធសាស្ត្រ​ប្រសើរ​ជាង​លោក​ឧកញ៉ា សឺន គុយ នៅ​កម្ពុជា​ក្រោម។

ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​កូន​ប្រុស​របស់​លោក សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ ចាត់​ទុក​ការ​ប្រៀបធៀប​យុទ្ធសាស្ត្រ​នយោបាយ​រវាង​ឧកញ៉ា សឺន គុយ និង​លោក សម រង្ស៊ី នៅ​ពេល​នេះ ថា​ជា​រឿង​មិន​ច្បាស់​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​បក្ស​ប្រឆាំង។

​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ លោក អេង ឆៃអ៊ាង ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ុងរ៉េអាល (Montreal) ប្រទេស​កាណាដា (Canada) បាន​លើក​ឡើង​ថា កាល​ពី​សម័យ​លោក​ឧកញ៉ា សឺន គុយ ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង នៅ​កម្ពុជា​ក្រោម លោក​ឧកញ៉ា សឺន គុយ បាន​យល់​ព្រម​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម សម្លាប់ ទី​បំផុត​លោក​ថា ទឹកដី​កម្ពុជា​ក្រោម នៅ​តែ​ត្រូវ​វៀតណាម យក​បាន​ដដែល។ លោក​ថា ប្រសិនបើ​ខ្មែរ​ក្រោម​មាន​យុទ្ធសាស្ត្រ​មិន​ឲ្យ​វៀតណាម ចាប់​ខ្លួន​ឧកញ៉ា សឺន គុយ ហើយ​ឲ្យ​នៅ​តស៊ូ​វិញ វាសនា​ខ្មែរ​ក្រោម​អាច​ក្លាយ​ទៅ​ជា​រូបភាព​ផ្សេង។ លោក អេង ឆៃអ៊ាង ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច​ឧកញ៉ា សឺន គុយ នេះ​ទេ ព្រោះ​វា​មិន​ចំណេញ​អ្វី​ឡើយ។

​លើស​ពី​នេះ លោក អេង ឆៃអ៊ាង បាន​ចោទ​ជា​សំណួរ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ថា តើ​គួរ​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ពលីកម្ម​ដោយ​មិន​ដឹង​ថា ឈ្នះ ឬ​គួរ​ទុក​ឲ្យ​លោក សម រង្ស៊ី ធ្វើ​កិច្ចការ​សម្រេច​គោលដៅ​របស់​បក្ស ដើម្បី​ឈាន​ទៅ​ដល់​ការ​ឈ្នះ​ឆ្នោត​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ៖ «នៅ​ពេល​នោះ បើ​យើង​មាន​យុទ្ធសាស្ត្រ​អត់​ឲ្យ​យួន​ចាប់​ឧកញ៉ា សឺន គុយ អត់​ឲ្យ​យួន​សម្លាប់​ឧកញ៉ា សឺន គុយ ហើយ​ឲ្យ​ឧកញ៉ា សឺន គុយ ដឹកនាំ​កម្លាំង​ដើម្បី​ការពារ​ទឹកដី​កម្ពុជា​ក្រោម ប្រហែលជា​ទៅ​ផ្សេង​ផ្ទុយ​ទៅ​វិញ ឧកញ៉ា សឺន គុយ ស្លាប់​ក្លាយ​ជា​វីរបុរស តែ​ដី​កម្ពុជា​ក្រោម យើង​ឃើញ​ថា បាត់​ទៅ​យួន​រហូត​ដល់​ថ្ងៃ​នេះ។ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​យើង​មិន​ចង់​ឲ្យ​មេដឹកនាំ​របស់​យើង​ទៅ​ដើរ​របៀប​ហ្នឹង វា​អត់​ចំណេញ​ទេ»

ក្រោយ​ការ​ថ្លែង​របស់​លោក អេង ឆៃអ៊ាង ដូច​នេះ មូលនិធិ​លោក​តា សឺន សាន កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​លោក អេង ឆៃអ៊ាង សុំ​ទោស​ចំពោះ​ការ​ប្រៀបធៀប​នេះ។ ពួកគេ​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ មើល​ងាយ​ចំពោះ​ការ​បូជា​របស់​ឧកញ៉ា សឺន គុយ ដែល​សុខចិត្ត​ប្ដូរ​ជីវិត​ដើម្បី​រក្សា​វប្បធម៌ ទំនៀម​ទម្លាប់ ជាតិ​សាសន៍ និង​ពុទ្ធសាសនា នៅ​ដែនដី​កម្ពុជា​ក្រោម។ ពួកគេ​ថា ព្រលឹង​ជាតិ​ទាំង​អស់​នេះ កំពុង​បន្ត​កើត​មាន​នៅ​ដែនដី​កម្ពុជា​ក្រោម​នៅ​ឡើយ ដូច្នេះ​ការ​បូជា​របស់​ឧកញ៉ា សឺន គុយ មិន​បាន​បរាជ័យ​នោះ​ទេ។

ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​លោក​តា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​១ មករា ថា ការ​ទាមទារ​ឲ្យ​លោក អេង ឆៃអ៊ាង សុំ​ទោស​នេះ គឺ​ជា​ការ​ព្រមាន​កុំ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ចេះ​តែ​ដើរ​និយាយ​ផ្ដេសផ្ដាស​ខុស​ពី​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង។ លោក​ថា ស្ថានភាព​របស់​ឧកញ៉ា សឺន គុយ និង​លោក សម រង្ស៊ី មិន​ដូច​គ្នា​ឡើយ៖ «គួរ​គាត់​សុំទោស ខ្ញុំ​គ្រាន់តែ​ឲ្យ​គាត់​មាន​សេចក្ដី​ក្លាហាន​ទទួល​ខុស​ក្នុង​ការ​ដែល​គាត់​សម្ដែង​នេះ ពីព្រោះ​យើង​មិន​អាច​និយាយ​អ្វី​តាម​ចិត្ត​ដែល​យើង​យល់​នោះ​ទេ មក​ប្រៀបធៀប​កាលៈទេសៈ​ខុស​គ្នា​របៀប​ហ្នឹង​វា​មិន​សមរម្យ​ទេ គាត់​បង្អាប់។ មែន​ទែន​ទៅ ការ​តស៊ូ​រហូត​ដល់​ការ​បូជា​ជីវិត​ទៅ​ហើយ ហើយ​យក​មក​ប្រៀប​ធៀប​នេះ វា​មិន​គួរសម​សោះ»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក អេង ឆៃអ៊ាង ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ​ចំពោះ​បញ្ហា​នេះ។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ទី​១ ខែ​មករា។

​សៀវភៅ​ប្រវត្តិ​ចៅហ្វាយ​គុយ ដែល​រៀបរៀង​ដោយ​លោក កែវ សុវត្ថិ នៅ​ឆ្នាំ​១៩៧១ បាន​លើក​ឡើង​ថា នៅ​ដើម​សតវត្សរ៍​ទី​១៩ អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ បាន​តស៊ូ​ស្វិតស្វាញ​ប្រឆាំង​ទៅ​នឹង​ការ​ទន្ទ្រាន​យក​ទឹក​ដី​កម្ពុជ​ក្រោម​ពី​សំណាក់​ជនជាតិ​អណ្ណាម ហើយ​ថែម​ទាំង​បាន​សម្លាប់​មេទ័ព​កំពូល​របស់​អណ្ណាម​ម្នាក់​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ស្ដេច​អណ្ណាម មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង ទើប​បញ្ជូន​ទ័ព​របស់​ពួកគេ​ដើរ​កាប់​សម្លាប់​ជនជាតិ​ខ្មែរ បំផ្លិចបំផ្លាញ​ទី​អារាម​ខ្មែរ និង​ធ្វើ​បាប​ព្រះសង្ឃ ដើម្បី​ឲ្យ​ឧកញ៉ា សឺន គុយ ចេញ​មក​ឲ្យ​ពួកគេ​ចាប់​ខ្លួន បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បន្ត​កាប់​សម្លាប់​ជនជាតិ​ខ្មែរ​ឲ្យ​អស់។

​ដោយ​អាណិត​ស្រឡាញ់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ជនជាតិ​អណ្ណាម​ធ្វើ​បាប ឧកញ៉ា សឺន គុយ យល់​ព្រម​ចេញ​មក​ឲ្យ​អណ្ណាម​ចាប់​ខ្លួន​កាត់​ក ប៉ុន្តែ​ត្រូវ​ឲ្យ​ស្ដេច​អណ្ណាម​សន្យា​ថា នឹង​មិន​បន្ត​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ត្រូវ​រក្សា​វត្ត​អារាម វប្បធម៌ ទំនៀមទម្លាប់​ខ្មែរ​នៅ​ទី​នោះ។

​ចាប់​តាំង​ពី​ពេល​នោះ​មក ឧកញ៉ា សឺន គុយ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទូទៅ​ចាត់​ទុក​ថា ជា​វីរបុរស​ដ៏​ឆ្នើម​របស់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។