មន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ កំពុងរងការវាយប្រហារពីអ្នកលេងហ្វេសប៊ុក (Facebook) ដោយបង្ហោះលាតត្រដាង និងចោទប្រកាន់ពីជីវិតពិតឯកជន ឬរឿងអាស្រូវស្នេហា។ យ៉ាងណាក៏ដោយ មន្ត្រីប្រឆាំងប្រកាន់ជំហរមិនឆ្លើយតបចំពោះការវាយប្រហារនោះទេ។
យ៉ាងហោចណាស់តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួន រួមមានលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក យឹម សុវណ្ណ លោក ឡុង រី លោក ចាន់ ចេង និងអ្នកស្រី ពត ពៅ ត្រូវបានអ្នកប្រើហ្វេសប៊ុក ឈ្មោះ សី ហា បង្ហោះរូបភាព និងសរសេរដោយចោទប្រកាន់ថា មានរឿងអាស្រូវផ្លូវភេទលួចលាក់មានស្នេហា ឬក៏លេងល្បែងស៊ីសងនៅក្នុងកាស៊ីណូ ជាដើម។
អ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ សី ហា បានសរសេរចោទប្រកាន់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេង មានទំនាក់ទំនងស្នេហាជាមួយតំណាងគណបក្សនេះ គឺអ្នកស្រី ពត ពៅ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានស្នេហាលួចលាក់ជាមួយអ្នកស្រី លី ស្រីវីណា ដែលជាអ្នកតំណាងរាស្ត្រដូចគ្នា។ លោក ឡុង រី ទៅលួចលាក់ស្នេហាជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ មានស្នេហាលួចលាក់ជាមួយលេខាស្រី ក្បត់ចិត្តប្រពន្ធ និងចោទប្រកាន់ទៀតថា មនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី គឺលោក អេង ឆៃអ៊ាង វក់នឹងល្បែងមិនលោះពេល រហូតមិនខ្វល់ពីការប្រជុំសភា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបុគ្គលម្នាក់រងការចោទប្រកាន់ថា វក់នឹងល្បែង លក់ឧត្ដមគតិខ្លួនឯងនោះ មិនបង្ហាញការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់នោះឡើយ។ លោកបដិសេធឆ្លើយតបដើម្បីបំភ្លឺករណីនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សរូបនេះថា លោកមិនប្ដឹងទៅសមត្ថកិច្ចនោះទេ ព្រោះលោកយល់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅពេលនេះ មិនឯករាជ្យ៖ «មិនឆ្លើយទេ ខ្ញុំមិនឆ្លើយតបទេណា! ខ្ញុំមិនតបតទេ ហ្នឹងហើយដោយសារសង្គមអ៊ីចឹង ខ្ញុំតបតក៏អត់ប្រយោជន៍ដែរ»។
នេះមិនមែនជាលើកទីមួយទេ ដែលមានករណីលាតត្រដាង ឬការវាយប្រហារមកលើប្រមុខ ឬមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ប្រធានស្ដីទីគណបក្សនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុក បង្ហោះសំឡេងសន្ទនាស្នេហាដែលគេចោទប្រកាន់ថា ជាសំឡេងសាសងស្នេហាជាមួយស្រីកំណាន់។ ក្រៅពីនេះ ក៏មានការបង្ហោះសំឡេងដែលគេចោទប្រកាន់ថា ជាសំឡេងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ សន្ទនាស្នេហាជាមួយនារីម្នាក់ដែលបម្រើការងារនៅក្នុងផ្ទះរបស់លោក។
ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ករណីថ្មីដែលកើតឡើងលើមន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ មិនមែនជារឿងចម្លែកទេ ខណៈការបោះឆ្នោតជិតមកដល់ បូករួមទាំងស្ថានភាពនយោបាយជាប់គាំងផងនោះ។ លោកបន្តថា សមត្ថកិច្ចគួរមានការសិក្សាស្រាវជ្រាវក្នុងករណីនេះ៖ «តាមផ្លូវច្បាប់ជាបទល្មើសប៉ះពាល់សង្គម ឬក៏សិទ្ធិបុគ្គលផងដែរ ប៉ុន្តែអាជ្ញាធរ ឬតុលាការខ្មែរគាត់សំអាងថា ទាល់តែមានពាក្យបណ្ដឹងទើបចាត់ការ»។
ទាក់ទងករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ប្រាប់ថា លោកមិនបានដឹងរឿងនេះទេ ហើយលោកក៏មិនទាន់បានទទួលពាក្យបណ្ដឹងពីអ្នកពាក់ព័ន្ធនៃរឿងនេះដែរ។ តែទោះយ៉ាងក្តី លោកយល់ថា បើគ្រាន់តែមានការបង្ហោះអ្វីមួយជាសិទ្ធិសេរីភាពរបស់បុគ្គល កុំឲ្យតែទង្វើនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកប្ដឹង ហើយបើប៉ះពាល់នោះនឹងមានបញ្ហា៖ «អ្នកបង្ហោះអាចមានបញ្ហានៅពេលការបង្ហោះហ្នឹងទៅជារឿងមួលបង្កាច់ បរិហាកេរ្តិ៍ ប្រសិនបើម្ចាស់រឿងគេប្ដឹង»។
ខណៈបណ្ដាញសង្គមហ្វេសប៊ុក បានក្លាយជាកន្លែងចំរំលែកព័ត៌មាន និងជាកន្លែងបញ្ចេញមតិដ៏ធំសម្រាប់ពលរដ្ឋខ្មែរនៅពេលនេះ ប្រសិនមានអ្នកណាហ៊ានប្រមាថប្រមុខរដ្ឋាភិបាល ឬប្រកាសធ្វើបដិវត្តន៍ នឹងត្រូវសមត្ថកិច្ចតាមចាប់ខ្លួន។ ប៉ុន្តែករណីដូចគ្នាបើកើតចំពោះគណបក្សប្រឆាំង គេកម្រឃើញសមត្ថកិច្ចបង្ហាញខ្លួនជនប្រព្រឹត្តណាស់។ សង្គមស៊ីវិល និងអ្នកតាមព្រឹត្តិការណ៍សង្គមយល់ថា ការអនុវត្តច្បាប់បែបនេះ គឺមានស្តង់ដារពីរ ដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌មិនត្រូវបានអនុវត្តលើបុគ្គលគ្រប់រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។