ក្នុងការរម្លឹកខួបថ្ងៃដែលពួកខ្មែរក្រហមឡើងកាន់អំណាច កាលពី ៤៧ឆ្នាំមុន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រម្លឹកអំពីក្រុមនយោបាយនៃគណបក្សកុម្មុយនិស្តនិយម ដែលកាលណោះ ចាត់ទុកអ្នកដែលមានទស្សនៈ ឬមាននិន្នាការនយោបាយផ្សេងថា ជាសត្រូវ និងរំលោភសិទ្ធិមូលដ្ឋាន សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយយ៉ាងធ្ងន់ធ្ងរ និងឈានទៅប្រព្រឹត្តអំពើប្រល័យពូជសាសន៍ថែមទៀតផង។
លោក កឹម សុខា បន្ថែមថា ក្រោមការដឹកនាំនៃរបបកុម្មុយនិស្តបែបនេះ ពលរដ្ឋខ្មែររាប់លាននាក់ រួមទាំងក្រុមគ្រួសាររបស់លោកផង ត្រូវរងគ្រោះយ៉ាងឈឺចាប់។ លោកលើកឧទាហរណ៍ជាក់ស្តែក ដែលកងកម្លាំងប្រដាប់អាវុធនៃរបបខ្មែរក្រហម បានចូលមកក្នុងផ្ទះលោកទាំងកណ្ដាលអធ្រាត្រ ហើយចាប់ចងឪពុកលោក នៅចំពោះមុខលោកយកទៅវាយសម្លាប់ យ៉ាងអយុត្តិធម៌ ដោយគ្រាន់តែដឹងថា ឪពុកលោកធ្លាប់ធ្វើជាមន្ត្រីរាជការពីមុន។
ក្នុងន័យនេះ លោកដាស់តឿនក្រើនរម្លឹកអ្នកនយោបាយខ្មែរថា សន្តិភាពពិតប្រាកដ កើតមានឡើងតែពេលណា ដែលសង្គមមួយ អាចទទួលយកបាននូវទស្សនៈខុសគ្នា មិនចាត់ទុកគ្នាជាសត្រូវ និងគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប និងគ្រប់និន្នាការ។ លោកថា ការកម្ចាត់ និងបំបាត់អ្នកដែលមានទស្សនៈផ្សេង អាចត្រឹមតែបង្កើតភាពស្ងប់ស្ងាត់បណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះក្នុងសង្គមនីមួយៗ មនុស្សតែងតែមានទស្សនៈផ្សេងៗ គ្នា។ សំខាន់ជាងនេះ លោកថា កម្ពុជាអាចមានសន្តិភាពពិតប្រាកដទៅបាន លុះត្រាតែអ្នកនយោបាយខ្មែរចេះគោរពសិទ្ធិមនុស្ស និងធ្វើឲ្យសង្គមមានយុត្តិធម៌។
សារបង្ហោះលើហ្វេសប៊ុករបស់លោក កឹម សុខា នៅពេលនេះ ធ្វើឡើងហាក់ដូចជាស៊ីសង្វាក់គ្នាទៅនឹងអ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នប្រព្រឹត្តមកលើលោក និងអ្នកនយោបាយដែលមានទស្សនៈផ្សេង។ លោក កឹម សុខា ខ្លួនលោកក៏ត្រូវបានអាជ្ញាធរចូលចាប់ខ្លួនទាំងកម្រោល នៅកណ្ដាលអាធ្រាត្រ កាលពីជាង ៤ឆ្នាំមុន និងចោទប្រកាន់លោកពីបទក្បត់ជាតិ។ គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានគេរម្លាយ។ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលឯករាជ្យត្រូវបានបិទ និងបណ្ដេញចេញ។ សកម្មជននយោបាយ និងសង្គមជាច្រើនត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ដែលជំរុញឱ្យមានការតវ៉ាទាមទារឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់នោះ កើតមានកាន់តែច្រើន ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យមនុស្សគ្រប់គ្នាអរគុណសន្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។