បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​បន្ត​​ធ្វើ​មហា​បាតុកម្ម​រហូត​មាន​ដំណោះស្រាយ

មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​មាន​​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។

0:00 / 0:00

0:00 / 0:00

មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ដូច​ការ​រំពឹង​ទុក​នៅ​ព្រឹក ថ្ងៃ​ទី​១៥ ខែ​កញ្ញា នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១០​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិសទី​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដើម្បី​ចូល​រួម​មហា​បាតុកម្ម​នេះ។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹក​នាំ​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​ដើរ​ចេញ​ពី​ទី​កន្លែង​ផ្សេង​គ្នា​ទៅ​កាន់​ទី​លាន​ប្រជាធិប​តេយ្យ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង ទេព សុរ៉ាវី ពី​ទីលាន​ប្រជាធិបតេយ្យ៖

នៅ​ក្នុង​ពេល​ហែ​ក្បួន​បាតុកម្ម​នៅ​ព្រឹក​នេះ​ដែរ ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ការ​រារាំង​មួយ​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់។ នៅ​ទីនោះ​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ដាក់​រនាំង​លួសបន្លា​ជា​ច្រើន​ជាន់​មិន​អនុញ្ញាត​អោយ​​អ្នក​ណា​ម្នាក់​បាន​ឆ្លង​កាត់​ស្ពាន​អាកាស ឬ​ឆ្លង​ចូល​ក្នុង​មហាវិថី​ព្រះនរោត្ដម។ ក្រុម​បាតុករ​បាន​ងាក​ទៅ​ដើរ​តាម​ផ្លូវ​ព្រះមុនីវង្ស​វិញ។ ចំណែក​ក្បួន​ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា ពុំ​មាន​ការ​រារាំង​ទេ។ យ៉ាង​ណា​នៅ​តាម​ដង​ផ្លូវ លោក កឹម សុខា បាន​ទៅ​ជួប​សួរសុខទុក្ខ​កម្លាំង​សមត្ថកិច្ច​ដែល​ការពារ​សុវត្ថិភាព។

ពេល​ទៅ​ដល់​ទី​លាន​ប្រជាធិបតេយ្យ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​អំណរគុណ​អ្នក​គាំទ្រ​របស់​ខ្លួន និង​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​អោយ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ស្វែង​រក​ភាព​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត។ អ្នក​ទាំង​ពីរ​នៅ​តែ​ប្រកាស​មិន​ចូល​រួម​ក្នុង​ការ​ចរចា​បែង​ចែក​អំណាច​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ គឺ​ចង់​បាន​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​អោយ​ម្ចាស់​ឆ្នោត។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ក្នុង​មហា​បាតុកម្ម​នេះ​ថា បើ​សិន​ជា​ការ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ កញ្ញា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ ក្រុម​បាតុករ​នឹង​បន្ត​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ តវ៉ា​ទាំង​យប់​ទាំង​ថ្ងៃ​បន្ត​ទៅ​ទៀត។ ប្រសិន​បើ ការ​តវ៉ា​រយៈពេល ៣​ថ្ងៃ​ហើយ​នៅ​តែ​ពុំ​មាន​ដំណោះស្រាយ នោះ​មហា​បាតុកម្ម​នឹង​ផ្ទុះ​ឡើង​ទូទាំង​ប្រទេស។

លោក​បញ្ជាក់​ថា ការ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​នោះ គឺ​ធ្វើ​ជា​របៀប​ពហិការ រួម​មាន អ្នក​លក់​ទំនិញ​នៅ​តាម​ទីផ្សារ​ផ្អាក​លក់​ដូរ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ផ្អាក​ធ្វើ​ការ គ្រូបង្រៀន ផ្អាក​បង្រៀន ហើយ​បាតុករ​នឹង​នាំ​គ្នា​ចាប់​ផ្ដើម​ឈប់​ទិញ​ទំនិញ ឬ​ប្រើប្រាស់​ផលិតផល​របស់​អ្នក​គាំទ្រ​អ្នក​លួច​សន្លឹក​ឆ្នោត (គណបក្ស​ប្រជាជន​កម្ពុជា)។

លោក កឹម សុខា ក៏​បាន​អនុញ្ញាត​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​សម្រេច​ចិត្ត ថា​តើ​ទៅ​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឬ​អត់? លោក​ថា បើ​សិន​ជា​តំណាងរាស្ត្រ​ណា​ម្នាក់​សម្រេច​ចិត្ត​ចូល​រួម​ប្រជុំ អ្នក​តំណាង​រាស្ត្រ​នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់​ឆ្នោត​ដោយ​ខ្លួន​ឯង។

នៅ​ក្នុង​មហា​បាតុកម្ម​នៅ​ព្រឹក​នេះ​ដែរ មាន​តំណាងរាស្ត្រ​ជា​ច្រើន​បាន​ឡើង​ប្រកាស​ប្ដេជ្ញា​ចិត្ត​មិន​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​នោះ​ទេ។

ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ធនធាន​នៅ​រាជធានី​ភ្នំពេញ ជួ​យចូល​រួម​ឧបត្ថម្ភ​ម្ហូប​អាហារ ទឹក មក​ដល់​ក្រុម​បាតុករ​ក្នុង​អំឡុង​ពេល​បាតុកម្ម ៣​ថ្ងៃ ដែល​ក្រុម​បាតុករ​ទាំង​នោះ​នឹង​ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ផ្ទាល់​តែម្ដង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។