ក្រុមសកម្មជន និងមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ បន្តជួបជុំគ្នាហូបនំបញ្ចុក ខណៈមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ និងគណបក្សកាន់អំណាច មិនបានធ្វើនំបញ្ចុក ហើយកោះហៅពលរដ្ឋមកហូបទៀតទេ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ នៃគណបក្សសង្គ្រោះជាតិ លោក ថៃ ធីម ប្រាប់ថា ការហូបនំបញ្ចុក នៅព្រឹក ថ្ងៃទី១៥ មិថុនា មិនរងការឃ្លាំមើលពីអាជ្ញាធរ ឬសមត្ថកិច្ចដូចលើកមុនទេ។ ដូច្នេះ សមាជិកគណបក្សសង្គ្រោះជាតិទាំងអស់ មិនមានអារម្មណ៍ភ័យខ្លាចទេ។ លោក ថា សកម្មជនបក្សប្រឆាំងខេត្តកំពង់ធំ បានសម្រេចគ្នាហើយថា នឹងរ៉ៃអង្គាសលុយគ្នា ទិញនំបញ្ចុកហូបរាល់ចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ដើម្បីពង្រឹងជំហរ នៅតែស្រលាញ់ស្មោះស្ម័គ្រ នឹងគណបក្សសង្គ្រោះជាតិ។ លោកថា នៅថ្ងៃអាទិត្យ ទី១៦ មិថុនា ក្រុមសកម្មជនគណបក្សប្រឆាំង នឹងរៀបចំ ហូបនំបញ្ចុក នៅស្រុកស្ទោង៖ «មិនមានការស្លៀកពាក់ស៊ីវិល ឬសមត្ថកិច្ច ចូលមើលទេ ពីព្រឹកមិញ គឺដំណើរការធម្មតា មានតែអតីតសកម្មជន និង សកម្មនារី គណបក្សសង្គ្រោះជាតិមកពីតាមបណ្ដាឃុំនៃស្រុកកំពង់ស្វាយ តែប៉ុណ្ណឹង។ យើងរៀបចំ ជាលក្ខណៈការប្រជុំ ហូបនំបញ្ចុករវាងសមាជិកអតីតគណបក្សសង្គ្រោះជាតិ មិនធ្វើសង្ឃទានទេ គឺធ្វើជាលក្ខណៈជួបអតីតសមាជិកតែម្ដង»។
ចំណែក មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា វិញ នៅសប្ដាហ៍នេះ មិនបានទៅធ្វើពិធីហូបនំបញ្ចុក តាមមូលដ្ឋានទៀតទេ។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានទេ។ តែយ៉ាងណា ប្រព័ន្ធឃោសនាក្នុងស្រុកមួយចំនួន ដែលមាននិន្នាការគាំទ្រ ឬ ស្និទ្ធរបបក្រុងភ្នំពេញ និងគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា មិនបានចុះផ្សាយសកម្មភាពមន្ត្រីបក្សកាន់អំណាច នាំពលរដ្ឋ ហូបនំបញ្ចុកទេ នៅថ្ងៃទី១៥ មិថុនា។
លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ បានប្រកាសថា ការហូបនំបញ្ចុកទូទាំងប្រទេស ជាការសាមគ្គីជាតិ។ វាកើតចេញដោយសារ គណបក្សប្រឆាំង ប្រើកម្មវិធីហូបនំបញ្ចុកជាកម្មវិធីនយោបាយ«ច្រេះស៊ីដែក » និងគ្មានប្រសិទ្ធភាព ឬសមត្ថភាពប្រឆាំងរបបលោកបានឡើយ។
ប៉ុន្តែ អនុប្រធានគណបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១១ មិថុនា អះអាង ថា សមត្ថកិច្ចរកឃើញអ្នកគាំទ្របក្សប្រឆាំងខ្លះ យកឈ្មោះថា នំបញ្ចុក ប៉ុន្តែធាតុពិត គឺជាការប្រជុំគ្នា ជជែករឿងនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកអះអាងថា បើប្រជុំរឿងនយោបាយ ដើម្បីត្រៀមខ្លួនបោះឆ្នោតឆ្នាំ ២០២២ ឬ ឆ្នាំ ២០២៣ មិនមែនជាបញ្ហាទេ ហើយជារឿងល្អទៀត ព្រោះដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែការហូបនំបញ្ចុក ប្រជុំគ្នា ដើម្បីប្រមូលគ្នា ចាត់តាំងគ្នា មកធ្វើបដិវត្តន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាល គឺខុស។ លោកថា ក្រុមខ្លះ ជ្រកក្រោមស្លាកនំបញ្ចុក ប៉ុន្តែពួកគេ គ្មាននំបញ្ចុកទេ ពួកគេហូបបាយ ឬបបរ។
តាំងពីមន្ត្រីបក្សប្រឆាំងប្រមូលផ្ដុំគ្នាហូបនំបញ្ចុកមក របបក្រុងភ្នំពេញ បានធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ជិត១៥០ (១៤៩)នាក់ហើយ នៅទូទាំងប្រទេស ដោយអ្នកខ្លះ ត្រូវបានតុលាការកោះហៅ និងខ្លះទៀត ត្រូវបានសមត្ថកិច្ច កោះហៅទៅសួរនាំ និងឱ្យធ្វើកិច្ចសន្យា ឈប់ជួបជុំគ្នា ហូបនំបញ្ចុក ជជែករឿងនយោបាយ។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពង់ធំ លោក ខន សុជា អះអាងថា ពលរដ្ឋគ្រប់រូប មានសិទ្ធិជួបប្រជុំគ្នា ជជែករឿងនយោបាយ ហើយពួកគេ មានសិទ្ធិ សេរីភាព ក្នុងការគាំទ្រគោលនយោបាយ។ លោកថា បើទោះ ក្រុមសកម្មជនបក្សប្រឆាំង ឬពលរដ្ឋទៅទៅ ហូបនំបញ្ចុកជជែករឿងនយោបាយ ក៏គ្មានច្បាប់ណា ហាមឃាត់សិទ្ធិរបស់ពួកគេដែរ។ លោកថា ការហាមឃាត់សិទ្ធិសេរីភាពពួកគេ ទើបជារឿងខុសច្បាស់៖ «អ្នកណា ក៏ជជែករឿងនយោបាយដែរ យើងដើរតែវាយតម្លៃអ្នកនេះត្រូវច្បាប់ អ្នកនោះ ខុសច្បាប់ ដោយសារតែនិយាយរឿងនយោបាយ ខ្ញុំគិតថា មិនតិចជាងពាក់កណ្ដាលប្រទេសទេ ហូបនំបញ្ចុកនិយាយនយោបាយ។ ប៉ុន្តែសូមបញ្ជាក់ថា គាត់និយាយរឿងនយោបាយ គាំទ្រហ្នឹង គាត់បានទៅធ្វើសកម្មភាពឱ្យខុសច្បាប់ឬនៅ ? បើត្រឹមតែថា និយាយក្នុងចិត្តរបស់គាត់ ថា គាត់គាំទ្រគណបក្សនេះ គាំទ្របុគ្គលនេះ ខ្ញុំគិតថា ជាសិទ្ធិរបស់គាត់។ បើឈានដល់ខុសច្បាប់ទាល់តែមានសកម្មភាពស្ដែងចេញពីពាក្យសម្ដីនោះវិញ»។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ថៃ ធីម ប្រាប់ថា ក្រុមសកម្មជនបក្សប្រឆាំង នឹងតែបន្តជួបជុំគ្នាហូបនំបញ្ចុក និងមិនបញ្ឈប់សកម្មភាពនេះទេ បើទោះពួកគេរងគំរាមធ្ងន់ធ្ងរបែបណា ក៏ដោយ ព្រោះ ពួកគេមិនបានធ្វើអំពើល្មើសច្បាប់ ឬរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់ឡើយ។ លោកផ្ដាំទៅអាជ្ញាធរថា ការប្រមូលគ្នា ហូបនំបញ្ចុក ដោយសារក្ដី នឹករលឹក គ្មានបានរៀបចំផែនការអ្វី ទៅផ្ដួលរំលំរដ្ឋាភិបាលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។