សកម្មជនបក្សសង្គ្រោះជាតិអះអាងថា ពួកគេគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសនានា មួយចំនួន ដើម្បីប្រឆាំងវត្តមានចិននៅកម្ពុជា។ គម្រោងនេះគឺស្របពេលដែលសង្គមស៊ីវិល ក៏យកថ្ងៃទី២៣ ខែតុលា នេះ ជួបជុំរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ និងអ្នកនយោបាយវិលមកគោរពកិច្ចព្រមព្រៀងនេះឡើងវិញ។
សកម្មជនបក្សសង្គ្រោះជាតិគ្រោងបាតុកម្មប្រឆាំងវត្តមានចិននៅកម្ពុជា ស្របពេលដែលសង្គមស៊ីវិល យកថ្ងៃទី២៣ ខែតុលានេះ ជួបជុំរំលឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ។
ប្រធានចលនាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍ថា ក្រុមបាតុករនឹងទៅជួបជុំតវ៉ាមុខស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះដើម្បីបង្ហាញពីការមិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះវត្តមានចិននៅកម្ពុជា ដែលគេសង្ស័យថា កំពុងប្រើឥទ្ធិពលរបស់ខ្លួនគ្របដណ្ដប់មកលើដែនអធិបតេយ្យរបស់ខ្មែរ នឹងយកកម្ពុជាជាចំណាប់ខ្មាំងរបស់ខ្លួន។ លោកថា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាកំពុងមានភាពលម្អៀងទៅរកមហាអំណាចចិន ដែលនាំហានិភ័យដល់សន្តិសុខតំបន់៖ « យើងត្រូវមើលឡើងវិញនៅអត្ថន័យនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស គឺចែងថាឲ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យចិនក៏ជាសាក្សីដែរ អ៊ីចឹងចិនត្រូវតែគោរពអ្វីដែលខ្លួនបានអះអាងថាខ្លួនជាហត្ថលេខីមួយក្នុងហ្នឹង ហើយកំពុងយកបញ្ហានេះទៅជាន់ឈ្លី ទៅជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង ជាពិសេសផ្នែកនយោបាយនិងលទ្ធិប្រជាធិបតេយ្យហ្នឹងគឺចិន ចង់បញ្ចូលឥទ្ធិពលកុម្មុយនិស្តរបស់ខ្លួនក្នុងប្រទេសកម្ពុជា»។
ការលើកឡើងនេះ បន្ទាប់ពីអ្នកវិភាគ និងសាធារណជនមើលឃើញថា ចិនកំពុងបង្កើនឥទ្ធិពលអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង បង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា និងពង្រឹងទំនាក់ទំនងរវាងមេដឹកនាំប្រទេសកុម្មុយនិស្តមួយនេះជាមួយមេដឹកនាំកម្ពុជា។
រីឯក្រុមហ៊ុនរបស់ចិនដែលមកបោះទុនរកស៊ីនៅកម្ពុជាវិញ ខ្លះបង្កើតទំនាស់រ៉ាំរ៉ៃជាមួយពលរដ្ឋមូលដ្ឋាន ខ្លះទៀតរងការចោទប្រកាន់រឿងបំផ្លាញបរិស្ថាន និងមួយចំនួនកំពុងជាប់សង្ស័យពីរឿងអនុវត្តគម្រោងការណ៍សម្ងាត់ឱ្យយោធាចិន។ ជាឧទាហរណ៍ ក្រុមហ៊ុន យូឌីជី (UDG) កំពុងស្ថាបនាវាលយន្តហោះខ្នាតធំ និងកំពង់ផែទឹកជ្រៅនៅក្នុងខេត្តកោះកុង ដែលត្រូវបានក្រុមអ្នកជំនាញផ្នែកសន្តិសុខវាយតម្លៃថា ជាទីតាំងដែលយន្តហោះ និងនាវាចម្បាំងរបស់ចិនអាចចូលចតបាន។
គឺទីតាំងរបស់ក្រុមហ៊ុនយូឌីជី និងមូលដ្ឋានទ័ពជើងទឹករាមនេះហើយ ដែលក្រុមអ្នកជំនាញសន្តិសុខអន្តរជាតិ ព្រួយបារម្ភថា អាចជាទីតាំងឈរជើងរបស់យោធាចិននៅកម្ពុជា។
ក្នុងគម្រោងវិនិយោគនៅកម្ពុជានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុនចិនមួយឈ្មោះ យូ ឌីជី (UDG) ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងគម្រោងវិនិយោគរបស់ខ្លួន ក្រោមច្បាប់ ក្លូបល មែកនីតស្គី អ៊ែកធ៍ (Global Magnitsky)។ ក្រសួងរតនាគារអាមេរិកថា ចិន បានប្រើប្រាស់គម្រោងរបស់ក្រុមហ៊ុននេះនៅកម្ពុជា ដើម្បីពង្រីកមហិច្ឆតារបស់ខ្លួនក្នុងការពង្រីកអំណាចរបស់ចិននៅលើសាកលលោក។
នៅថ្ងៃទី២៣ តុលា ខាងមុខនេះដែរ ក្រុមអង្គការសង្គមស៊ីវិលប្រមាណ ១ពាន់នាក់ក៏គ្រោងប្រារព្ធពិធីរំលឹកខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា នៅឯទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ និងអ្នកនយោបាយវិលមកគោរពកិច្ចព្រមព្រៀងនេះឡើងវិញ។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិល នឹងដាក់ញត្តិទៅប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះទាំងអស់ ដើម្បីឲ្យជួយជំរុញដល់មេដឹកនាំកម្ពុជា ងាកមកគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះឡើងវិញ នៅក្នុងពេលមេដឹកនាំខ្មែរកំពុងតែបែកបាក់គ្នានេះ៖ « ក្រោយកិច្ចព្រមព្រៀងថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំងអស់បានចូលមកចរចាជជែកគ្នារកដំណោះស្រាយប្រទេសជាតិឆ្នាំ១៩៩៣ និងចូលរួមសម្របសម្រួលឲ្យមានការជជែកគ្នាឡើងវិញឲ្យស្ដារប្រទេសជាតិ នៅក្នុងរដ្ឋធម្មនុញ្ញនេះមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងដំណាក់កាលនោះ សម្រាប់ជជែកពីការស្ដារលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតនិងសិទ្ធិមនុស្សមានចែងផ្សេង។ ក្នុងនោះក៏ មានប្រទេសក្នុងពិភពលោកចូលរួមជាសាក្សីជាតឹកតាងក្នុងនោះដែរ។ យើងសង្ឃឹមថា រដ្ឋាភិបាលមិនបោះបង់ចោលគោលការណ៍នេះទេ ទោះបីថាមតិថាមាននិន្នាការទៅរកកុម្មុយនិស្តក្ដី»។
នៅក្នុងគម្រោងប្រារព្ធពិធីនេះ សង្គមស៊ីវិលក៏មិនភ្លេចស្នើទៅថ្នាក់ដឹកនាំរបបក្រុងភ្នំពេញឲ្យដាក់បញ្ចូលឡើងវិញនូវថ្ងៃ២៣ ខែតុលា ជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដើម្បីលើកតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលកម្ពុជាជាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។
អ្នកជំនាញខាងភូមិសាស្ត្រនយោបាយយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវប្រឹងប្រែងពង្រឹងឯកភាពផ្ទៃក្នុង និងកសាងសង្គមដ៏រឹងមាំមួយលើមាគ៌ាប្រជាធិបតេយ្យ គោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបប្រទេសមហាអំណាចមិនមានលេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬដាក់សម្ពាធលើកម្ពុជាឱ្យធ្វើតាមការចង់បានរបស់ពួកគេ ហើយកម្ពុជាអាចចៀសផុតពីការជាន់ដានប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។