សកម្មជនគណបក្សសង្គ្រោះជាតិ ថ្កោលទោសតុលាការក្រុងភ្នំពេញថា អនុវត្តច្បាប់តាមបញ្ជាបក្សកាន់អំណាច ដោយមិនឈរលើឯករាជ្យភាព និងវិជ្ជាជីវៈនោះទេ។ ពួកគេប្រកាស មិនទទួលយកការសម្រេចរបស់តុលាការក្រុងភ្នំពេញនោះទេ ប្រសិនបើតុលាការសម្រេចកាត់ទោសឲ្យពួកគេជាប់ពន្ធនាគារ។ សង្គមស៊ីវិលយល់ឃើញថា ករណីនេះ ជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។
យុវជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឱ្យចូលសវនាការនៅចុងខែវិច្ឆិកានោះ ឱ្យដឹងថា ពួកគេនឹងមិនចូលរួមក្នុងសវនាការនេះឡើយ ព្រោះគ្មានជំនឿថា នឹងមានយុត្តិធម៌។
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ ដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី កញ្ញា សៅ ឧសភា ឲ្យដឹងថា កញ្ញាពុំមានកំហុសអ្វីឡើយ ហើយកញ្ញានឹងមិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញដែលអនុវត្តច្បាប់តាមបញ្ជារបស់បក្សកាន់អំណាចនោះទេ។ កញ្ញាបន្តថា កញ្ញាចង់ឲ្យតុលាការមានភាពឯករាជ្យនៅក្នុងតួនាទីរបស់ខ្លួនដែលបានផឹកទឹកសម្បថមុនចូលធ្វើការ ដោយត្រូវអនុវត្តតាមគោលការច្បាប់ និងវិជ្ជាជីវៈរបស់ខ្លួន៖ «ចំពោះការកោះហៅនេះ វាបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាយើង វាអត់មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដពេញលេញទេ ហើយគាត់តែងតែព្យាយាមបន្សាបនូវសំឡេងលទ្ធិប្រជាធិបតេយ្យក៏ដូចជាសំឡេងគណបក្សសង្គ្រោះជាតិ និងសំឡេងរបស់ពលរដ្ឋដែលជាម្ចាស់ប្រទេស ១៦លាននាក់ហ្នឹង គឺគាត់ព្យាយាមបន្សាបៗកុំឲ្យមានអ្នកដែលហ៊ាននិយាយការពិត អ្នកដែលចូលរួមតស៊ូមតិអីផ្សេងៗហ្នឹងគឺគាត់ព្យាយាមបន្សាបដោយយកពួកខ្ញុំទាំង ៤៦រូបហ្នឹង កោះពួកខ្ញុំ ហើយមានការចាប់ខ្លួនសកម្មជនកន្លងមកហ្នឹងៗហើយជារឿងមួយដែលគណបក្សប្រជាជនកម្ពុជាគាត់ព្យាយាមបន្សាបសំឡេងអ្នកលទ្ធិប្រជាធិបតេយ្យ»។
ចំណែក យុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម លោក រិន រដ្ឋ ដែលជាប់ឈ្មោះក្នុងដីកាកោះហៅដែរនោះ លើកឡើងថា លោកពុំមានការភិតភ័យចំពោះរឿងនេះទេ ដោយសារលោកយល់ច្បាស់ថា លោក ហ៊ុន សែន តែងយកប្រព័ន្ធតុលាការមកធ្វើទុក្ខបុកម្នេញលើសកម្មជន និងប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកអះអាងថា ដីកាកោះហៅទាំងនេះ គឺជាការបង្គាប់បញ្ជាពីបក្សកាន់អំណាច ដែលជារឿងនយោបាយសុទ្ធសាធ។ លោកសង្កត់ធ្ងន់ថា លោកនឹងមិនទទួលយកសាលក្រមរបស់តុលាការក្រុងភ្នំពេញនោះទេ ប្រសិនបើតុលាការនេះកាត់ក្តីឲ្យពួកលោកជាប់ពន្ធនាគារ ដោយអះអាងថា ជារឿងអយុត្តិធម៌ និងមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់៖ «យើងមើលឃើញថា ចូលទៅក៏វាអត់មានបានប្រយោជន៍អីដែរ ព្រោះអីខាតតែការងារខាតតែពេលវេលាទេ ព្រោះអីរបបលោក ហ៊ុន សែន យកអាដីកា យកបទចោទហ្នឹងដដែលៗ ហើយអត់ទាន់មានឃើញកាត់ទោស អត់មានឃើញមានមូលដ្ឋានច្បាប់ណាច្បាស់លាស់ ដើម្បីដាក់បន្ទុកទៅលើពួកគាត់ឲ្យបានជាក់លាក់ និងច្បាស់លាស់ទៅតាមនីតិវិធីច្បាប់ និងតាម គេហៅថា ច្បាប់រដ្ឋធម្មនុញ្ញហ្នឹងទេ គឺអត់មានតែម្ដង»។
រីឯ យុវជនគណបក្សសង្គ្រោះជាតិមួយរូបទៀត លោក សេង ម៉េងប៊ុនរ៉ុង ឲ្យអាស៊ីសេរីដឹងថា លោកហ៊ានចូលរួមតតាំងក្តីនៅតុលាការ ប្រសិនបើរបបលោក ហ៊ុន សែន ផ្ដល់សុពលភាពលិខិតឆ្លងដែន និងបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលកម្ពុជាវិញ។ លោកចាត់ទុក ចំណាត់ការរបស់តុលាការនៅពេលនេះថា ជាការធ្វើទុក្ខបុកម្នេញលើសកម្មជន និងពលរដ្ឋ ដែលមិនមានប្រយោជន៍អ្វីដល់កម្ពុជានោះទេ គឺមានតែការបែកបាក់ជាតិ។ លោកអះអាងថា លោក ហ៊ុន សែន គួរគិតប្រយោជន៍ជាតិជាធំ ដោយត្រូវងាករកតុចរចា ដើម្បីបញ្ចប់ជម្លោះនយោបាយ និងស្ដារសេដ្ឋកិច្ចឡើងវិញ ដើម្បីជួយដល់ពលរដ្ឋខ្មែរ៖ «សម្រាប់ខ្ញុំគ្រាន់តែចង់ផ្តាំផ្ញើឲ្យគាត់ហ្នឹង ធ្វើអីឲ្យគិតពីជាតិមុន កុំគិតតែពីបក្សពួករបស់គាត់ ហើយធ្វើទុកបុកម្នេញក្រុមម្ខាងទៀត ដែលមានសំឡេងផ្ទុយពីក្រុមរបស់គាត់។ នេះ គឺជាសាររបស់ខ្ញុំក្នុងនាមខ្ញុំជាយុវជន ហើយខ្ញុំធ្វើការច្រើនជាមួយនឹងប្រជាពលរដ្ឋ ខ្ញុំដឹង គាត់ចង់ឲ្យអ្នកនយោបាយចូលតុចរចា គាត់ចង់ឲ្យអ្នកនយោបាយចេះនិយាយគ្នាទៅ ដើម្បីឲ្យជាតិយើងទៅមុខ អ៊ីចឹងបើសិនជាអ្នកនយោបាយត្រូវគ្នា យ៉ាងហោចណាស់ក៏យើងបានពិភាក្សា នៅពេលដែលយើងធ្វើអីទៅ គឺត្រូវចិត្តប្រជាពលរដ្ឋ បើអត់បានពិភាក្សាជាមួយក្រុមឲ្យច្រើនអ៊ីចឹងការអនុម័ត ឬមួយក៏ការធ្វើអីមួយគាត់ គឺគាត់ធ្វើអីតែតាមគំនិតរបស់គាត់ អត់មានគំនិតជាតិ ឬមួយក៏អត់មានគំនិតថា ធ្វើអ្វីដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់ទេ គឺគាត់ធ្វើដើម្បីក្រុមគាត់ បក្សពួកគាត់ អំណាចរបស់គាត់»។
តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ និងសកម្មជនចំនួន ៤៦នាក់សរុបចំនួន ៥៩នាក់ ចូលរួមសវនាការជាកំហិត នៅថ្ងៃទី២៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាសំណុំរឿងចាស់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការកោះហៅនោះ រួមមាន ប្រធានស្តីទីគណបក្ស លោក សម រង្ស៊ី និងភរិយា គឺអ្នកស្រី ជូឡុង សូម៉ូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង រួមទាំងថ្នាក់ដឹកនាំ និងសកម្មជនជាច្រើននាក់ទៀត ដែលភាគច្រើនបាននិរទេសខ្លួននៅក្រៅប្រទេស និងខ្លះទៀតសំងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មិនផ្ដល់អត្ថាធិប្បាយអ្វីនោះទេចំពោះរឿងនាំខ្លួនសកម្មជនបក្សប្រឆាំងចូលសវនាការ ដោយលោកបង្វែរសំនួរទៅតុលាការក្រុងភ្នំពេញវិញ រួចផ្ដាច់ទូរស័ព្ទ។ ចំណែក អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក គុជ គឹមឡុង មិនលើកទូរស័ព្ទទេ នៅថ្ងៃទី៤ វិច្ឆិកា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សំណុំរឿងទាំងអស់នេះ គឺជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់។ លោកស្នើឲ្យអ្នកនយោបាយគួរឈរលើឧត្ដមប្រយោជន៍ជាតិ ហើយងាករកតុចរចា ដើម្បីបញ្ចប់វិបត្តិនយោបាយ៖ «បើសិនជាអ្នកទាំងអស់ហ្នឹងប្ដេជ្ញាក្នុងការចូលមកបំភ្លឺនៅមុខតុលាការ វាគួរតែអនុញ្ញាតឲ្យចូលហើយ ពីព្រោះដើម្បីទាមទារយុត្តិធម៌នៅក្នុងសង្គម សវនាការឬក៏ការជជែកដេញដោលគ្នាហ្នឹងវាជារឿងសំខាន់ណាស់ អ៊ីចឹងវាអត់មានអីដែលត្រូវឃាឃាំង ឬក៏ហាមឃាត់ទេ ពីព្រោះវាជាដំណើរការផ្លូវច្បាប់របស់តុលាការ អ៊ីចឹងតុលាការកោះអញ្ជើញហើយ អាហ្នឹងទាល់តែមានការអនុញ្ញាតឲ្យចូល អាហ្នឹងដើម្បីភាពយុត្តិធម៌ អាហ្នឹងវាត្រូវតែអនុញ្ញាតឲ្យចូលមកចំពោះមុខច្បាប់ហើយ»។
ក្រោយពីលោក សម រង្ស៊ី បានប្រកាសវិលចូលកម្ពុជាសាជាថ្មីម្តងទៀតមក តុលាការស្ទើរគ្រប់រាជធានី-ខេត្ត បានសើរើសំណុំរឿងចាស់ៗ និងកោះហៅពួកគេឱ្យចូលរួមក្នុងសវនាការជាបន្តបន្ទាប់ ហើយមានករណីខ្លះ តុលាការបានកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ ពី ៥ឆ្នាំដល់ ៧ឆ្នាំ។ ចាប់តាំងពីខែមករា មកដល់ដើមខែវិច្ឆិកា អាជ្ញាធរបានចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាង ២០នាក់ ហើយ ដោយចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ជាតិ ញុះញង់ឱ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គម។ ក្រៅពីនេះ សកម្មជនជាច្រើននាក់ទៀត បានរងការវាយដំបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយគ្មានករណីណាមួយដែលអាជ្ញាធរនាំជនល្មើសមកផ្ដន្ទាទោសតាមច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។