ខុមហ្វ្រែល​បង្ហាញ​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល

0:00 / 0:00

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) រក​ឃើញ​ថា ក្នុង​ឆ្នាំ​ទី​២ រដ្ឋាភិបាល​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ បាន​សម្រេច​ការអនុវត្ត​គោលនយោបាយ​ចំនួន ៦​ចំណុច ហើយ ៧​ចំណុច​ទៀត សម្រេច​បាន​ខ្លះ ក្នុង​ចំណោម​គោលនយោបាយ​ទាំង ៣៣​ចំណុច។

អង្គការ​ខុមហ្វ្រែល បាន​វាយតម្លៃ​លើ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ផ្អែក​ទៅ​លើ​ការ​ដាក់​ពិន្ទុ​របស់​ប្រជាពលរដ្ឋ​ចំនួន ៧៩៧​នាក់ ក្នុង ២៤​រាជធានី ខេត្ត ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ម្ចាស់ឆ្នោត ព្រម​ទាំង​ផ្អែក​ទៅ​លើ​ការ​វិភាគ​ព័ត៌មាន​ដែល​បាន​មក​ពី​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល។

ជា​រួម ខុមហ្វ្រែល បង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផ្តល់​ពិន្ទុ មាន​ប្រមាណ ២៦​ភាគរយ​ពេញ​ចិត្ត ប្រមាណ ៦២​ភាគរយ ពេញ​ចិត្ត​ខ្លះ និង ១២​ភាគរយ មិន​ពេញ​ចិត្ត​នូវ​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល។

របាយការណ៍​របស់​ខុមហ្វ្រែល រដ្ឋាភិបាល​បាន​សម្រេច​នូវ​ការ​អនុវត្ត​គោលនយោបាយ​ការ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​បង្កើត​គោលនយោបាយ​ស្ដីពី​មុខ​របរ និង​ការងារ កំណើន​សេដ្ឋកិច្ច ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ការ​រៀបចំ​គោលនយោបាយ​ដឹក​ជញ្ជូន​ទីក្រុង គោលដៅ​នៃ​ចំនួន​ទេសចរណ៍​ពី​ក្រៅ​ប្រទេស និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​អត្រា ១​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ចំណែក​គោលនយោបាយ​ដែល​បាន​អនុវត្ត ឬ​សម្រេច​បាន​ខ្លះ រួម​មាន​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ ការ​ចុះ​បញ្ជី​ដីធ្លី ការ​បង្កើត​គោលនយោបាយ​ជាតិ​ស្តីពី​សិទ្ធិ​លំនៅឋាន ការ​ផ្ដល់​សេវា​ទឹក​ស្អាត​ដល់​ប្រជាជន ការ​ពង្រីក ការ​ផ្គត់ផ្គង់​អគ្គីសនី​ពី​បណ្តាញ​ជាតិ​ឲ្យ​ដល់​ភូមិ ការ​បន្ត​កសាង​អនុវិទ្យាល័យ​ឲ្យ​បាន​គ្រប់​ឃុំ និង​ការ​រក្សា​ផ្ទៃ​នេសាទ​ទឹកសាប។

លទ្ធផល​នៃ​ការ​អង្កេត​របស់​ខុមហ្វ្រែល បញ្ជាក់​ថា គោលនយោបាយ​ចំនួន​៣ ដែល​រដ្ឋាភិបាល​បាន​អនុវត្ត តែ​មិន​អាច​សម្រេច​បាន​មាន​ដូចជា ការ​រក្សា​ផ្ទៃដី​ដែល​គ្របដណ្តប់​ដោយ​ព្រៃឈើ ការ​ដាក់​ដំណើរ​ការ​របប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ និយោជិត​ក្នុង​វិស័យ​ឯកជន និង​ការ​កែ​លម្អ​ផ្លូវលំ​ជនបទ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែង​ថា នៅ​ក្នុង​របាយការណ៍​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​អនុវត្ត​មិន​បាន​សម្រេច​គោលនយោបាយ​របស់​រដ្ឋាភិបាល។ លោក​ឆ្ងល់​ថា រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៥ មាន​ខ្ទង់​ចំណាយ​សម្រាប់​គ្រប់​វិស័យ ក៏​ប៉ុន្តែ មិន​អាច​សម្រេច​បាន​តាម​ផែនការ​ចំណាយ៖ «(មូលហេតុ) សម្រេច​បាន​ខ្លះៗ មិន​ពេញ។ (ការអនុវត្ត​គោលនយោបាយ) ខ្ញុំ​មិន​អាច​ពន្យល់​បាន។ ក៏​ប៉ុន្តែ​ថវិកា​ជាតិ ដូចជា​មាន​ទេ ទៅ​ក្នុង​វិស័យ​ដែល​រដ្ឋាភិបាល​មិន​អាច​អនុវត្ត​បាន ក៏ប៉ុន្តែ​មិន​ដឹង​មូលហេតុ​អ្វី​នៅ​ក្រោយ​ហ្នឹង»

គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៥ មាន​ចំនួន​ជិត ៤​ពាន់ (៣.៧៥៨) លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ក្នុង​ថវិកា​ជាតិ​សរុប រដ្ឋាភិបាល​គ្រោង​ចំណាយ​លើ​វិស័យ​សង្គមកិច្ច​ចំនួន ២៧,៨២​ភាគរយ ចំណាយ​លើ​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ចំនួន ១៦,២៤​ភាគរយ ចំណាយ​លើ​វិស័យ​រដ្ឋបាល​ទូទៅ​ចំនួន ១១,១៨​ភាគរយ។

​កម្មវិធី​គោលនយោបាយ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៥ ផ្តោតលើ​វិស័យ ៤​សំខាន់ៗ មាន​គោលនយោបាយ​ការ​ការពារ​ជាតិ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ គោលនយោបាយ​ការ​ពង្រឹង​រដ្ឋបាល​សាធារណៈ វិមជ្ឈការ និង​វិសហមជ្ឈការ ការ​ពង្រឹង​ផ្នែក​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​ប្រឆាំង​អំពើ​ពុករលួយ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​គោលនយោបាយ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ សុខាភិបាល ការងារ វប្បធម៌ និង​សង្គមកិច្ច។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​មោទនភាព​ចំពោះ​ការ​សម្រេច​នូវ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ការ​ប្រមូល​ពន្ធ ការ​កាត់​បន្ថយ​ប្រព័ន្ធ​ការិយាធិបតេយ្យ ជាដើម។

ឆ្លើយ​តប​នឹង​ភាព​បរាជ័យ​នៃ​ការ​អនុវត្ត​គោលនយោបាយ​មួយ​ចំនួន លោក ផៃ ស៊ីផាន បញ្ជាក់​ថា គ្មាន​រដ្ឋាភិបាល​ណា​មួយ​ដែល​អាច​សម្រេច​បាន​ទាំង​ស្រុង​ទេ៖ «គ្មាន​រដ្ឋាភិបាល​ណា​មួយ​ក្នុង​លោក​អាច​ធ្វើ​បាន ១០០​ភាគរយ​នោះ​ទេ។ ក៏​ប៉ុន្តែ ជា​ទូទៅ យើង​ធ្វើ​បាន ៧០ ទៅ ៨០​ភាគរយ នៃ​អ្វី​ដែល​បាន​គ្រោង​នៅ​ក្នុង​គោលនយោបាយ​ចតុកោណ។ យើង​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​ជា​កំណែ​ទម្រង់»

យ៉ាងណា​ក៏ដោយ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​របាយការណ៍​ស្តីពី​ការ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​គោលនយោបាយ​នៅ​ឡើយ​ទេ។ លោក​ថា ការ​វាយ​តម្លៃ​នេះ នឹង​ធ្វើ​នៅ​ឆ្នាំ​ទី​បី នៃ​នីតិកាល​ទី​៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។