ក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀននៅតាមមូលដ្ឋានមួយចំនួនព្រួយបារម្ភពីសុវត្ថិភាពដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីផលប្រយោជន៍ជាតិទាំងមូល។
សកម្មជនគណបក្សភ្លើងទៀនព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ក្រោយពួកគាត់ ទទួលរងអំពើហិង្សា ការតាមដាន ការអូសទាញឲ្យចុះចូលបក្សកាន់អំណាច និងការដាក់សម្ពាធស្ទើរគ្រប់រូបភាពពីសំណាក់ជនមិនស្គាល់មុខ និងអាជ្ញាធរជាហូរហែមកនេះ។ ពួកគេចង់ឃើញរដ្ឋាភិបាលងាកមកបើកលំហសេរីភាព ស្ដារប្រជាធិបតេយ្យ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងតទៅទៀត។
ជំទប់ទី២ ឃុំមេទឹក នៅស្រុកបាកាន ខេត្តពោធិ៍សាត់ មកពីគណបក្សភ្លើងទៀន លោក សុខ ចាន់ថន អះអាងថា ជនមិនស្គាល់អត្តសញ្ញាណបានលួចបាញ់ថ្មមួយដុំសំដៅក្បាលរបស់លោក កាលពីថ្ងៃទី២០ ខែកញ្ញា បណ្តាលឱ្យបែកមួកសុវត្ថិភាព តែការប៉ុនប៉ងនោះមិនបង្កឱ្យលោករបួសនោះទេ។ លោកឱ្យដឹងថា ហេតុការណ៍នោះគឺកើតឡើង ក្រោយពេលដែលលោកត្រូវបានជនមិនស្គាល់មុខ ជិះម៉ូតូតាមដានសកម្មភាពរបស់លោកចូលរួមកិច្ចប្រជុំជាមួយគណបក្សខេត្ត និងចុះជួបសកម្មជនថ្នាក់ក្រោមជាបន្តបន្ទាប់ កាលពីថ្ងៃទី៧ និងថ្ងៃទី១៣ ខែកញ្ញា។
លោក សុខ ចាន់ថន៖ «បើផ្អែកលើរឿងគំនុំគឺខ្ញុំហាក់បីដូចជាគ្មានជាមួយបងប្អូនរបស់យើងជិតខាង សូម្បីតែក្នុងចង្កោមក្រុមការងារ។ បើសិនរឿងនេះជារឿងនយោបាយ ពិតមែនសុំឈប់ទៅ ពីព្រោះវាគ្មានប្រយោជន៍អ្វីនោះទេ បើសិនទុកខ្ញុំអាចជួយកិច្ចការងារច្រើនចំពោះសង្គម អ៊ីចឹងយ៉ាងហោចណាស់ក៏បានជួយបានការងារមួយចំនួនដែរ បើសិនកម្ចាត់ខ្ញុំចោល ឬធ្វើឱ្យខ្ញុំបាត់បង់អាយុជីវិត គ្មានប្រយោជន៍ទេ ពីព្រោះបៀតបៀនខ្មែរឱ្យរងទុក្ខអត់ន័យខ្លឹមសារអ្វីទេ»។
ជុំវិញរឿងនេះ អធិការដ្ឋាននគរបាលស្រុកបាកាន អះអាងក្នុងសេចក្តីបំភ្លឺព័ត៌មានថា ករណីកើតឡើងចំពោះលោក សុខ ចាន់ថន មិនជាប់ទាក់ទងរឿងនយោបាយទេ។ សមត្ថកិច្ចអះអាងថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចស្រាវជ្រាវឃើញថា ការអះអាងរបស់សកម្មជនបក្សប្រឆាំង មិនសមហេតុផលហើយគ្មានជនសង្ស័យនៅកន្លែងកើតហេតុ។
ទោះយ៉ាងណាជនរងគ្រោះ លោក សុខ ចាន់ថន បដិសេធការសន្និដ្ឋានរបស់សមត្ថកិច្ច។ លោក សុខ ចាន់ថន បញ្ជាក់ថា បើសិនពេលកើតហេតុលោកពុំបានពាក់មួកសុវត្ថិភាពការពារទេ លោកអាចនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ លោកស្នើយ៉ាងទទូចដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវស៊ើបអង្កេតវែកមុខរកជនប្រព្រឹត្តដើម្បីផ្តល់យុត្តិធម៌ និងធានាអំពីសុខសុវត្ថិភាពរបស់លោក។
លោក សុខ ចាន់ថន៖ «ពីព្រោះវាជារឿងគ្រោះថ្នាក់ដល់អាយុជីវិត ហើយគ្មានលក្ខខណ្ឌណាដែលខ្ញុំត្រូវយកបញ្ហានេះមកលេងសើចទេ ហើយវាជាភាពចៃដន្យ ឬមិនចៃដន្យយ៉ាងណាទេ ការបាញ់នេះវាជាប់នឹងមួករបស់ខ្ញុំពិតប្រាកដមែន ហើយរឿងដែលសមត្ថកិច្ចបកស្រាយបែបនេះខ្ញុំសុំមិនទទួលយកជាដាច់ខាត ពីព្រោះគ្មានលក្ខខណ្ឌណាធ្វើឱ្យខ្ញុំប្រឌិតរឿងនេះឡើងទេ»។
សកម្មជនគណបក្សភ្លើងទៀននៅតាមមូលដ្ឋានមិនត្រឹមតែរងការបំភិតបំភ័យ និងអំពើហិង្សានោះទេតែពួកគេខ្លះត្រូវមន្ត្រីបក្សប្រជាជនកម្ពុជា គំរាមកំហែងឱ្យទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀតផង។
ជំទប់ទី២ឃុំស្រែ នៅខេត្តកំពត មកពីបក្សភ្លើងទៀនគឺលោក សៀង ភាស់ ឱ្យដឹងថា មន្ត្រីបក្សកាន់អំណាចបានធ្វើសកម្មភាពដើរអូសទាញលោក និងក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជាគគ្រឹកគគ្រេងក្នុងស្រុកជុំគីរី ដោយសន្យាផ្ដល់តួនាទី និងលុយកាក់ជាដើម។ លោកថា បញ្ហានេះបានធ្វើឱ្យពួកលោករងសម្ពាធក្នុងការបំពេញការងារ ជាពិសេសលោកព្រួយបារម្ភអំពីសុវត្ថិភាព និងការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ដូចនឹងពេលកន្លងទៅ ក្រោយពេលសកម្មជនប្រឆាំងមិនព្រមលក់ឧត្ដមគតិតាមការអូសទាញជាច្រើនលើកមកនោះ។
លោក សៀង ភាស់៖ «អ្នកជាប់ឆ្នោតត្រូវមានសិទ្ធិទៅតាមច្បាប់ក្នុងការបម្រើប្រជាពលរដ្ឋមិនមែនមានតែបក្ខពួក រើសអើង ហើយមិនមែនចែកតំណែងតួនាទីឱ្យតែក្រុមខ្លួន ហើយក្រុមបក្សប្រឆាំងមិនឱ្យធ្វើការងារ អនុវត្តតួនាទី ខ្ញុំស្នើសុំឱ្យបើកឱ្យទូលាយដើម្បីឈានទៅរកប្រជាធិបតេយ្យពិតប្រាកដ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភក៌ ដើម្បីបកស្រាយរឿងនេះបានទេ នៅថ្ងៃទី២៣ ខែកញ្ញា។
ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ ថ្លែងថា រូបភាពនៃអំពើហិង្សា និងការអូសទាញបានគំរាមកំហែងមកលើផ្លូវកាយនិងចិត្តរបស់សកម្មជនបក្សភ្លើងទៀន គឺជារឿងគួរឱ្យព្រួយបារម្ភ។ លោកអំពាវនាវដល់អាជ្ញាធរត្រូវចាត់វិធានការបញ្ឈប់សកម្មភាពឱ្យបានម៉ឺងម៉ាត់ការពារសុវត្ថិភាពរបស់សកម្មជនបក្សភ្លើងទៀន ដើម្បីឲ្យពួកគេ អាចអនុវត្តតួនាទីនៅមូលដ្ឋានតាមច្បាប់។
លោក គីមសួរ ភីរិទ្ធ៖ «ទន្ទឹមនឹងនេះគណបក្សភ្លើងទៀនមានគោលជំហរ នឹងចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាបញ្ឈប់បន្ទាន់នូវជនទាំងឡាយណាដែលប្រើប្រាស់វិធីបែបនេះ ហើយស្នើឱ្យជួយរក្សានូវសុវត្ថិភាពផ្លូវកាយចិត្តដល់សមាជិកគណបក្សភ្លើងទៀនដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសផងដែរ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ទោះបីសិទ្ធិនយោបាយធានាដោយរដ្ឋធម្មនុញ្ញយ៉ាងណាក្តី ប៉ុន្តែមកទល់ពេលនេះសកម្មជនបក្សប្រឆាំងនៅតែរងការចាប់ខ្លួន អំពើហិង្សា ការបំភិតបំភ័យដែលបញ្ហានេះធ្វើឱ្យមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
លោក ស៊ឹង សែនករុណា៖ «សិទ្ធិនយោបាយជាសិទ្ធិមនុស្សដ៏សំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ហើយបើសិនសកម្មជននយោបាយមិនអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានទេ សួរថា តើយើងអាចហៅប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាធិបតេយ្យត្រឹមត្រូវបានឬទេ នេះជាបញ្ហាដែលគេចោទសួរ។ សហគមន៍អន្តរជាតិតែងតែលើកឡើងជារឿយៗស្នើឱ្យមានការបើកសិទ្ធិសេរីភាពទាក់ទងនឹងសកម្មភាពរបស់សកម្មជននយោបាយ អ៊ីចឹងហើយបានគេថា ករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពធូរស្រាលនោះទេ ទោះបីមានរដ្ឋាភិបាលថ្មីក៏ដោយ»។
ទោះបីគណបក្សប្រជាជនកម្ពុជាបានរៀបចំការបោះឆ្នោតដោយគ្មានវត្តមានគណបក្សប្រឆាំង និងរៀបចំរដ្ឋាភិបាលថ្មីក្នុងការផ្ទេរអំណាចដល់កូនចៅជំនាន់ក្រោយ ដោយពុំមានឧបសគ្គក្តី ប៉ុន្តែគណបក្សកាន់អំណាចនៅតែប្រើល្បិចស្ទើរគ្រប់រូបភាព ដូចជាការលួងលោម ការទិញទឹកចិត្ត ការគំរាមកំហែង ការចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ។ បញ្ហានេះធ្វើឱ្យសាធារណជនរិះគន់ថា រដ្ឋាភិបាលដែលដឹកនាំដោយ ហ៊ុន ម៉ាណែត ថា ក៏មិនខុសពីឪពុករបស់លោកគឺ លោក ហ៊ុន សែន ដែរ ពោលគឺយកប្រព័ន្ធតុលាការធ្វើជាអាវុធចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារដើម្បីគំរាមកំហែងឱ្យសកម្មជនគណបក្សប្រឆាំងផ្សេងទៀត ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីពេលថ្មីៗនេះ ក្នុងពេលប្រជុំអាស៊ាន (ASEAN) នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហប្រជាធិបតេយ្យ និងការចូលរួមដ៏រឹងមាំរបស់សង្គមស៊ីវិលដែលជាកត្តាជំរុញជាមូលដ្ឋាននៃការអភិវឌ្ឍប្រកបដោយចីរភាព និងមានសារសំខាន់ក្នុងការទ្រទ្រង់សន្តិភាពនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។