តុលាការ​ចេញ​ដីកា​ឲ្យ​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​​លើក​ទី២

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ (រូប៖ Screenshot and RFA)

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​សមត្ថកិច្ច​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មក​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា ករណី​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​​ជា​លើក​ទី២។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ផ្ដន្ទាទោស​គុណ​នឹង ​២​ដង ព្រោះ​មិន​រាង​ចាល។ ឯ​មន្ត្រី​បក្ស​ប្រឆាំង និង​​អ្នក​វិភាគ​​យល់​ថា ដីកា​នេះ​ គ្មាន​ឥទ្ធិពល​​អ្វី​ឡើយ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ បាន​​បញ្ជា​ឲ្យ​កង​កម្លាំង​សាធារណៈ ​ស្រាវ​ជ្រាវ​ចាប់ និង​នាំ​ខ្លួន​លោក សម រង្ស៊ី មក​ប្រគល់​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់ និង​​បញ្ជា​ដល់​ពន្ធនាគារ ឬ​មណ្ឌល​ឃុំ​ខ្លួន ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​គ្រប់​ទទួល និង​ឃុំ​ខ្លួន​​លោក សម រង្ស៊ី ក្នុង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​​ជា​លើក​ទី២។

ចៅក្រម​​ចោទ​ថា ​លោក សម រង្ស៊ី ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា​ តាម​បញ្ញត្តិ​មាត្រា ៤៣៧ស្ទួន នៃ​ក្រម​ព្រហ្មទណ្ឌ។

នេះ​ជា​បទ​ចោទ​ប្រមាថ​ព្រះ​មហាក្សត្រ​លើក​ទី២ គឺ​របប​ក្រុង​ភ្នំពេញ​ចោទ​ថា លោក សម រង្ស៊ី ប្រើ​ពាក្យ​អសុរ​ស ប្រមាថ​ព្រះ​មហាក្សត្រ។ របប​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចោទ​ប្រកាន់​លោក សម រង្ស៊ី ប្រមាថ​ព្រះ​មហាក្សត្រ​ម្ដង​ហើយ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ គឺ​មុន​ពេល​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ឆ្នាំ​២០១៨។ កាល​នោះ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ប្រើ​អំណាច​អធិបញ្ជា​ឲ្យ​តំណាង​អយ្យការ​ចោទ​លោក សម រង្ស៊ី ដោយសារ​លោក សម​ រង្ស៊ី រិះគន់​ថា របប​ក្រុង​ភ្នំពេញ​ធ្វើ​ព្រះ​រាជសារ​ក្លែងក្លាយ ឬ​បង្ខំ​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជសារ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទៅ​បោះ​ឆ្នោត​ទាំង​គ្មាន​គណបក្ស​ប្រឆាំង។

បើ​​ជា​ទោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ​ មិន​បញ្ជាក់​ពី​ការ​សម្រេច​ទោស​លើ​លោក សម រង្ស៊ី តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​គុណ​នឹង ២ដង ព្រោះ​មិន​រាង​ចាល។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍ថា លោក​មិន​ភ្ញាក់​ផ្អើល​​ ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឡើយ។ ​លោក​ហៅ​តុលាការ​រដ្ឋាភិបាល​ភ្នំពេញ​ថា ជា​តុលាការ​នៃ​របប​ខុស​ច្បាប់។ លោក ហៃ វណ្ណា អះអាង​ថា ដីកា​​ចាប់​ខ្លួន​ ចេញ​ដោយ​របប​ខុស​ច្បាប់ នឹង​គ្មាន​ឥទ្ធិពល​អ្វី ឲ្យ​អន្តរ​ជាតិ​សហការ​ជាមួយ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ឡើយ។ លោក​ថា ដីកា​នេះ មាន​តែ​ទទួល​បាន​ការ​ចំអក​បន្ថែម​ទៀត​ប៉ុណ្ណោះ។ លោក ហៃ វណ្ណា ​បន្ថែម​ទៀត​ថា លោក​​យល់​ស្រប​ នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដោយ​អះអាង​ថា ព្រះ​មហាក្សត្រ​​ស្ថិត​ក្នុង​ស្ថានភាព​ជា​ចំណាប់​ខ្មាំង​របស់ លោក ហ៊ុន សែន៖ « ខ្ញុំ​ក៏​និយាយ​ថា ព្រះ​មហាក្សត្រ​ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ការពារ​​អំណាច​​របស់​គាត់​ដែរ ព្រោះ​រាល់​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​មិន​មាន​​សិទ្ធិ អំណាច​អ្វី​ ​គ្រប់គ្រាន់​ទេ។ មិន​ដឹង​ជា​គាត់​ ព្រះអង្គ មិន​ប្រើ​សិទ្ធិ​របស់​គាត់​ ឬ​ស្ថិត​ក្នុង​ការ​គាប​សង្កត់​របប​ក្រុង​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ ដីកា​ចាប់​ខ្លួន ​របស់​រដ្ឋាភិបាល​ខុស​ច្បាប់ ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហ្នឹង​ វា​មិន​មែន​តែ​ម្ដង​ទេ វា​ច្រើន​ដង​ណាស់​មក​ហើយ។ អ៊ីចឹង​ទៅ​ ទោះ​បី​ចេញ​ម្ដង​ហ្នឹង​ទៀត ក៏​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ដែរ»

ចំណែកអ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា ក៏​យល់​ថា ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទាំង​អស់ គ្មាន​ឥទ្ធិពល​លើ​មេ​បក្ស​ប្រឆាំង​ដែរ គឺ​ធ្វើ​ឡើង​ដើម្បី​ចង់​បន្លាច ​លោក សម រង្ស៊ី បន្ថែម​​ទៀត និង​ធ្វើ​ឡើង​ដើម្បី​ឲ្យ​លោក សម រង្ស៊ី ប្រើ​ហេតុផល​​ដីកា​ចាប់​ខ្លួន​នេះ លើក​ពេល​វិល​ចូល​កម្ពុជា។ លោក សង្កេត​ឃើញ​ថា អ្នក​​នយោបាយ​ប្រមាថ​ព្រះ​មហាក្សត្រ​កន្លង​​មក មិន​មែន​មាន​តែ​ លោក សម រង្ស៊ី ទេ។

លោក ឯម សុវណ្ណារ៉ា ជឿ​​ថា ទោះ​គ្មាន​ដីកា​ចាប់​ខ្លួន​ថ្មី​នេះ ក៏​លោក សម រង្ស៊ី មិន​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ដែរ។ លោក​ថា លោក សម រង្ស៊ី នឹង​ប្រើ​ប្រាស់​ហេតុផល​ផ្សេង​ទៀត ដើម្បី​លើក​ពេល​​វិល​ចូល​កម្ពុជា​ដូច​មុនៗ គឺ​​ដរាប​ណា មិន​ទាន់​មាន​​​សុវត្ថិភាព​ ១០០​ភាគ​រយ ​លោក​នឹង​មិន​វិល​ចូល​កម្ពុជា​ឡើយ៖ « ខ្ញុំ​គិត​ថា បើ​ទោះ​បី​អត់​មាន​ការ​ចោទ​ប្រកាន់ ក៏​លោក សម រង្ស៊ី មិន​ចូល​ដែរ ព្រោះ​លោក សម រង្ស៊ី ចូល​កម្ពុជា លុះ​ត្រា​តែ​លោក សម រង្ស៊ី អាច​កៀរគរ​កម្លាំង​គាំទ្រ​នៅ​ក្នុង​ស្រុក​នេះ បាន​​ច្រើន ដែល​អាច​ជឿជាក់​បាន​ និង​​ផ្ដល់​ជំនឿ​ជឿជាក់​ ១០០ %​ ថា លោក​មាន​សុវត្ថិភាព​គ្រប់​គ្រាន់។ បើ​ស្ថានភាព​បច្ចុប្បន្ន​​ លោក សម រង្ស៊ី អត់​មាន​សុវត្ថិភាព ខ្ញុំ​គិត​ថា លោក​អត់​ចូល​ទេ ទោះ​បី​ជា​អត់​មាន​ការ​ចោទ​ប្រកាន់ អត់​មាន​ដីកា​ហ្នឹង ក៏​លោក សម រង្ស៊ី អត់​ចូល​ដែរ»

បើ​​ទោះ​តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់​លោក សម រង្ស៊ី ក៏​ដោយ ក៏​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ​ អះអាង​ថា ពួក​គេ​នឹង​វិល​ចូល​កម្ពុជា​ នៅ​ដើម​ខែ​វិច្ឆិកា។ គិត​ត្រឹម​ថ្ងៃ​ទី១៧ កញ្ញា គឺ​សល់​រយៈ​ពេល ៥៣ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់ ដែល​លោក សម រង្ស៊ី សន្យា​វិល​ចូល​កម្ពុជា​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។