សាលា​ឧទ្ធរណ៍​ច្រាន​ចោល​បណ្ដឹង​ជំទាស់​របស់​លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដោយ​បន្ត​ឃុំ​ខ្លួន​ពួក​គេ​ដដែល

0:00 / 0:00

សាលាឧទ្ធរណ៍​ច្រាន​ចោល​បណ្តឹង​ជំទាស់​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​រូប​ទៀត ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល ក្នុង​សំណុំរឿង​ប្រមូល​ស្នាម​មេដៃ​បង្កើត​គណបក្ស​បេះដូង​ជាតិ។ មេធាវី និង​សាច់​ញាតិ​អ្នក​ជាប់ឃុំ ខក​ចិត្ត​លើ​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ និង​ត្រៀម​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ជា​បន្ត​ទៀត។

សាលា​ឧទ្ធរណ៍​ភ្នំពេញ ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ដើម្បី​សាកសួរ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ពាក់ព័ន្ធ​ការ​ប្រមូល​ស្នាម​មេដៃ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ។ ដោយឡែក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ពីរ​រូប ដែល​រង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​នេះ គឺ​លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី រក្សា​សិទ្ធិ​មិន​ឆ្លើយ​សំណួរ​តុលាការ​ទេ។ ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្តកំពង់ចាម លោក តូច ថឹង សមត្ថកិច្ច​មិន​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​សាកសួរ​ក្នុង​សំណុំរឿង​នេះ​ទេ ដោយសារ​លោក​មាន​បញ្ហា​សុខភាព។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ទោះ​បី​ជា​លោក​ស្រក​សាច់​បន្តិច តែ​លោក​នៅ​តែ​មាន​ទឹក​មុខ​មុតមាំ ពេល​ឆ្លើយ​សំណួរ​របស់​តុលាការ។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ បំភ្លឺ​ជូន​តុលាការ​ថា លោក​មិន​ដឹង​ថា ស្នាម​មេ​ដៃ ដែល​ក្រុម​ការងារ​របស់​លោក​ប្រមូល​មក​នោះ​មាន​បញ្ហា​នោះ​ទេ ព្រោះ​លោក​គ្មាន​បច្ចេក​ទេស​អាច​ពិនិត្យ​មើល​ដឹង​ថា ស្នាម​មេដៃ​ទាំង​នោះ មាន​បញ្ហា​ឡើយ។ លោក សៀម ភ្លុក ប្រាប់​ទៅ​តុលាការ​ទៀត​ថា បើ​ទោះ​ជា​ស្នាម​មេដៃ​មួយ​ចំនួន​តូច​មាន​បញ្ហា​ក្ដី តែ​ស្នាម​មេដៃ​នៅ​សេសសល់​ជាង ៤ពាន់​ទៀត នៅតែ​គ្រប់គ្រាន់​អាច​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ​បាន​ដដែល។ លោក​បន្ត​ទៀត​ថា ការ​យក​បទ​ចោទ​ព្រហ្មទណ្ឌ មក​ចោទ​ប្រកាន់​លើ​រូប ដែល​ធ្វើ​សកម្មភាព​បង្កើត​គណបក្ស​នយោបាយ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​បាន​ចែង​ដាក់​ទោស ក្នុង​ដំណាក់​កាល​នៃ​ការ​ស្នើ​បង្កើត​គណបក្ស​នយោបាយ​ឡើយ។ បើ​ទោះ​ជា​លោក សៀម ភ្លុក ព្យាយាម​បំភ្លឺ​ជូន​តុលាការ​បែប​នេះ​ក្ដី ប៉ុន្តែ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​ជំទាស់​របស់​លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដោយ​តម្កល់​សេចក្ដី​សម្រេច​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។

មេធាវី​ការពារ​ក្ដី​របស់​លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​រូប​ទៀត គឺ​លោក​មេធាវី សំ សុគង់ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រុម​មេធាវី និង​កូនក្ដី​របស់​លោក​មិន​អាច​ទទួល​យក​ការ​សម្រេច​នេះ​ទេ ព្រោះ​តុលាការ​សម្រេច​មិន​បាន​ពិនិត្យ​លើ​អង្គហេតុ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោកបន្តថា ការ​សម្រេច​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​សិទ្ធិ​នយោបាយ​របស់​កូនក្ដី​លោក​យ៉ាង​ធ្ងន់ធ្ងរ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ សោកស្ដាយ ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ។

សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដាក់​ពន្ធនាគារ​ព្រៃស (ម១) កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២២ ទាក់ទង​បទ​ចោទ​ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ។ សមត្ថកិច្ច​ក៏​បាន​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​នាក់ កាល​ពី​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២៣ ដែល​ធ្វើ​ឡើង​ប្រមាណ ៤ម៉ោង មុន​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពួក​គេ​លើ​សំណុំរឿង​នេះ។ តុលាការ​សម្រេច​ឱ្យ​លោក សៀម ភ្លុក ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ៦ខែ ចំណែក​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​រូប​ផ្សេង​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា ការ​បង្កើត​គណបក្ស​នយោបាយ គឺ​ក្នុង​គោល​បំណង​ធ្វើ​សកម្មភាព​នយោបាយ មិនមែន​ប្រមូល​ស្នាម​មេដៃ ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ត​ថា កន្លង​មក​គេ​កម្រ​ឃើញ​តុលាការ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​សំណុំរឿង​បែប​នេះ​ណាស់ បើ​គ្មាន​ដំណោះស្រាយ​នយោបាយ ឬ​ក៏​អ្នក​ជាប់​ឃុំ​មិន​បាន​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន ឬ​សុំទោស​រដ្ឋាភិបាល។

លោក មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា លោក​បាន​ពិភាក្សា​ជាមួយ​កូនក្ដី​របស់​លោក​រួច​ហើយ គឺ​ក្រុម​មេធាវី​នឹង​រៀបចំ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ជា​បន្ត​ទៀត ប្រឆាំង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះ​ឆ្នោត លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ លើ​លោក សៀម ភ្លុក និង​អ្នក​ផ្សេង គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើយ ព្រោះ​ក្នុង​ករណី​ឯកសារ​នៃ​ការ​ស្នើសុំ​បង្កើត​គណបក្ស​នយោបាយ​មាន​បញ្ហា ក៏​ច្បាប់​នេះ មិន​តម្រូវ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្ដឹង​តំណាង​គណបក្ស​នយោបាយ​ទៅ​តុលាការ​ទេ គឺ​ត្រឹម​ក្រសួង​បដិសេធ​មិន​ចុះ​បញ្ជី​ឱ្យ​បង្កើត​គណបក្ស​នោះ គឺ​គ្រប់គ្រាន់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។