ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំ ប៉ុន្តែភ្ជាប់លក្ខខណ្ឌបំបិទសិទ្ធិដ៏តឹងរ៉ឹងជាច្រើន ខណៈលោក រ៉ុង ឈុន ច្រានចោលការចោទប្រកាន់ ហើយរក្សាជំហរចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។ មន្ត្រីសិទ្ធិមនុស្សថាវិធានការរបស់តុលាការទាំងនោះហាក់សម្លាប់ជីវិតនយោបាយរបស់លោក រ៉ុង ឈុន។
ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា តាមដីកាកោះរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អំពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សវនាការរយៈពេលជាង ៣ម៉ោង តុលាការបានសួរដេញដោលចំពោះមុខលោក រ៉ុង ឈុន ពាក់ព័ន្ធការបញ្ចេញមតិយោបល់ និងសកម្មភាពរបស់លោកន្លងទៅ រួមមានលោកផ្តល់បទសម្ភាសន៍ឱ្យវិទ្យុអាស៊ីសេរីជុំវិញបញ្ហាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះតាមព្រំដែន ករណីលោកចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក និងការជួបពលរដ្ឋរងគ្រោះដីធ្លីដោយសារព្រលានយន្តហោះភ្នំពេញថ្មី ព្រមទាំងករណីលោកចូលរួមកម្មវិធីសម្ពាធទីស្នាក់ការគណបក្សកម្លាំងជាតិនៅស្រុកកោះធំ ខេត្តកណ្តាល។ តែយ៉ាងណាក្ដី លោក រ៉ុង ឈុន ប្រាប់ទៅតុលាការថាសកម្មភាពរបស់លោកទាំងប៉ុន្មានមិនបានញុះញង់ដូចការចោទប្រកាន់នោះទេ។
ក្រោយសម្រាកបន្តិច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក រ៉ុង ឈុន បាននៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន។ លក្ខខណ្ឌទាំងនោះ មានដូចជា ហាមចេញក្រៅប្រទេស ហាមធ្វើសកម្មភាពជួបជុំនានា ត្រូវជូនដំណឹងដល់អាជ្ញាធរនៅពេលផ្លាស់ប្ដូរទីលំនៅ ត្រូវបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចរៀងរាល់ខែក្នុងសប្ដាហ៍ទី៤ និងត្រូវសហការជាមួយតុលាការនៅពេលមានដីកាកោះហៅ។
លោក រ៉ុង ឈុន ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបំភ្លឺក្នុងតុលាការថាចៅក្រមឱ្យលោកបាននៅក្រៅឃុំ និងដាក់លក្ខខណ្ឌមួយចំនួន ដោយមិនបានកំណត់ថ្ងៃសវនាការ ឬកាលកំណត់ចំពោះបម្រាមនោះឱ្យបានជាក់លាក់នោះឡើយ។ លោកបន្ថែមថា តុលាការបានព្រមានពីការនាំខ្លួនលោក ប្រសិនបើរូបលោក មិនអនុវត្តតាមវិធានរបស់តុលាការទាំងនេះទេ។ ទោះយ៉ាងណាក្ដី លោក រ៉ុង ឈុន បញ្ជាក់ថា លោកនឹងជជែកជាមួយមេធាវីបន្តទៀតពាក់ព័ន្ធនីតិវិធី និងការកំហិតសិទ្ធិលើសកម្មភាពនយោបាយរបស់លោកខាងមុខ។
លោក រ៉ុង ឈុន៖ «ខ្ញុំបានលើកឡើងដែរទាក់ទងនិយមន័យទាក់ទងនឹងការញុះញង់គឺការញុះញង់និយាយឱ្យចំដល់ពេលយើងផ្ញើសារទៅទាល់តែធ្វើឱ្យប្រជាពលរដ្ឋច្របូកច្របល់ឬមួយចលាចលណាមួយទើបចាត់ទុកថាបទញុះញង់។ខ្ញុំបានឆ្លើយកន្លែង ក៏បានឆ្លើយខ្លះក៏ខ្ញុំមិនអាចទទួលយកបានទេបាទ»។
ដោយឡែកនៅខាងក្រៅតុលាការវិញ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកគាំទ្រប្រមាណ១០០នាក់ភាគច្រើនជាសកម្មជនរបស់គណបក្សកម្លាំងជាតិ សកម្មជនដីធ្លីនៅរាជធានីភ្នំពេញ និងមកពីបណ្ដាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល សៀមរាប កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម បានចូលរួមតាមដានសវនាការ និងលើកទឹកចិត្តទៅដល់លោក រ៉ុង ឈុន ផងដែរ។ ប៉ុន្តែអំឡុងពេលសវនាការនេះ អាជ្ញាធររឹងត្អឹងសន្តិសុខជាខ្លាំង ដោយសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលបានដាក់កម្លាំងពង្រាយរាប់សិបនាក់ និងដាក់រនាំងដែកព័ទ្ធគ្រប់ច្រកល្ហក នៅជុំវិញបរិវេណតុលាការ។
ក្នុងនោះសកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី មានវ័យ ៨៣ឆ្នាំ និងកូនស្រីម្នាក់ គឺលោកស្រី អេង សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរជុំវិញរឿងនេះបានទេថ្ងៃទី២០ ខែកញ្ញា។ ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា មិនទាន់ឆ្លើយតបនឹងសំនួររបស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាម ទាក់ទងករណីចាប់ខ្លួនសកម្មជនបឹងកក់ពីរនាក់នៅឡើយទេ។
ទាក់ទងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលចូលរួមឃ្លាំមើលដំណើរការសវនាការនេះថ្លែងថាការសម្រេចរបស់តុលាការនៅពេលនេះហាក់មិនយុត្តិធម៌ និងសម្លាប់ជីវិតនយោបាយរបស់លោក រ៉ុន ឈុន ដែលមានឆន្ទៈបម្រើជាតិដោយស្មោះ ពីព្រោះគាត់បញ្ចេញមតិកន្លងមក គឺជាការអនុវត្តសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឲ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ុង ឈុន ឱ្យមានសេរីភាពពេញលេញ ដើម្បីបន្តសកម្មភាពនយោបាយជួយដល់សង្គមឡើងវិញ។
លោក យី សុខសាន្ត៖ «ជាពិសេសបើលោករ៉ុងឈុនជាអ្នកនយោបាយគាត់ជាទីប្រឹក្សាគណបក្សនយោបាយដូច្នោះវោហារស័ព្ទរបស់គាត់គឺជាពាក្យពេចន៍ហៅថា ទិតៀនឱ្យរដ្ឋាភិបាលកែលម្អក្នុងការដោះស្រាយនៅពេលណាដែលមានបញ្ហាកើតឡើងចំណុចនេះយើងស្នើសុំយ៉ាងទទូចដល់រដ្ឋាភិបាលគួរបើកលំហសេរីភាពក្នុងការបញ្ចេញមតិដល់ប្រជាពលរដ្ឋជាពិសេសអ្នកនយោបាយកុំឱ្យមានការរឹតត្បិតជាពិសេសករណីលោករ៉ុងឈុននេះបាទ»។
លោក រ៉ុង ឈុន មុនប្រឡូកនយោបាយជាមួយគណបក្សប្រឆាំងបានចាប់ផ្ដើមសកម្មភាពសង្គម ចូលរួមដឹកនាំការតវ៉ាទាមទារសិទ្ធិ ការដំឡើងប្រាក់ខែជាមួយគ្រូបង្រៀន និងកម្មកររោងចក្រកាត់ដេរ។ លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួន២លើក គឺលើកទីមួយ ពាក់ព័ន្ធលោករិះគន់អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ២០០៥ ប៉ុន្តែលោកបានជាប់ពន្ធនាគារជាង ៣ខែ ដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋ អង្គការជាតិ និងអន្តរជាតិ ទើបត្រូវបានដោះលែងវិញ។ លោកធ្លាប់ជាប់ពន្ធនាគារ២០ខែជាលើកទី២ ពាក់ព័ន្ធនឹងការចេញសេចក្ដីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរបាត់ដីធ្លី នៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅប្រទេសវៀតណាម។ តុលាការ បានដោះលែងលោកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ ដែលនឹងផុតកំណត់នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកតាមដានបញ្ហានយោបាយយល់ថាការណ៍ដែលតុលាការសើរើសំណុំចាស់ បង្កើតសាច់រឿងថ្មីចោទប្រកាន់នេះ ដោយសារលោក រ៉ុង ឈុន ជិតផុតបំរាម របស់តុលាការ ហើយនឹងមានសិទ្ធិពេញលេញដើម្បីធ្វើនយោបាយ ទើបតុលាការរកវិធីបំបិទសិទ្ធិសេរីភាពអតីតមេដឹកនាំសហជីពរូបនេះ កុំឱ្យក្លាយជាឆ្អឹងទទឹងករារាំងអំណាចរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅពេលខាងមុខ។
ពួកគាត់អំពាវនាវ ឲ្យរដ្ឋាភិបាល បញ្ឈប់ប្រើប្រព័ន្ធតុលាការធ្វើជាឧបករណ៍បង្ក្រាបសំឡេងប្រឆាំង និងសំឡេងរិះគន់តទៅទៀត ព្រោះវាមិនផ្តល់ផលចំណេញដល់ជាតិនោះទេ ផ្ទុយទៅកាន់តែធ្វើឲ្យជាតិបែកបាក់ និងមានកេរ្តិ៍ឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ ហើយបាត់បង់ធនធានមនុស្សចូលរួមអភិវឌ្ឍជាតិជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។