តុលាការក្រុងភ្នំពេញកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាលើកទីពីរ ឱ្យចូលឆ្លើយបំភ្លឺតាមបណ្ដឹងរបស់លោក ស ខេង ដែលប្ដឹងលោកពីបទញុះញង់។ ដីកាកោះលើកទីពីររបស់អយ្យការអមតុលាការក្រុងភ្នំពេញ ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី១២ សីហា តម្រូវឱ្យប្រធានស្ដីទីបក្សប្រឆាំងរូបនេះ ត្រូវបង្ហាញខ្លួននៅព្រឹកថ្ងៃទី២៨ សីហា ខាងមុខ នៅចំពោះមុខព្រះរាជអាជ្ញារងលោក សេង គីមឡាក់។
ការកោះហៅលោក សម រង្ស៊ី ជាលើកទីពីរនេះ ដោយសារលោកមិនបានចូលខ្លួនតាមដីកាកោះលើកទីមួយ ដែលតុលាការគ្រោងសាកសួរលោក កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ពីបទញុះញង់ កាលពីដើមខែកក្កដា កន្លងទៅ បន្ទាប់ពីលោក សម រង្ស៊ី បានចោទថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យសម្លាប់លោក ហុក ឡង់ឌី ហើយកូនប្រុសលោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា កំពុងរៀបចំផែនការសងសឹកឱ្យឪពុកវិញ។ លោក សម រង្ស៊ី អះអាងទៀតថា ផែនការសងសឹកនេះមានការគាំទ្រពីលោក ស ខេង ដោយសារមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញរូបនេះបានដឹងខ្លួនថា លោក ហ៊ុន សែន មានគម្រោងកម្ចាត់លោក ដើម្បីលើកបន្តុបកូនប្រុសទាំង៣ ឱ្យកាន់តំណែងកំពូល។ លោក ស ខេង បញ្ជាក់ថា នេះជាបណ្ដឹងលើកទីមួយហើយក្នុងជីវិតរបស់លោក ហើយបំណងរបស់លោកក្នុងការដាក់បណ្ដឹងនេះ គឺដើម្បីដាស់តឿនអ្នកនយោបាយឱ្យមានក្រមសីលធម៌ និងចៀសវាងការប្រឌិតព័ត៌មានញុះញង់។
ទោះជាយ៉ាងណា អ្នកវិភាគជឿជាក់ថា លោក ស ខេង ធ្វើបែបនេះ ដើម្បីតម្រូវចិត្តលោក ហ៊ុន សែន ប៉ុណ្ណោះ ហើយចំណាត់ការរបស់តុលាការក្រុងភ្នំពេញនេះ គឺជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់ពិតប្រាកដឡើយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង បានប្រតិកម្មថា លោក ស ខេង មិនគួរលេងសើចជាមួយតុលាការអាយ៉ងបែបនេះឡើយ ព្រោះអាចធ្វើឱ្យបាត់ភាពថ្លៃថ្នូររបស់ខ្លួន។ លោកជំរុញឱ្យក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដាក់ពាក្យប្ដឹងលោកទៅតុលាការបារាំងវិញ ព្រោះតុលាការបារាំងមានឯករាជ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។