តុលាការរបបក្រុងភ្នំពេញ បានជូនដំណឹងស្ដីពីការបិទបញ្ចប់ការស៊ើបសួរសំណុំរឿងថ្មីមួយទៀត លើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី២៦ ខែសីហា។ អ្នកវិភាគយល់ថា ករណីនេះមិនមែនជាការអនុវត្តច្បាប់ទេ គឺតុលាការកំពុងតែបង្កើនសម្ពាធលើលោក សម រង្ស៊ី ដោយសារតែលោកប្រកាសវិលចូលស្រុកវិញ។
ស្របពេលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ ខែវិច្ឆិកានោះ តុលាការរបបលោក ហ៊ុន សែន បានបង្កើនសម្ពាធលើលោក សម រង្ស៊ី ជាបន្តបន្ទាប់។ សមត្ថកិច្ចមួយក្រុម បានយកលិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ទៅបិទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ សីហា ដើម្បីបញ្ជាក់អំពីការបិទបញ្ចប់នីតិវិធីស៊ើបសួរ ហើយបញ្ជូនសំណុំរឿងទៅចៅក្រម ជំនុំជម្រះពាក់ព័ន្ធនឹងករណីប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា បានទេដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះយ៉ាងណាក្តី ប្រព័ន្ធឃោសនារបបក្រុងភ្នំពេញផ្សាយថា ក្នុងសំណុំរឿងនេះ ជនត្រូវចោទមាន ៤នាក់ ក្នុងនោះមាន លោក សម រង្ស៊ី និងមន្ត្រី រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ទៀត គឺលោក ហូ វ៉ាន់ លោក កាក់ កុម្ភារ និងលោក គង់ ម៉ាស់។ របបក្រុងភ្នំពេញ បានចាប់ឃុំខ្លួនលោក គង់ ម៉ាស់ ជាង ៨ខែហើយ ចំណែកលោក សម រង្ស៊ី លោក ហូ វ៉ាន់ និងលោក កាក់ កុម្ភារ កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។
អ្នកតាមដានបញ្ហាសង្គម និងជាអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា ករណីនេះ មិន មែនជារឿងចម្លែកនោះទេ ពីព្រោះរដ្ឋាភិបាលកំពុងព្រួយបារម្ភ អំពីការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី។ លោក យល់ថា រដ្ឋាភិបាល កំពុងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីរារាំងកុំឲ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ប៉ុន្តែលោកជឿថា វានឹងមិនបានផលអ្វីឡើយ ហើយកាន់តែធ្វើឲ្យរដ្ឋាភិបាល មានឈ្មោះអាក្រក់ ក្នុងការប្រើប្រាស់អំណាចរបស់ខ្លួនជ្រុលហួសហេតុ៖ « យ៉ាងម៉េចក៏ដោយគឺរដ្ឋាភិបាល មិនចង់ឃើញវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាទេ ។យើងដឹងថា គណបក្សសង្គ្រោះជាតិមានអ្នកគាំទ្រ សឹងតែពាក់កណ្ដាលប្រទេសដែរ ហើយវាគាប់ជួនសព្វថ្ងៃនេះ ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជា តាមការកំណត់របស់គាត់មែន ដូច្នេះរដ្ឋាភិបាលនឹងកាន់តែពិបាកទៀតក្នុងការទប់ទល់ ជាមួយសម្ពាធនៃការគាំទ្រគណបក្សសង្គ្រោះជាតិ ហើយទី២ គឺមានបញ្ហាផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ដែលផ្ទៃក្នុងមួយចំនួនក៏ស្រឡាញ់ប្រជាធិបតេយ្យ » ។
មកដល់ពេលនេះ ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងសកម្មជនបក្សកាន់អំណាច បានប្តឹងលោក សម រង្ស៊ី ទៅតុលាការកម្ពុជាជាង ១០បណ្ដឹងហើយ។ សំណុំរឿងដែលកាត់ក្តីរួច គឺសុទ្ធតែឲ្យលោក សម រង្ស៊ី ចាញ់ក្តីទាំងអស់។ បណ្ដឹងទាំងនោះ គឺបទចោទញុះញង់ឱ្យមានការរើសអើង ញុះញង់កងទ័ពមិនឱ្យស្ដាប់បញ្ជា ញុះញង់ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ប្រមាថព្រះមហាក្សត្រ និងបរិហារកេរ្តិ៍ ទិញចំនួនឡៃខ៍ (Like) ហ្វេសប៊ុកជាដើម។ បណ្ដឹងទាំងនោះ សុទ្ធតែប្ដឹងឱ្យចាប់ខ្លួនលោក សម រង្ស៊ី និងសងជំងឺចិត្ត រាប់ម៉ឺនដុល្លារអាមេរិក។
ទោះបីជារងបណ្ដឹងច្រើនបែបនេះក្តី ក៏លោក សម រង្ស៊ី បញ្ជាក់ថា លោកមិនចាប់អារម្មណ៍ ឬពិបាកចិត្តអ្វីនោះទេ។ ផ្ទុយទៅវិញ លោកថែមទាំងឌឺដងដាក់មេដឹកនាំក្រុងភ្នំពេញ និងតុលាការកម្ពុជាថា ជាកិត្តិយសសម្រាប់លោកវិញទេ ដែលត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារច្រើនឆ្នាំបែបនេះ ព្រោះលោកគ្រាន់តែធ្វើសកម្មភាពនយោបាយដោយសន្តិវិធី។ លោកបន្ថែមថា ចំណាត់ការទាំងនេះបង្ហាញថា លោកកំពុងតែធ្វើត្រូវក្នុងការទាមទារសេរីភាពជូនប្រជារាស្ត្រខ្មែរ និងផលប្រយោជន៍ជូនប្រទេសជាតិទាំងមូល។
ម្យ៉ាងវិញទៀត មេដឹកនាំបក្សប្រឆាំងរូបនេះនៅតែប្រកាសថា លោកនឹងវិលត្រឡប់ចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។ លោកជឿជាក់ថា វត្តមានរបស់លោក នឹងធ្វើឲ្យកម្ពុជាមានការផ្លាស់ប្តូរ មានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ព្រមទាំងទៅដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ជាតិ ដែលរបបលោក ហ៊ុន សែន មិនអាចដោះស្រាយបាន ជាពិសេស គឺជួយកុំឱ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។