គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចនឹងជួបចរចាគ្នាពេលខាងមុខនេះ ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា។ ជំហរងាករកវប្បធម៌សន្ទនាឡើងវិញនៅពេលនេះ គឺបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) សម្ដែងការព្រួយបារម្ភពីស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្ន ហើយជំរុញឲ្យគណបក្សទាំងពីរចរចាដោះស្រាយគ្នាជាបន្ទាន់។ ការព្រួយបារម្ភរបស់លោក បាន គីមូន នោះ គឺពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋ។
វប្បធម៌សន្ទនាអាចនឹងរស់រវើកឡើងវិញ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់តែបែរខ្នងដាក់បក្សប្រឆាំងមួយរយៈនោះ ពេលនេះបានបង្ហាញជំហរទន់ភ្លន់វិញថា ក្រុមការងារគណបក្សទាំងពីរអាចនឹងវិលចូលតុចរចាក្នុងពេលខាងមុខនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ក្រុមការងារចរចាដែលអាចជួបគ្នានៅពេលខាងមុខ មិនមែនជាការជួបគ្នារវាងថ្នាក់ដឹកនាំមតិភាគច្រើន ដឹកនាំដោយលោក ស ខេង និងថ្នាក់ដឹកនាំនៃមតិភាគតិច ដឹកនាំដោយ លោក កឹម សុខា នោះទេ។ លោកថា ជំនួបលើកនេះ គឺជាជំនួបរវាងក្រុមការងាររបស់បក្សទាំងពីរ ដែលមានសមាសភាពម្ខាង ៥រូប ខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ៖ « មិនទាន់កំណត់ពេលវេលាទេ ហើយកម្មវត្ថុក៏មិនដឹងអីដែរ ប៉ុន្តែគណៈកម្មការនេះនឹងពិភាក្សាគ្នាដើម្បីលើកកម្ពស់វប្បធម៌សន្ទនាហ្នឹងឯង »។
ការបង្ហាញជំហរវិជ្ជមានក្នុងការចរចានៅពេលនេះ កើតឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសន្ទនាតាមទូរស័ព្ទជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា។
ក្នុងជំនួបសន្ទនានោះ លោក បាន គីមូន បានបង្ហាញក្តីព្រួយបារម្ភជុំវិញសេចក្តីរាយការណ៍អំពីការបំភិតបំភ័យ ការរំលោភបំពាន និងការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល សមាជិក គ.ជ.ប និងសមាជិកគណបក្សប្រឆាំង ព្រមទាំងបំភិតបំភ័យដល់ប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងរីករាលដាលនៅកម្ពុជា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងធានានូវការគោរពសិទ្ធិមនុស្សពេញលេញ រួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំ។ លោក បាន គីមូន អំពាវនាវដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យបន្តវប្បធម៌សន្ទនាតទៅទៀត។
ទន្ទឹមគ្នានេះ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិជាង ៤០ស្ថាប័ន ក៏បានរួមគ្នាចេញសេចក្តីអំពាវនាវដល់រដ្ឋាភិបាល ឲ្យបញ្ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការ ចាប់ខ្លួន និងយាយីចំពោះពលរដ្ឋដែលគ្រាន់តែសម្ដែងមតិ និងប្រើប្រាស់សិទ្ធិស្របច្បាប់របស់ពួកគេ ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិផ្សេងៗដែលកម្ពុជា ទទួលស្គាល់ជាច្បាប់កម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ការចាប់អារម្មណ៍របស់លោក បាន គីមូន លើកម្ពុជា តែលោកសោកស្ដាយដែលលោក បាន គីមូន ហាក់ក្តាប់មិនបានពីតថភាពសង្គមកម្ពុជា បច្ចុប្បន្ន ដែលនាំឲ្យមានការយល់ច្រឡំថា គណបក្សកាន់អំណាចគាបសង្កត់លើបក្សប្រឆាំង៖ « រាល់បញ្ហាដែលកើតឡើងរហូតដល់អ្នកខ្លះជាប់ពន្ធនាគារ អ្នកខ្លះជាប់ឃុំ ហើយនៅក្នុងនីតិវិធីតុលាការនេះ គឺអាស្រ័យទៅដោយបុគ្គលទាំងអស់នោះប្រព្រឹត្តល្មើសច្បាប់។ អ៊ីចឹងខ្ញុំយល់ថា អាចឯកឧត្តម បាន គីមូន ត្រួតត្រាប្រទេសជាង ២០០ប្រទេស។ ដូច្នេះធ្វើឲ្យចន្លោះប្រហោងខ្លះ ឬមួយមមាញឹកទៅរឿងមជ្ឈិមបូព៌ាកំពុងតែទម្លាក់គ្រាប់ កាប់សម្លាប់គ្នាហុយផ្សេងនោះ ក៏មិនដឹងបានជាមើលឃើញសភាពការណ៍កម្ពុជា អាចយល់ច្រឡំយ៉ាងដូច្នេះ »។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីគណបក្សសង្គ្រោះជាតិ បានទេនៅថ្ងៃទី៩ ខែមិថុនា។ តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រាប់សារព័ត៌មានថ្មីៗថា លោកគាំទ្រចំពោះក្តីកង្វល់របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅពេលនេះ។ លោកថា ក្តីកង្វល់របស់លោក បាន គីមូន បង្ហាញឲ្យឃើញថា វិបត្តិនយោបាយនៅកម្ពុជា មិនមែនតែប្រជាពលរដ្ឋខ្មែរនោះទេ។ លោក អេង ឆៃអ៊ាង ឲ្យដឹងដែរថា លោកមិនទាន់បានព័ត៌មានច្បាស់នៃការជួបចរចាគ្នារវាងក្រុមការងារបក្សទាំងពីរឡើយ ហើយលោកឲ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជា មានវិបត្តិនយោបាយ ដូច្នេះត្រូវតែចរចាគ្នាពីវិបត្តិនេះ។
កាលពីថ្ងៃទី១៩ ខែឧសភា សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប តំណាងឲ្យអ្នកបោះឆ្នោត ៤៥% បានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើជូនលោក បាន គីមូន ឲ្យបើកកិច្ចប្រជុំបន្ទាន់ជាមួយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ពិសេសបញ្ហារំលោភបំពានសិទ្ធិមនុស្សប្រព្រឹត្តដោយគណបក្សកាន់អំណាច។ លិខិតបន្តទៀតថា ស្ថាប័នសំខាន់ទាំងបីរួមមាន អង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ត្រូវបានគណបក្សកាន់អំណាចយកទៅប្រើប្រាស់ដើម្បីរំលាយគណបក្សប្រឆាំង។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ គឺមានឥទ្ធិពលខ្លាំងមកលើកម្ពុជា ព្រោះថា កម្ពុជា គឺជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលត្រូវតែគោរពអ្វីដែលជាបទដ្ឋានច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យដែលអង្គការសហប្រជាជាតិ បានចែងជាសកល៖ « ប្រសិនបើកម្ពុជា មិនចាប់អារម្មណ៍លើការព្រួយបារម្ភបែបនេះ ខ្ញុំគិតថា អង្គការសហប្រជាជាតិ សមាជិកជាង ១០០ប្រទេសនេះ អាចនឹងចូលរួមពិនិត្យមើលនូវអ្វីដែលជាភាពខុសឆ្គងរបស់កម្ពុជា។ អ៊ីចឹងវាជាសម្ពាធមួយអាចដាក់បន្ទុកមកលើកម្ពុជា »។
រីឯអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ លោក ឆាំ ប៊ុនថេត មានប្រសាសន៍ថា ការអំពាវនាវរបស់អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល ហាក់មិនមានឥទ្ធិពលខ្លាំងដើម្បីជំរុញរដ្ឋាភិបាល ឬបក្សកាន់អំណាចឲ្យផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួននោះឡើយ៖ « ល្បែងនយោបាយនេះ គឺមិនចប់ទេ លុះត្រាប្រជាពលរដ្ឋ និងគណបក្សមួយទៀតដែលចង់ឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គមហ្នឹង គួររៀបចំឥរិយាបថខ្លួនឯងមួយដែរថា តើអាចទាមទារ (demand) បានប៉ុនណា ?»។
មួយរយៈចុងក្រោយនេះ ស្ថានភាពនយោបាយកម្ពុជា ចាប់ផ្ដើមអួអាប់បន្ទាប់ពីអ្នកនយោបាយគណបក្សប្រឆាំងជាច្រើនរូប និងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងសមាជិក គ.ជ.ប ម្នាក់ កំពុងជាប់ឃុំ ខណៈអ្នកនយោបាយបក្សប្រឆាំងមួយចំនួនទៀត កំពុងជាប់បណ្ដឹងនៅតុលាការ ដែលសំណុំរឿងទាំងអស់នេះ ត្រូវអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមួយចំនួនមើលឃើញថា ជាសំណុំរឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។