"បក្ស​កាន់​អំណាច​កេង​ចំណេញ​នយោបាយ​ពី​ពិធី​ហូប​នំ​បញ្ចុក ខណៈ​បក្ស​ប្រឆាំង​ត្រូវ​រង​ការ​ឃ្លាំ​មើល"

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច យក​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា ដើម្បី​បញ្ចេញ​សារ​នយោបាយ និង​វាយប្រហារ​ដៃគូ​នយោបាយ ខណៈ​ក្រុម​សមាជិក​គណបក្សប្រឆាំង​បន្ត​ការ​ឃ្លាំ​មើល ពី​សមត្ថកិច្ច​ក្នុង​ពេល​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ធ្វើ​ឱ្យ​ពួកគេ​មិន​ហ៊ាន​បញ្ចេញ​សារ​នយោបាយ​ទេ​។ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស ចាត់ទុកថា សកម្មភាព​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ជា​រូបភាព​គំរាមកំហែង មិន​ស្មើភាព​គ្នា រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ថៃ ធីម ប្រាប់​ថា សមត្ថកិច្ច​នៅតែ​បន្ត​ឃ្លាំមើល និង​យក​របាយការណ៍​ចំនួន​អ្នកចូលរួម​ក្នុង​កម្មវិធី​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ស្ទោង។ លោក ថៃ ធីម បន្ត​ថា ត្បិត​ការ​ជួប​ជុំគ្នា​លើក​នេះ មិន​មាន​ការ​គំរាមកំហែង​ដោយ​ផ្ទាល់ ប៉ុន្តែ​សកម្មភាព​ឃ្លាំមើល​បែបនេះ ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​មិន​ហ៊ាន​បញ្ចេញ​សារ​នយោបាយ​ទេ បាន​ត្រឹម​បញ្ចេញមតិ​ស្នើសុំ​ឱ្យ​ឆាប់​មាន​ដំណោះស្រាយ​នយោបាយ​តាមរយៈ​ការ​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក៖ «អត់​ទេ គឺ​យើង​មានតែ​សំណូមពរ​ឱ្យ​អ្នកនយោបាយ​ទាំងពីរ​វិល​មក​តុ​ចរចា​វិញ​»​។​

​គណបក្ស​កាន់អំណាច បាន​ជ្រើស​យក​ថ្ងៃទី៩ មិថុនា តាម​គម្រោង​របស់​សមាគម​នំ​បញ្ចុក​ខ្មែរ​នៅ​ប្រទេស​បារាំង និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ដើម្បី​ជួបជុំ​សមាជិក និង​ពលរដ្ឋ​ទូទៅ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហូប​នំ​បញ្ចុក​រួមគ្នា នៅ​តាម​មូលដ្ឋាន​។ ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ​(Freshnews) និង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​ចុះផ្សាយ​ថា មន្ត្រី​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន នាំគ្នា​ចុះ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​ជាមួយ​ពលរដ្ឋ និង​អ្នកគាំទ្រ។

ក្នុង​កម្មវិធី​ហូប​នំ​បញ្ចុក​នោះ ក្រុម​​ការងារ​គណបក្ស​កាន់អំណាច ដែល​បាន​រៀបចំ​ដូចគ្នា​ដែរ​នោះ បាន​ប្រកាស​ថា ជា​នំ​បញ្ចុក​សាមគ្គី​ជាតិ នំ​បញ្ចុក​តេជោ​សន្តិភាព ជាដើម​។ ចំណែក លោក ហ៊ុន សែន វិញ លើកឡើង​ថា ការរៀបចំ​នំ​បញ្ចុក​ហូប​រួមគ្នា នៅ​ថ្ងៃ​ទី​០៩ មិថុនា​នេះ គឺ​មិន​ប្រកាន់​ក្រុម ជំនឿ សាសនា ឬ និន្នាការ​នយោបាយ​អ្វី​ឡើយ​។ លោក ហ៊ុន សែន ចាត់ទុកថា អ្នក​ហូប​នំ​បញ្ចុក​ថ្ងៃទី​៩ មិថុនា គឺ​បាន​បង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការ​ស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃទី​០៩ មិថុនា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ​ចុះផ្សាយ​ថា យ៉ាងហោចណាស់ ពលរដ្ឋ​ហូប​នំ​បញ្ចុក​អស់​ជាង ២​តោន សម្រាប់​មួយ​ស្រុក​ស្អាង​ភ្នំ ខេត្ត​កណ្ដាល។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថា មិន​ចាប់អារម្មណ៍​កម្មវិធី​ហូប​នំ​បញ្ចុក​របស់​គណបក្ស​នយោបាយ​ទាំង​២​ទេ ព្រោះ​គ្មាន​ចំណេញ​អ្វី​ដល់​ជាតិ គឺ​គ្រាន់តែ​ជា​សកម្មភាព​ផ្ចាញ់ផ្ចាល​គ្នា​ប៉ុណ្ណោះ​។ តែ​យ៉ាងណា លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា គ្មាន​សមភាព​ក្នុង​ការ​ប្រកួតប្រជែង​គ្នា​ទេ សម្រាប់​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង សូម្បី​សកម្មភាព​ហូប​នំ​បញ្ចុក ព្រោះ​បក្ស​កាន់អំណាច មាន​ឥទ្ធិពល និង​អំណាច អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​បាន៖ «ការអនុវត្ត​ច្បាប់​យើង​ថា ស្តង់ដារ​២​ហើយ ចំណែក​សកម្មភាព​នយោបាយ​ក៏​ដូចគ្នា​ដែរ គឺ​ស្តង់ដារ​២ មានន័យថា អ្នក​ដែល​គាត់​មាន​ឥទ្ធិពល មានអំណាច ឬក៏​បក្ស​ដែល​មាន​ឥទ្ធិពល មានអំណាច​អ្វី​ហ្នឹង គឺ​អាច​ធ្វើ​អ្វី​បាន​ទៅតាម​ចិត្ត​ខ្លួនឯង ចង់​ធ្វើ​អ៊ីចឹង​ទៅ​។ ចំណែក​បក្ស​ណា​ប្រជែង​អ៊ីចឹង​ទៅ មានការ​រឹតត្បិត​អ្វី​អ៊ីចឹង​ទៅ​។ វា​ជា​រឿង​មួយ ដែល​អត់​មើល​ឃើញ​នូវ​ភាព​សមភាព ស្មើភាព​អ្វី​ទេ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ថៃ ធីម ប្រាប់​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ធំ នឹង​បន្ត​ហូប​នំ​បញ្ចុក​បន្ត​ទៀត រៀងរាល់​ចុង​សប្ដាហ៍ បើ​ទោះ​រង​ការ​ឃ្លាំមើល​ក៏ដោយ​។​

​ទោះ​យ៉ាងណា អនុប្រធាន​គណបក្ស​សង្គ្រេះជាតិ លោក អេង ឆៃអ៊ាង សង្ឃឹមថា លោក ហ៊ុន សែន និង លោក សម រង្ស៊ី អាច​មាន​ពេល​អង្គុយ​ហូប​នំ​បញ្ចុក​ជាមួយគ្នា ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​។ តែ លោក ហ៊ុន សែន ប្រាប់​ថា ការ​ហូប​នំ​បញ្ចុក​មិន​អាច​ឈាន​ដល់​ការចរចា​នយោបាយ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។