អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅលោក សម រង្ស៊ី ថា បើចង់ចរចាត្រូវចូលស្រុកអនុវត្តទោសជាមុនសិន។ អ្នកវិភាគមិនស្វាគមន៍សំដីមន្ត្រីនាំពាក្យបក្សកាន់អំណាចទេ ដោយពួកគេលើកឡើងថា អ្នកនយោបាយគួរចេះសម្បទានឱ្យគ្នាដើម្បីបញ្ចៀសការបាត់អនុគ្រោះពន្ធ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅលើប្រព័ន្ធតេឡេក្រាមថ្ងៃទី៣០ ខែមិថុនា ឆ្លើយទៅលោក សម រង្ស៊ី ដែលប្រកាសចង់ឱ្យមានការចរចានយោបាយដើម្បីបញ្ចប់វិបត្តិទណ្ឌកម្មសេដ្ឋកិច្ចថា ការដាក់សម្ពាធមកលើរដ្ឋាភិបាល ដើម្បីបង្ខំឱ្យមានការចរចាជានយោបាយហួសសម័យតាំងពីទសវត្សរ៍ឆ្នាំ៧០។ អ្នកនាំពាក្យរូបនេះ ចោទប្រកាន់ថា លោក សម រង្ស៊ី ជាអ្នកបំផ្លាញវប្បធម៌សន្ទនា ហើយចុងក្រោយលោក សម រង្ស៊ី បាននិយាយជាសាធារណៈថា អត់ចរចាជាមួយ លោក ហ៊ុន សែន ទេដោយទុកឱ្យលោក ហ៊ុន សែន ទៅចរចាជាមួយអន្តរជាតិ។ ប៉ុន្តែ ពេលទាល់ច្រកស្រាប់តែងាកមកចង់រកការចរចា។ លោកថា បើចង់ចរចាត្រូវចូលស្រុកអនុវត្តទោសដោយត្រូវចូលគុកជាមុនសិន។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបែបនេះ ដោយសារតែ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានប្រកាសប្រាប់អាស៊ីសេរីថា លោកមានបំណងចង់ចរចា ជាមួយរបបក្រុងភ្នំពេញ នៅពេលលោកវិលត្រលប់ចូលកម្ពុជា នៅប៉ុន្មានខែខាងមុខនេះ។
លោក សម រង្ស៊ី ថា គណបក្សសង្គ្រោះជាតិ មិនចាត់ទុកខ្មែរណាម្នាក់ជាសត្រូវ ហើយមានបំណងចង់ចរចា ដើម្បីបញ្ចៀសបញ្ហាជាប់គាំងនយោបាយ។ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងរូបយល់ថា ដើម្បីជំរុញឱ្យមេដឹករបបក្រុងភ្នំពេញព្រមវិលចូលតុចរចា លុះត្រាតែមានការដាក់សំពាធណាមួយមកលើរបបនេះ ជាមុនសិនទើបរបបក្រុងភ្នំពេញ ងាកមករកការចរចា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ៖ «ហ៊ុន សែន គាត់ច្បាស់ជាមិនព្រមចរចាជាមួយយើងទទេៗ ទាល់តែមានសំពាធទាល់តែគេបង្ខំគាត់និយាយឱ្យចំទៅ គឺយើងត្រូវតែរួមកម្លាំងពីក្នុងស្រុកផង ពីក្រៅស្រុកផងគួបផ្សំគ្នាបានមានការផ្លាស់ប្ដូរ»។
លោក សម រង្ស៊ី ថែមទាំងបន្តអំពាវនាវដល់ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនក្រោកឈរចូលរួមតវ៉ាជាមួយលោក នៅពេលលោកវិលត្រឡប់ទៅចូលប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែ លោក សុខ ឥសាន អះអាងថា បើលោក សម រង្ស៊ី ចូលស្រុកមែននោះ នឹងមិនបានជួបអ្នកគាំទ្ររបស់ខ្លួនឡើយព្រោះសមត្ថកិច្ចនឹងចូលចាប់ខ្លួនលោក សម រង្ស៊ី ភា្លមៗនៅពេលយន្តហោះចុះដល់ដី រីឯអ្នកគាំទ្របានត្រឹមនៅខាងក្រៅព្រលានយន្តហោះប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ក្នុងស្ថានភាពនេះលោក ហ៊ុន សែន មិនព្រមចរចាទេព្រោះការចរចានេះនឹងធ្វើឱ្យក្រុមលោក ហ៊ុន សែន និងជំនាន់ក្រោយរបស់លោក ហ៊ុន សែន ជួបគ្រោះថ្នាក់បាត់បង់អំណាច។ ប៉ុន្តែលោក គឹម សុខ យល់ថា អ្វីដែលគណបក្សសង្គ្រោះជាតិត្រូវធ្វើដើម្បីជំរុញឱ្យមានការចរចាគឺគណបក្សនេះ ត្រូវពង្រឹងខ្លួនឱ្យរឹងមាំ និងឈរលើបង្អែករបស់សហគមន៍អន្តរជាតិជាពិសេសគឺសហភាពអឺរ៉ុប៖ «អ្វីដែលគណបក្សសង្គ្រោះជាតិត្រូវតែធ្វើបើកចំហទ្រូងក្នុងការចរចា ប៉ុន្តែចរចាតាមរយៈសំណើណាមួយទៅសហភាពអឺរ៉ុបបានន័យថា ឱ្យសហភាពអឺរ៉ុបជាអ្នកធ្វើអន្តរការីក្នុងការចរចាហ្នឹង ហើយគណបក្សសង្គ្រោះជាតិ ក្រៅពីពង្រឹងខ្លួនឱ្យរឹងមាំហើយពឹងផ្អែកទៅលើជំហរទៅលើសហភាពអឺរ៉ុបទើបអាចទៅរួច»។
លោក សម រង្ស៊ី អះអាងថា ក្នុងដំណើរទៅកម្ពុជាវិញ នឹងមានតំណាងរាស្ត្រ អឺរ៉ុប និងតំណាងប្រទេសផ្សេងទៀតចូលរួមដំណើរទៅកម្ពុជានឹងលោក។ លោក សម រង្ស៊ី ប្រាប់សភាអឺរ៉ុបថា វាសនាពលរដ្ឋខ្មែរល្អ ឬអាក្រក់ គឺស្ថិតនៅលើកណ្ដាប់ដៃរបស់លោក ហ៊ុន សែន ដោយសារតែលោកបានបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងរំលាយគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។