មន្ត្រី​បក្ស​កាន់អំណាច​ព្រមាន​ការ​លើកឡើង​របស់​មេធាវី​លោក កឹម សុខា ជា​ការ​ល្មើស​នឹង​បម្រាម​តុលាការ

0:00 / 0:00

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ព្រមាន​ថា ការ​លើកឡើង​របស់​មេធាវី​លោក កឹម សុខា ដែល​ថា​ឈាម​រត់រក​ឈាម ជា​ការ​ល្មើស​បម្រាម​តុលាការ​ស្ដីពី​សិទ្ធិ​នយោបាយ។ លោក សុខ ឥសាន ចោទ​ប្រកាន់​ថា ការប្រើ​ពាក្យ​ឈាម​រត់​រក​ឈាម ស្មើនឹង​ពាក្យ​ថា ​ការ​បញ្ចូល​គ្នា​គណបក្ស​ និង​គណបក្ស​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ទោះ​យ៉ាង​ណា មន្ត្រី​សិទ្ធិមនុស្ស​ថា អ្វី​ដែល​មេធាវី​លោក កឹម សុខា លើក​ឡើងជា​សិទ្ធិ​បញ្ចេញមតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទប្រកាន់​ជំនួស​ព្រះរាជអាជ្ញា ឬ​តុលាការ​ថា សារ​របស់​មេធាវី​លោក កឹម សុខា នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) អាច​ជា​ពិរុទ្ធភាព​សម្រាប់​ដាក់បន្ទុក​លោក កឹម សុខា​។ លោក បន្ត​ព្រមាន​ទៀត​ថា បើ​លោក កឹម សុខា នៅតែ​ព្រហើន​ផ្គើន​អនុវត្ត​នយោបាយ ប្រឆាំង​ខុសច្បាប់​ទៀត​ការ​ចាត់​វិធានការ​ផ្លូវច្បាប់​នៅតែ​មាន​។ លោក សុខ ឥសាន លើកឡើង​បែបនេះ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម នៅ​ថ្ងៃទី​៤ ខែមេសា​។​

​អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៤ ខែមេសា ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​ទទួល​ការ​ហៅ​ចូល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា អ្វី​ដែល​មេធាវី​លោក កឹម សុខា លើក​ឡើងជា​សិទ្ធិ​បញ្ចេញមតិ​តាម​ការយល់ឃើញ​របស់​មេធាវី​លោក កឹម សុខា មិនមែន​ជា​ការ​ល្មើស​បម្រាម​តុលាការ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា ដើម្បី​ចៀសវាង​លើ​សកម្មភាព​នានា​របស់​លោក កឹម សុខា តុលាការ​គួរ​ពន្លឿន​ការ​ជំនុំ​ជម្រះ​ក្ដី​លោក កឹម សុខា៖ «ការ​ពន្លឿន​ការ​បើក​ការ​សវនាការ​ដើម្បី​កុំ​មាន​ឱ្យ​មាន​ការ​អូស​ពេលវេលា​យូរ​អ៊ីចឹង​ទៅ​កាលណា​អូស​ពេល​អូស​វេលា​យូរ​ទៅ​វា​កើតជា​បញ្ហា​បន្ត​បន្ទាប់។ ឥឡូវ​ហ្នឹង​សូម្បី​មេធាវី​គាត់​បញ្ចេញ​នូវ​មតិ​ផ្ទាល់ខ្លួន​របស់​គាត់​បែរជា​មានការ​យល់ឃើញ​ផ្សេង​ទៅវិញ»។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​កាលពី​ឆ្នាំ​២០១៧ ហើយ​សិទ្ធិ​ធ្វើ​នយោបាយ​នយោបាយ​របស់​លោក​ត្រូវ​បាន​ដកហូត​នៅ​ពេល​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៩ ​តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​ខ្លះ​ដោយ​អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ​និង​ចេញ​ក្រៅប្រទេស។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា យល់​ថា គណបក្ស​កាន់អំណាច​មិន​ចង់​ឃើញ​ការ​ធ្វើ​សកម្មភាព ឬ​បង្ហាញ​សារ​អ្វី​នោះ​ទេ គឺ​គេ​ចង់​ឃើញ​លោក កឹម សុខា នៅ​ស្ងៀមស្ងាត់​តាម​ការរៀបចំ​របស់​គេ​។ ទោះ​យ៉ាងណា​អ្នកវិភាគ​រូប​នេះ​យល់ថា ក្នុងនាម​លោក កឹម សុខា ជា​អ្នកនយោបាយ​ជាន់ខ្ពស់​មួយ​រូប​មិន​ត្រូវ​ដាក់ខ្លួន​តាម​ការ​រៀបចំ​របស់​គណបក្ស​កាន់អំណាច​នោះ​ទេ​។ លោក​ថា ក្នុង​នាម​លោក កឹម សុខា ជា​មេ​បក្ស​ប្រឆាំង គួរតែ​បន្ត​ធ្វើ​សកម្មភាព និង​បង្ហាញ​សារ​របស់​ខ្លួន​ទៅ​អ្នកគាំទ្រ​បន្ត​ទៀត៖ «បាទ​ទស្សនៈ​ខ្ញុំ​គណបក្សកាន់អំណាច​ធ្វើ​ម៉េច​ឱ្យ​អតីត​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​ស្ងៀម​បាន​ គឺជា​ភាព​ជោគជ័យ​របស់​គណ​បក្ស​កាន់អំណាច​ហើយ ព្រោះ​មិន​អាច​មាន​ឥទ្ធិពល ឬ​កៀរគរ​កម្លាំង​តតាំង​ ឬក៏​ដណ្ដើម​ប្រជាប្រិយភាព​ពី​គណបក្សកាន់អំណាច​បាន»។

ការ​ចោទប្រកាន់​របស់​លោក សុខ ឥសាន ពេល​នេះ ក្រោយ​ពេល មេធាវី​លោក កឹម សុខា គឺ​លោក ចាន់ ចេន បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក កាលពី​ចុង​ខែ​មីនា ដោយ​ភ្ជាប់​រូបថត​លោក កឹម សុខា និង​លោក យង់ សាំងកុមារ និង​សរសេរ​ថា «ឈាម​រត់រក​ឈាម កូន​កសិករ​រត់​រក​កសិករ។ អ្នក​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​ស្មោះត្រង់​នឹង​ជាតិ​ដូចគ្នា គឺ​នៅ​បន្ត​រួមសុខ រួមទុក្ខ​ជាមួយគ្នា មិន​រត់ចោល​គ្នា ទោះបី​ស្ថាន​ភាព​លំបាក ឬ​គ្រា​មាន​អាសន្ន​អន់​ក្រ​យ៉ាងណាក៏ដោយ»។

ជុំវិញ​ការ​ចោទប្រកាន់​ពី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បែប​នេះ អាស៊ីសេរី​សុំ​ការ​បំភ្លឺ​ពី​មេធាវី​លោក កឹម សុខា លោក ចាន់ ចេន តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេឡេក្រាម ប៉ុន្តែ​មេធាវី​រូប​នេះ​គ្រាន់តែ​មើល​សារ​តែ​មិន​បាន​ឆ្លើយតប​នោះ​ទេ។

ទោះ​យ៉ាងណា លោក ឯម សុវណ្ណារ៉ា យល់ថា សារ​របស់​លោក ចាន់ ចេន ជា​ការ​លើកឡើង​ក្នុងន័យ​កណ្ដាល​ទូទៅ ​និង​មិនមែន​ជា​ការ​បង្ហាញ​ជំហរ​នយោបាយ​នោះ​ទេ​។ ទោះ​យ៉ាងណា លោក​ថា លោក កឹម សុខា មិន​គួរ​បារម្ភ​ពី​ការ​ព្រមាន​ណាមួយ​របស់​គណបក្ស​កាន់អំណាច​ទេ ព្រោះ​ពេលនេះ​លោក​គ្មានអ្វី​ត្រូវ​ខ្លាច​បាត់បង់​អ្វី​ទៀត​នោះ​ទេ ខណៈ​លោក កឹម សុខា បាន​បាត់បង់​អាជីព​នយោបាយ​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។