គណបក្សប្រជាជនកម្ពុជា ស្វាគមន៍លោក កឹម សុខា ដែលទើបត្រូវបានជ្រើសរើសឱ្យធ្វើជាថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងរដ្ឋសភា ជំនួសលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។
ការទទួលបានមុខតំណែងថ្មីរបស់លោក កឹម សុខា នៅពេលនេះ បន្ទាប់ពីលោកទើបទទួលបានព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ កាលពីចុងសប្ដាហ៍មុន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍កាលពីយប់ថ្ងៃទី៥ ខែធ្នូ ថា ការផ្លាស់ប្ដូររចនាសម្ព័ន្ធឱ្យលោក កឹម សុខា ធ្វើជាថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី គឺជាការសមស្រប និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការជួបសន្ទនាគ្នារវាងថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោក សុខ ឥសាន បញ្ជាក់ថា លោក កឹម សុខា គឺជាតំណាងរាស្ត្រនៅក្នុងស្រុកស្រាប់ ដូច្នេះសក្ដិសមនឹងដឹកនាំក្រុមតំណាងរាស្ត្ររបស់ខ្លួន ផ្ទុយពីលោក សម រង្ស៊ី ដែលត្រូវបានតុលាការកាត់ទោស ហើយរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ដែលបាត់បង់សិទ្ធិជាអ្នកតំណាងរាស្ត្រ៖ «វាប្រាកដជាមានលក្ខណៈងាយស្រួលច្រើនហើយ ពីព្រោះទីមួយឯកឧត្ដម កឹម សុខា ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភា អ៊ីចឹងពេលទំនាក់ទំនងមានភាពងាយស្រួលជាមួយថ្នាក់ដឹកនាំតំណាងរាស្ត្រមតិភាគច្រើន ពីព្រោះគាត់ (លោក កឹម សុខា) នៅទីនេះជាប្រចាំទៅហើយ ដូច្នេះយើងមានទំនាក់ទំនងល្អ។ បើលោក សម រង្ស៊ី មិនអាចទៅទាក់ទងស្រួលដូចពេលមុននោះទេ។ កាលពីមុនគាត់ជាតំណាងរាស្ត្រ ឥឡូវគាត់បាត់សិទ្ធិជាតំណាងរាស្ត្រ នោះវាចប់រឿងត្រឹមតែប៉ុណ្ណឹង ហើយម្យ៉ាងគាត់នៅក្រៅប្រទេសទៀត ដូច្នេះមិនអាចងាយស្រួលដូចនៅក្នុងប្រទេសទេ»។
កាលពីថ្ងៃទី៥ ខែធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានសម្រេចតែងតាំងលោក កឹម សុខា ឱ្យធ្វើជាថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី ដែលមានតួនាទីមួយទៀតជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការកែសម្រួលរចនាសម្ព័ន្ធនេះ គឺដើម្បីងាយស្រួលក្នុងការប្រើប្រាស់យន្តការសភាទៅជជែក ឬចរចាគ្នាជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាច៖ «យើងចង់ឱ្យកិច្ចការនៃសន្ទនាគ្នាហ្នឹង ឱ្យវាមានភាពប្រក្រតីឡើងវិញ ហើយដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដូចជាបញ្ហាប្រទេសជាតិ បញ្ហាសិទ្ធិមនុស្សបញ្ហាប្រជាធិបតេយ្យ បញ្ហាការបោះឆ្នោត បញ្ហានយោបាយ»។
លោក អេង ឆៃអ៊ាង ច្រានចោលការលើកឡើងដែលថា ការកែសម្រួលរចនាសម្ព័ន្ធនេះ ជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងបក្ស។ លោកបញ្ជាក់ថា លោក សម រង្ស៊ី នៅតែជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាដដែល ហើយថា ការធ្វើបែបនេះ ដើម្បីធ្វើឱ្យស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីឡើងវិញ។ ភ្លាមៗក្រោយពីមានការកែប្រែរចនាសម្ព័ន្ធនេះ លោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺ (Twitter) របស់លោកថា ក្នុងតួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ លោកនៅតែជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ហើយសមភាគីរបស់លោកគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកសរសេរទៀតថា ក្នុងតួនាទីជាប្រធានស្ដីទី លោក កឹម សុខា គឺជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលសមភាគីរបស់លោក គឺលោកឧបនាយករដ្ឋមន្ត្រី ស ខេង។ អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ចាន់ វិបុល យល់ឃើញថា ការកែសម្រួលរចនាសម្ព័ន្ធនេះ នឹងគ្មានប្រយោជន៍នោះទេ បើសិនអ្នកនយោបាយគណបក្សប្រឆាំងនៅតែគិតគូររឿងអំណាចជាធំនោះ។
លោកថា អ្វីដែលត្រូវធ្វើ គឺការលើកយកបញ្ហាជាតិជារបៀបវារៈទៅជជែកដេញដោលគ្នាជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាច៖ «សូមអ្នកតំណាងរាស្ត្រទាំងអស់ អ្នកដែលទទួលបានការគាំទ្រពីពលរដ្ឋទាំងអស់ ទាំងគណបក្សប្រជាជនកម្ពុជា ក្តី គណបក្សសង្គ្រោះជាតិក្ដី មេត្តាកុំស្រឡាញ់កិត្តិយស និងអំណាចដែលប្រជាពលរដ្ឋផ្ដល់ឱ្យហើយ ហើយភ្លេចពីការសន្យារបស់ពួកគាត់ដែលត្រូវមានកាតព្វកិច្ចស្របច្បាប់ដើម្បីធានាទៅដល់សេចក្ដីសុខ បូរណភាពទឹកដី និងការអភិវឌ្ឍប្រកបដោយចិរភាព។ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងមិនបន្តបង្កើតវប្បធម៌មួយដើម្បីផ្ដល់ផលវិបាកដល់កម្ពុជាទេ»។
មកទល់នឹងពេលនេះ គណបក្សនយោបាយធំៗទាំងពីរនៅមិនទាន់បង្ហាញពីសញ្ញានៃការវិលមករកតុចរចាសាជាថ្មីនៅឡើយ។ ទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសកម្មជនគណបក្សប្រឆាំង នៅបន្តជាប់ឃុំឃាំងក្នុងពន្ធនាគារ និងជាប់បណ្ដឹងនៅតុលាការ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គ្មានការចរចាណាមួយនឹងអាចធ្វើទៅបាននោះទេ បើការសន្ទនានោះផ្ដោតលើការដោះលែង ឬទម្លាក់ចោលបទចោទប្រឆាំងនឹងសមាជិកគណបក្សសង្គ្រោះជាតិ ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។