អ្នក​ជំនាញ​វិស័យ​ព័ត៌មាន​រិះគន់​ថា របប​លោក ហ៊ុន សែន ​ខ្ជះខ្ជាយ​​ថវិកា​​ជាតិ​​អត់​​ប្រយោជន៍​​ក្នុង​​ការ​​តែងតាំង​​ទី​ប្រឹក្សា​​ក្រសួង​​ព័ត៌មាន​ ១០៦​នាក់

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។
នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ (រូបថត៖ ហ្វេសប៊ុក លោក ណុប វី)

0:00 / 0:00

នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM លោក ណុប វី រិះគន់​របប​ក្រុង​ភ្នំពេញ​ថា កំពុង​ខ្ជះខ្ជាយ​ថវិកា​ជាតិ​អត់​ប្រយោជន៍​ក្នុង​ការ​តែង​តាំង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​រហូត​ដល់ ១០៦​រូប។

លោក​ណុប វី​បញ្ជាក់ថា​ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​របប​ក្រុង​ភ្នំពេញ​គួរ​តែ​យក​ចិត្ត​ដាក់​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​ការងារ​ ប្រសើរ​ជាង​ការ​តែងតាំង​មន្ត្រី​ ដើម្បី​បម្រើ​បក្ស​ពួក​នឹង​ផល​ប្រយោជន៍​របស់​ខ្លួន៖ «ការ​ចាត់​តាំង​នេះ​ធ្វើ​យ៉ាងណា​គឺ​ជា​អនុវត្ត​ការងារមួយ​ដែល​មាន​ប្រសិទ្ធភាព​ជា ជាង​យើង​តែងតាំង​ចំនួន​ច្រើន​លើស​លប់​ហើយ​ការងារ​របស់​ពួកគាត់​ពុំមាន​ប្រសិទ្ធភាព​។ហើយខ្ញុំ​គិតថា​ ការ​ធ្វើដូច្នេះទី​មួយ​នាំ​ឱមាន​ការិះគន់​ទៅ​ដល់​សកម្មភាព​របស់​រដ្ឋាភិបាល​ ហើយទី​២ទៀត​គឺ​ជា​ការ​អនុវត្ត​ការងារ​មួយ​ដែល​នាំ​ឱមាន​ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ថវិកាជាតិ​ទៅ​ទៀត »

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ពន្យល់​អំពី​ការ​តែងតាំង​ទីប្រឹក្សា​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ពី​រដ្ឋមន្រ្តី​ក្រសួង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី២៩ កក្កដា។

ព្រះ​មហាក្សត្រនៃ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ​នេះ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ត្រាស់​បង្គាប់​តែង​តាំង​ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ចំនួន​ ១០៦​រូប ក្នុង​នោះ​មាន​ឋានៈស្មើ​រដ្ឋលេខាធិការ​មួយ​រូប​ អនុ​រដ្ឋលេខាធិការ​ ៤២រូប​ និង​អគ្គនាយក​ចំនួន​ ៦៣រូប។​

ក្នុង​ចំណោម​ទី​ប្រឹក្សាទាំង​ ១០៦​រូប​ដែល​ព្រះ​មហាក្សត្រ​បាន​តែង​តាំង​មាន​មន្ត្រី​មួយ​ចំនួន​ជា​បុគ្គលិក​ កាសែត​ និពន្ធនាយក​ និង​ទូរទស្សន៍​ក្នុង​ស្រុក ដែល​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។