«ចិន​​បន្ត​​សង់​សំណង់​​នៅ​​មូលដ្ឋាន​​ទ័ព​​ជើង​​ទឹក​រាម»

0:00 / 0:00

មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ដែល​ត្រូវ​បាន​គេ​សង្ស័យ​អំពី​វត្តមាន​យោធា​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រែប្រួល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ សំណង់​ថ្មីៗ​មួយ​ចំនួន រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត បាន​លេច​រូបរាង​ឡើង។ ស្ថានទូត​សហរដ្ឋ​អាមេរិក​សម្ដែង​កង្វល់​ជា​ថ្មី​ទៀត​ចំពោះ​ការ​វិវឌ្ឍ​ចុង​ក្រោយ​នេះ ខណៈ​អ្នក​តាម​ដាន​ស្ថានការណ៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ចំពោះ​ករណី​នេះ។

ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅតែ​បន្ត​កើតមាន​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ស្រប​ពេល​ដែល​មាន​ក្ដី​បារម្ភ​ថា ទីតាំង​ថ្មីៗ​ជាច្រើន​ត្រូវ​បាន​សាងសង់​ដើម្បី​សម្រួល​ដល់​វត្តមាន​កង​ទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា។

របាយការណ៍​ថ្មី​ចុង​ក្រោយ​ឱ្យ​ដឹង​ថា អំឡុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ២០២១​នេះ មាន​ការ​សាងសង់​អាគារ​ថ្មី​សន្លាង​ចំនួន ៣ខ្នង និង​ការ​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ ក្នុង​ចំណោម​អគារ​ទាំង៣នោះ មាន​អគារ ២ខ្នង​ត្រូវ​បាន​សាងសង់​ចន្លោះ​ពី​ថ្ងៃទី៩ ​ដល់​ថ្ងៃទី២២ ខែសីហា ខិត​ទៅ​ភាគ​ខាង​ជើង​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ អគារ​ថ្មី​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ជាប់​នឹង​អគារ​ពីរ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​សាងសង់​កាល​ពី​ខែមេសា និង​ខែឧសភា កន្លងទៅ។ ចំណែក​អគារ​មួយ​ផ្សេង​ទៀត​នោះ ជា​អគារ​តូច​ដែល​ត្រូវ​បាន​សាងសង់​អំឡុង​ពេល​ជាមួយ​គ្នា ស្ថិត​នៅ​លើ​ឆ្នេរ​ផ្នែក​ខាង​ជើង​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ នេះ​បើ​យោង​តាម​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី១២ ខែតុលា ដោយ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី ហៅ​កាត់​ថា AMTI (Asia Maritime Transparency Initiative) នៃ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ច​ការ​អន្តរជាតិ (CSIS) របស់​សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា កាលពី​ចុង​ខែ​សីហា ផ្លូវ​ថ្មី​មួយ​ខ្សែ​ត្រូវ​បាន​ស្ថាបនា​ពី​ច្រក​ចូល​ភាគ​អាគ្នេយ៍​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ទៅ​កាន់​តំបន់​ឆ្នេរ ដែល​ជា​កន្លែង​សាងសង់​អគារ​ថ្មី​ទាំងនោះ។ ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​បន្ត​រហូត​មក​ដល់​ដើម​ខែតុលា​នេះ។ ផ្លូវ​ថ្មី​ដ៏​មាន​សក្ដានុពល​មួយ​នេះ​ឆ្លង​កាត់​ប្រសព្វ​គ្នា​ជាមួយ​នឹង​ផ្ទៃដី​ដ៏​ធំ​ដែល​ភាគី​កម្ពុជា​បាន​ឈូស​ឆាយ និង​ហ៊ុម​ព័ទ្ធ​កាល​ពី​ឆ្នាំ២០១៩ មុន​ពេល​ដំណឹង​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម បាន​ផ្ទុះ​ឡើង។

ក្រៅពីនេះ ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ទៀត​ក៏​កើត​មាន​ក្នុង​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​អំឡុង​ខែសីហា និង​ខែកញ្ញា​នោះ​ផង​ដែរ ដូចជា​ការ​ឈូស​ឆាយ និង​ជម្រះ​ដើមឈើ និង​ការ​ជីក​ប្រឡាយ​ទឹក​ជាដើម។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិកត្រូនិក ឬ​អ៊ីមែល (E-mail) នៅ​ថ្ងៃ​ទី១៣ ខែតុលា​ថា ស្ថានទូត​ទទួល​បាន​របាយការណ៍​ស៊ី​សង្វាក់​គ្នា និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ថា ការ​ស្ថាបនា​សំខាន់ៗ​មួយ​ចំនួន​របស់​ចិន​បន្ត​កើត​មាន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ ស្ថានទូត​អាមេរិក​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​តម្លាភាព​ពេញលេញ​អំពី​ចេតនា លក្ខណៈ និង​វិសាល​ភាព​នៃ​គម្រោង​នេះ ឬក៏​តួនាទី​របស់​កង​ទ័ព​ចិន​នោះ​ទេ ដែល​ចំណុច​ទាំងនេះ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គោល​បំណង​នៃ​ការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នោះ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិលោក ឈុំ សុជាត និង​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បកស្រាយ​អំពី​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូលពុំ​មាន​អ្នក​ទទួល នៅ​ថ្ងៃទី១៣ ខែតុលា។ ទោះជាយ៉ាងណា លោក ទៀ បាញ់ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ខែឧសភា​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ចិន​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​មួយ​នេះ គឺ​ជា​ជំនួយ​ឥត​សំណង​របស់​ចិន ហើយ​កង​កម្លាំង​របស់​ចិន​ក៏​ចូលរួម​ក្នុង​សកម្មភាព​ទាំងនេះ​ដែរ។

cb8207c8-f1c7-4302-ba3e-4ca06fb2535f.jpegOpens in new window
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងរូបភាពពីផ្កាយរណបរបស់មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS របស់​អាមេរិក កាលពី​ថ្ងៃទី២១ ខែឧសភា ឲ្យ​ដឹងថា អគារ​ថ្មី​សន្លាង​ចំនួនពីរ​ទើប​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​យ៉ាងឆាប់​រហ័ស​នៅ​ក្នុងទីតាំង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។

ទាក់ទង​បញ្ហា​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កងទ័ព​ជើង​ទឹក​របស់​ខ្លួន។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ថា រដ្ឋាភិបាល​ក៏​ត្រូវ​ធានា​ថា នឹង​មិន​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹក​ដី​ខ្មែរ​ដែរ ពីព្រោះ​នេះ​ជា​គ្រោះថ្នាក់​សម្រាប់​ជាតិ និង​ប្រាសចាក​រដ្ឋធម្មនុញ្ញ។

អ្នក​សិក្សា​ស្រាវជ្រាវ​រូប​នេះ​បន្ថែម​ថា ជម្រើស​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន គឺ​ការ​បើកចំហ និង​បង្ហាញ​តម្លាភាព​ថា ការ​អភិវឌ្ឍ​ទាំងនោះ​​ពិត​ជា​បម្រើ​ផល​ប្រយោជន៍​ជាតិ មិនមែន​បម្រើ​ផល​ប្រយោជន៍​បរទេស​ណាមួយ​ឡើយ៖ «កុំ​ឱ្យ​តែ​យើង​ដាក់​គម្រោង​ហ្នឹង​ចេញ​ទៅ​សម្រាប់​តែ​តម្រូវ​ចិត្ត​ឱ្យ​បរទេស​ណាមួយ​ក្នុង​ការ​ជួយ​យើង។ ប៉ុន្តែ​បើ​យើង​បង្ហាញ​ពី​តម្លាភាព សេចក្តី​ស្មោះត្រង់ សុចរិត​ភាព​នៅ​ក្នុង​គម្រោង​ហ្នឹង​ ថា​យើង​ពិត​ជា​ចង់​ឱ្យ​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​របស់​កម្ពុជា​ហ្នឹង​អភិវឌ្ឍ​រីកចម្រើន​មែន ហើយ​យើង​ត្រូវការ​ភាគី​ពាក់ព័ន្ធ​ចូលរួម អ៊ីចឹង​ភាគី​ណា​ដែល​ចង់​ចូលរួម​ជួយ​យើង គេ​អាច​ជួយ​បាន។ ហើយ​យើង​ក៏​អាច​ដោះខ្លួន​ពី​ការ​ដែល​យើង​ជ្រុល​ខ្លួន​ទៅ​ពឹងពាក់​មហាអំណាច​ណាមួយ​ខ្លាំង​ពេក​ផង​ដែរ »

របប​លោក ហ៊ុន សែន រង​ការ​ចោទ​ប្រកាន់​ថា បាន​លួច​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​បោះ​ទីតាំង​ឈរ​ជើង​នៅ​លើ​ទឹក​ដី​ខ្មែរ។ សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក The Wall Street Journal បាន​រាយការណ៍​កាល​ពី​ខែកក្កដា ឆ្នាំ២០១៩ថា កិច្ចព្រមព្រៀង​សម្ងាត់​នោះ​​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​គ្រប់គ្រង​កំពង់ផែ​ទ័ពជើងទឹក​រាម​ផ្ដាច់​មុខ​រហូត​ដល់​ទៅ ៣០ឆ្នាំ ហើយ​កិច្ច​ព្រមព្រៀង​នេះ​អាច​បន្ត​បាន​រៀងរាល់ ១០ឆ្នាំ​ម្ដង។

b65d9760-edb2-4631-aff9-b71add5b4e55.jpegOpens in new window
អនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

ទាំង​របប​ក្រុង​ភ្នំពេញ និង​របប​ក្រុង​ប៉េកាំង សុទ្ធ​តែ​បាន​បដិសេធ​ព័ត៌មាន​នេះ ប៉ុន្តែ​របប​ទាំងពីរ​មិន​ដែល​បង្ហាញ​ភស្តុតាង និង​ព័ត៌មាន​ដែល​អាច​ជឿជាក់​បាន​នោះ​ឡើយ។ ជា​ការ​ពិត របប​លោក ហ៊ុន សែន ធ្លាប់​បាន​នាំ​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ចុះ​មើល​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​រាម ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នោះ​មាន​រយៈពេល​ខ្លី និង​មិន​ទូលំទូលាយ​ឡើយ។ ក្រោយមក​នៅ​ខែ​មិថុនា ឆ្នាំ២០២១ នេះ របប​លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​អាមេរិក​ចុះ​ទៅ​ពិនិត្យ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នេះ​ដែរ តែ​មន្ត្រី​អាមេរិក​បាន​បញ្ឈប់​ដំណើរ​ទស្សនកិច្ច​ក្នុង​រយៈពេល​ដី​ខ្លី នៅ​ពេល​ដឹង​ថា ​ភាគី​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ពិនិត្យ​គ្រប់​កន្លែង។ មន្ត្រី​កម្ពុជា​អះអាង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​អាមេរិក​ទៅ​ពិនិត្យ​គ្រប់​កន្លែង​នេះ គឺ​ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ទោះជាយ៉ាងណា ព័ត៌មាន​ស្ដី​ពី​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​ចិន ត្រូវ​បាន​រក​ឃើញ និង​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​គូស​បញ្ជាក់​ជា​ថ្មី​ទៀត​ថា វត្តមាន​យោធា​បរទេស​ណាមួយ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នឹង​ប្រឆាំង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ទាំង​មូល។ ស្ថានទូត​ដដែល​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិដឹង​ឮបន្ថែម​ទៀត​អំពី​គម្រោង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ហើយ​និង​បញ្ចេញ​យោបល់​ចំពោះ​កិច្ច​ព្រមព្រៀង​យោធា​ប្រភេទ​នេះ ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​ដល់​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។