មេធាវីការពារក្ដីរបស់ ស្ថាបនិកគណបក្សបេះដូងជាតិ និងជាមេធាវីរបស់មន្ត្រីគណបក្សភ្លើងទៀនបីរូបទៀត គ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងការសម្រេចក្ដីរបស់សាលាឧទ្ធរណ៍ ដែលបន្តឃុំខ្លួនពួកគេ។ អ្នកឃ្លាំមើល លើកឡើងថា សំណុំរឿងនេះ មានចរិតនយោបាយ ដែលគេពិបាករំពឹងថា តុលាការអាចនឹងសម្រេចក្ដីដោយយុត្តិធម៌លើសំណុំរឿងនេះណាស់។
មេធាវីគ្រោងទៅពន្ធនាគារជួបស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀនបីរូបទៀត នៅពន្ធនាគារ ដើម្បីពិភាក្សាអំពីប្ដឹងទាស់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ទៅតុលាការកំពូល។ ចំណែកប្រពន្ធមន្ត្រីបក្សភ្លើងទៀន ចង់ឃើញតុលាការកំពូលផ្ដល់យុត្តិធម៌ដល់ប្ដីរបស់ខ្លួនរងភាពអយុត្តិធម៌នៅក្នុងសំណុំរឿងប្រមូលស្នាមមេដៃបង្កើតគណបក្សបេះដូងជាតិ។
មេធាវីការពារក្ដីលោក សៀម ភ្លុក និងជាមេធាវីរបស់មន្ត្រីគណបក្សភ្លើងទៀន គឺលោកមេធាវី ជូង ជូងី ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១២ ខែធ្នូថា ក្រុមមេធាវី មិនអាចទទួលយកបានឡើយនូវការសម្រេចក្ដីរបស់សាលាឧទ្ធរណ៍ កាលពីពេលថ្មីៗ នេះ។ លោកមេធាវីឱ្យដឹងទៀតថា មុនពេលដាក់ពាក្យប្ដឹងសាទុក្ខទៅតុលាការកំពូលជាផ្លូវការ គឺក្រុមមេធាវីត្រូវទៅជជែកជាមួយកូនក្ដីរបស់លោកម្ដងទៀតនៅពន្ធនាគារជាមុន។ ទោះយ៉ាងណាក្ដី លោកមេធាវី មិនទាន់ប្រាប់ពេលវេលាជាក់លាក់ក្នុងការដាក់ពាក្យប្ដឹងនេះនៅឡើយទេ ប៉ុន្តែ លោកថា តុលាការទុករយៈពេលឱ្យក្រុមមេធាវីមួយខែក្នុងការប្ដឹងសាទុក្ខលើទៅតុលាការកំពូល។
លោក ជូង ជូងី៖«គាត់(កូនក្ដី)មិនពេញចិត្តទេ ប៉ុន្តែត្រង់ថា គាត់សម្រេចប្ដឹងទៅកំពូលទៀតឬក៏យ៉ាងណា ទាល់តែខ្ញុំទៅជួបគាត់»។
សាលាឧទ្ធរណ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានសម្រេចច្រានចោលបណ្តឹងជំទាស់របស់លោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀន ដោយតម្កល់សេចក្ដីសម្រេចសាលារាជធានីដំបូងភ្នំពេញទុកជាបានការដដែល។ សាលារាជធានីដំបូងភ្នំពេញ បានផ្ដន្ទាទោសពួកគេលើសំណុំរឿងក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែងនេះ សម្រេចឱ្យលោក សៀម ភ្លុក ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ចំណែកមន្ត្រីគណបក្សភ្លើងទៀនបីរូបផ្សេងទៀតត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពាក់ព័ន្ធការប្រមូលស្នាមដៃពីពលរដ្ឋ ដើម្បីបង្កើតគណបក្សបេះដូងជាតិ។
ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ គឺលោកស្រី ថាច់ ចន្ធូ ដែលប្ដីលោកស្រីពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរនោះ លើកឡើងថា ប្ដីលោកស្រី មិនបានប្រព្រឹត្តកំហុសដូចតុលាការចោទប្រកាន់ឡើយ។ លោកស្រី រំពឹងថា តុលាការកំពូលដែលជាក្ដីសង្ឃឹមចុងក្រោយនៃការផ្ដល់យុត្តិធម៌នេះ នឹងដោះលែងប្ដីលោកស្រី ក៏ដូចជាអ្នកជាប់ពាក់ព័ន្ធផ្សេងអាចមានសេរីភាពឡើងវិញ។
លោកស្រី ថាច់ ចន្ធូ៖«ខ្ញុំគ្រាន់តែ រំពឹងថា ឱ្យតុលាការដោះលែងប្ដីខ្ញុំនៅក្រៅឃុំអ៊ីចឹង។ ណាមួយប្ដីខ្ញុំគាត់អត់មានធ្វើកំហុសអី»។
បើទោះជាសាច់ញាតិអ្នកជាប់ឃុំរំពឹងបែបនេះក្ដី ក៏មន្ត្រីសង្គមស៊ីវិលមិនសូវជឿលើការសម្រេចក្ដីរបស់តុលាការទេ។ អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា សំណុំរឿង ដែលមានចរិតនយោបាយបែបនេះ គឺពិបាកនឹងទទួលបានយុត្តិធម៌ពីតុលាការណាស់។ មន្ត្រីសង្គមស៊ីវិលរូបនេះបារម្ភថា បើស្ថានការណ៍នយោបាយនៅតែគ្មានភាពល្អប្រសើររវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដូចសព្វថ្ងៃនេះ សកម្មជននយោបាយបក្សប្រឆាំងនៅតែក្លាយជាចំណាប់ខ្មាំងនៅក្នុងជម្លោះនយោបាយនេះដដែល។
លោក ស៊ឹង សែនករុណា៖«ស្ថានភាពនេះ បើយើងកាត់សម្គាល់សម្រាប់សកម្មជននយោបាយ បើសិនជាស្ថានភាពនយោបាយមិនទាន់ល្អប្រសើរទេអ្នកទាំងនោះនឹងពិបាកនឹងមានការដោះលែងឱ្យមានសេរីភាពណាស់អាចផ្ទុយទៅវិញ នឹងបន្តមានឃុំខ្លួនបន្តបន្ទាប់ទៅលើកលែងតែមានស្ថានភាពល្អប្រសើរ»។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក តែងតែប្រាប់ទៅតុលាការ គ្រប់ជាន់ថ្នាក់កន្លងមកថា លោកមិនដឹងថា ស្នាមមេដៃដែលក្រុមការងាររបស់លោកប្រមូលមកនោះមានបញ្ហានោះទេ ព្រោះលោកគ្មានបច្ចេកទេសអាចពិនិត្យមើលដឹងថា ស្នាមមេដៃទាំងនោះមានបញ្ហាឡើយ។ លោក សៀម ភ្លុក ប្រាប់ទៅតុលាការទៀតថា បើទោះជាស្នាមមេដៃមួយចំនួនតូចមានបញ្ហាក្ដី តែស្នាមមេដៃនៅសេសសល់ជាង៤ពាន់ទៀត នៅតែគ្រប់គ្រាន់អាចស្នើសុំបង្កើតគណបក្សបេះដូងជាតិបានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។