បញ្ហាដែលមានការសង្ស័យអស់ជាច្រើនឆ្នាំមកហើយថា កម្ពុជាអាចអនុញ្ញាតឲ្យប្រទេសកុម្មុយនិស្តចិនអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខ បានលេចចេញជាថ្មីនៅមុនដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក គឺអនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy R. Sherman) ដោយផ្ទាល់មកកាន់កម្ពុជានៅថ្ងៃទី១ ខែមិថុនានេះ។
នៅទីបំផុតទៅបញ្ហានេះ ត្រូវរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់ ទម្លាយប្រាប់ វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣០ ខែឧសភា ដោយសារភាពថា កម្ពុជាពិតបានអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍កំពង់ផែជើងទឹករាមប្រាកដមែន៖ « មិនមានមូលហេតុចាំបាច់ឲ្យខ្ញុំនិយាយស្អី ពីព្រោះអ្នកផ្សេងគឺខំនិយាយទៅហួសឆ្ងាយពីខ្ញុំឆ្ងាយណាស់ថា អាហ្នុងគឺបានប្រគល់ទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខអីទាំងហ្នុងទៅតាមការចោទប្រកាន់របស់គេអីនោះណា។ ដៃគូរបស់ខ្ញុំគឺខ្ញុំធ្វើការគឺវាជាង១០ឆ្នាំកន្លងមកហើយដើម្បីពន្យល់គាត់ និងស្នើឲ្យគាត់ជួយរៀបចំអភិវឌ្ឍន៍តំបន់រាមហ្នុង។ ទើបតែថ្មីៗហ្នុងទេ គាត់បានឯកភាពថានឹងជួយរៀបចំរោងជាង ជួយរៀបចំផែ រៀបចំ ... ជូនកម្ពុជា។ ដៃគូហ្នុងគឺដៃគូចិនហ្នុងឯងបាទ!»។

លោក ទៀ បាញ់ បដិសេធផ្តល់ព័ត៌មានលម្អិតពីទំហំជាក់លាក់នៃជំនួយរបស់ចិនក្នុងការអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមនេះដោយលោកគ្រាន់តែបញ្ជាក់ថា ជាជំនួយឥតសំណងរបស់ចិន ហើយក្នុងនោះក៏មានវត្តមានជាកងកម្លាំងរបស់ចិនមកជួយអភិវឌ្ឍផងដែរ៖ «គេជួយឲ្យខ្ញុំហ្នុង គឺជួយជាជំនួយឥតមានចំណងអីទាំងអស់។ គឺគេនាំកម្លាំងនាំអីមកជួយ។ ដល់ពេលធ្វើហើយ គឺគេប្រគល់ឲ្យកម្ពុជា។ កម្ពុជាទេមានសិទ្ធិពេញលេញប្រើប្រាស់មូលដ្ឋានហ្នុង។ ដូច្នេះ ចង់និយាយពីរឿងចង់ធ្វើស្អីក្រៅពីហ្នុងអី អាហ្នុង គឺអត់មានរឿងអីចម្លែកទេ មិនថាអ្នកណាអ្នកណីទេពីព្រោះគេធ្វើគ្រប់តែគ្នាហ្នុង »។
[សូម ចុចត្រង់នេះដើម្បីស្តាប់បទសម្ភាសន៍ទាំងស្រុងជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់]
កន្លងទៅកម្ពុជាតែងច្រានចោល និងបដិសេធនូវព័ត៌មានដែលកាសែតល្បីឈ្មោះអាមេរិកឈ្មោះ ឌឹ វ៉លស្រ៊ីត ជរណល ( The Wall Street Journal) បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ ថាកម្ពុជាបានលួចចុះកុងត្រាយោធាសម្ងាត់ជាមួយចិនឲ្យគ្រប់គ្រងកំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកុងត្រានេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្តង។ កម្ពុជាចាត់ទុកថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ និងមានចេតនាបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់អាមេរិក។ ទន្ទឹមនឹងនោះ កាលពីឆ្នាំ២០២០ទៀតសោត កម្ពុជាក៏បានសម្រេចវាយកម្ទេចចោលអគារចំនួនពីរដែលជាជំនួយរបស់សហរដ្ឋអាមេរិកចេញពីកំពង់ផែកងទ័ពជើងទឹករាមជាបន្តបន្ទាប់។ កម្ពុជាពន្យល់ថា ការវាយកម្ទេចចោលអគារទាំងពីរជាជំនួយរបស់អាមេរិកនេះ គឺដោយសារត្រូវផ្លាស់ប្តូរទីតាំងអគារបញ្ជាការដ្ឋានជួរមុខនៃសន្តិសុខលម្ហសមុទ្រទៅទីតាំងថ្មីនៅលើកោះព្រាប ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីកំពង់ផែកងទ័ពជើងទឹករាម។ ការវាយកម្ទេចចោលអាគារជំនួយរបស់អាមេរិកទាំងនោះ ត្រូវសហរដ្ឋអាមេរិកបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង។

លើសពីនេះទៀត រូបភាពចុងក្រោយពីផ្កាយរណបស្រាវជ្រាវ និងផ្សព្វផ្សាយដោយគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី ហៅកាត់ថា AMTI (Asia Maritime Transparency Initiative) របស់មជ្ឈមណ្ឌលដើម្បីការសិក្សាពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS របស់អាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឲ្យដឹងថា អគារថ្មីសន្លាងចំនួនពីរទើបនឹងត្រូវបានសាងសង់រួចរាល់យ៉ាងឆាប់រហ័សនៅក្នុងទីតាំងកំពង់ផែកងទ័ពជើងទឹករាម។ អគារសាងសង់ថ្មីទាំងពីរនេះ មានទីតាំងនៅផ្នែកខាងជើងនៃកន្លែងទីតាំងអគារជំនួយសហរដ្ឋអាមេរិកដែលត្រូវកម្ពុជាបានវាយកម្ទេចចោលកាលពីឆ្នាំកន្លងទៅ។ ការស្រាវជ្រាវដដែលរកឃើញថា ផ្អែកតាមរូបភាពពីផ្កាយរណប ការសាងសង់អគារថ្មីទាំងពីរនេះបានកើតមានឡើងចាប់ពីថ្ងៃទី១៧ ខែមេសា ហើយបញ្ចប់ទៅនៅថ្ងៃទី២១ ខែឧសភា ពោលគឺនៅរយៈពេលតែប៉ុន្មានសប្តាហ៍នៅមុនដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់កម្ពុជា។ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរបស់អាមេរិកដដែល គូសបញ្ជាក់ថា ការសាងសង់នេះ ធ្វើឡើងដោយខ្វះតម្លាភាព ហើយមន្ត្រីកម្ពុជាផ្តល់ការពន្យល់បែបត្រឡប់ត្រឡិន ដែលការណ៍នេះបណ្តាលឲ្យមានការសង្ស័យជាច្រើនថា គម្រោងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនេះថា អាចធ្វើឡើងក្នុងចេតនាឲ្យចិនទទួលបានអត្ថប្រយោជន៍។
ឆ្លើយតបនឹងការរកឃើញនេះលោក ទៀ បាញ់ បដិសេធថា មិនមានការសាងសង់អគារថ្មីណាមួយនៅកន្លែងអគារជំនួយរបស់អាមេរិកដែលកម្ពុជាបានវាយកម្ទេចចោលនោះទេ៖ « អត់ទាន់មានសង់ស្អីទេ។ ផ្កាយរណបហ្នុងគឺផ្កាយរណបរករឿងហ្នុង។ គ្មានទេ អត់មានទាន់សាងសង់អីផង។ ឥឡូវហ្នុងគឺកន្លែងហ្នុងបន្តិចទៀត គឺគេបូមដី បូមអីដាក់ដើម្បីពង្រីកទាំងអស់ »។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយបណ្ឌិត សេង សារី មើលឃើញថា រឿងរ៉ាវកម្ពុជាអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមនេះ នឹងជៀសមិនផុតពីត្រូវអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលើកឡើងនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬមន្ត្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃទី១ ខែមិថុនានេះ ជាមិនខាន ក្រៅពីប្រធានបទសំខាន់ៗដទៃទៀត ដូចជាបញ្ហាតួនាទីកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ បញ្ហាពាក់ព័ន្ធនឹងការធ្លាក់ចុះសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា នៅមុនទស្សនកិច្ចនេះ កម្ពុជាបានបង្ហាញសញ្ញាណច្បាស់រួចទៅហើយពីការពឹងផ្អែកទាំងស្រុងទៅលើចិន៖ « ខ្ញុំមើលឃើញថា រឿងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់សញ្ញាណហើយកាលពីប្រមាណជាពីរបីឬបួនថ្ងៃមុនហ្នុង គឺទាក់ទងទៅនឹងរឿងប្រសាសន៍លើកឡើងថា តើបើមិនឲ្យពឹងចិនទៅពឹងអ្នកណា ? មានន័យថា ជាភាសាក្នុងនាមជាថ្នាក់ដឹកនាំ បង្ហាញនូវសញ្ញាច្បាស់ណាស់ថា កម្ពុជាងាកទៅរកចិន ១០០ភាគរយហើយ។ សញ្ញាណមួយនេះក៏ជាសញ្ញាណបង្ហាញទៅទំនាក់ទំនងទៅសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកថា ជាសញ្ញាណមួយដែលមានការឃ្លាតឆ្ងាយហើយ »។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) បដិសេធផ្តល់ព័ត៌មានលម្អិតជាក់លាក់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក និងប្រធានបទសំខាន់ៗដែលមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះនឹងលើកឡើងជាមួយភាគីកម្ពុជា ក្រៅតែពីអ្វីដែលក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីពេលកន្លងទៅ។
ជុំវិញបញ្ហាកម្ពុជាអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍មូលដ្ឋានកងទ័ពជើងទឹករាមនេះបណ្ឌិត សេង សារី ព្រមានថា ប្រសិនបើកម្ពុជានៅតែរក្សាជំហរឲ្យចិនអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខ ហើយងាកទៅពឹងផ្អែកចិនទាំងស្រុងបែបនេះ នោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តមានភាពរកាំរកូសតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។