លោក ទៀ បាញ់ ទម្លាយ​ព័ត៌មាន​​​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​រឿង​តម្រុយ​ទ័ព​ចិន​នៅ​កម្ពុជា

0:00 / 0:00

ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ​បន្ត​បដិសេធ​រឿង​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ភាគី​ចិន ក្នុង​ការ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​លោក​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​មាន​ផែន​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រា​ម និង​មាន​សិទ្ធិ​ទទួល​ជំនួយ​យោធា​ពី​បរទេស។ អ្នក​វិភាគ​នយោបាយ​ថា តម្រុយ​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នេះ កាន់​តែ​គួរ​ឱ្យ​ទុក​ចិត្ត​បាន តាម​រយៈ​ការ​លើក​ឡើង​បែបនេះ។

ទន្ទឹម​​នឹង​ការ​បដិសេធ​ពេញៗ មាត់ ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ជាតិ​បាន​ទម្លាយ​ព័ត៌មាន​មួយ​ចំនួន​ ដែល​ស្តាប់​ទៅ​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​អត្ថបទ​របស់​កាសែត​អាមេរិក​រឿង​កិច្ច​ព្រមព្រៀង​យោធា​សម្ងាត់​ជាមួយ​ភាគី​ចិន។

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា ក្រសួង​មាន​ផែន​ការ​កសាង​កំពង់​ផែ​បន្ថែម​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ហើយ​ក៏​មាន​គម្រោង​ស្វែង​រក​នាវា​ថ្មីៗ​ទៀត​ដើម្បី​ពង្រឹង​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា លោក​មិនបាន​បកស្រាយ​ឱ្យ​លម្អិត​​ពី​គម្រោង​ធ្វើ​ទំនើប​កម្ម​នេះ​ឡើយ ហើយ​ក៏​មិន​ប្រាប់​ពី​ប្រភព​ជំនួយ​ដែរ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា កម្ពុជា​មាន​សិទ្ធិ​ទទួល​ជំនួយ​បរទេស ដោយ​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​គ្រឿង​អាវុធ​យុទ្ធ​ភណ្ឌ​ផង​ដែរ៖ «មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​យើង​ហ្នឹង មិន​អាច​នៅ​ប៉ុណ្ណឹង​បាន​​ទេ។ យើង​ត្រូវ​តែ​ពង្រីក​ យើង​ត្រូវ​តែ​ធ្វើ​ហើយ​គម្រោង​របស់​ខ្ញុំ​មាន​អស់​ហើយ។ យើង​នឹង​កសាង​អូរ កសាង​រោង​ជាង​ជួស​ជុល​ និង​ធ្វើ​ផែ​បន្ថែម​ ហើយ​និង​ត្រូវ​ស្វែង​រក​នាវា​មក​បន្ថែម ដើម្បី​ធ្វើ​ម៉េច​ឱ្យ​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ថែរក្សា​សមុទ្រ​របស់​យើង។ គ្រោង​ការ​របស់​យើង​ក៏​ត្រូវ​មាន​ការ​អភិវឌ្ឍ​ដែរ តាម​រូប​ភាព​ណា អា​ហ្នឹង​គឺ​ថា នេះ​ជា​រឿង​របស់​យើង សិទ្ធិ​សម្រេច​របស់​យើង។ ដូច​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ក្នុង​​កថាខណ្ឌ​ចុង​ក្រោយ ព្រះរាជាណាចក្រ ( កម្ពុជា ) រក្សា​សិទ្ធិ​ក្នុង​ការ​ទទួល​ជំនួយ​បរទេស​ជា​សម្ភារៈ ជា​អាវុធ ឬ​ជា​អ្វីៗ​គ្រប់​​បែប​យ៉ាង​ទាំងអស់ ដើម្បី​ការពារ​ខ្លួន»

លោក ទៀ បាញ់ ថ្លែង​បែប​នេះ​ប្រាប់ ក្រុម​អ្នក​កាសែត​ក្រោយ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោស​សម្អាត​មីន និង​រក្សា​សន្តិភាព​សម្រាប់​ប្រតិបត្តិ​ការ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី២៦ កក្កដា។

សារ​របស់​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​រូប​នេះ ហាក់​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ចេញ​ផ្សាយ​របស់​កាសែត​អាមេរិក The Wall Street Journal ដែល​ថា កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​សម្ងាត់​ជាមួយ​រដ្ឋាភិបាល​ចិន កាល​ពី​ប៉ុន្មាន​ខែមុន​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​អាច​បោះ​ទី​តាំង​ឈរ​ជើង​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​របស់​កម្ពុជា។

The Wall Street Journal ផ្សាយ​ថា របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ឱ្យ​ភាគី​ចិន កាន់​កាប់​ផ្ទៃ​ដី ២៥ហិកតារ​នៃ​ផ្ទៃដី​សរុប​ជាង ៧០ហិកតារ​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ។ មន្ត្រី​អាមេរិក​បាន​ប្រាប់​កាសែត The Wall Street Journal ថា សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រមព្រៀង​នោះ​បង្ហាញ​ថា ភាគី​ចិន​នឹង​សាងសង់​កំពង់​ផែ​២ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដែល​មួយ​សម្រាប់​កម្ពុជា​ និង​​មួយ​ទៀត​សម្រាប់​ចិន​ខ្លួន​ឯង។ ក្រៅ​ពី​នេះ ភាគី​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់​កង​ទ័ព​រក្សា​ទុក​អាវុធ និង​នាវា​​ចម្បាំង​របស់​ខ្លួន ​នៅ​លើ​ទីតាំង​នោះ​ទៀត​ផង។

ប្រភព​ដដែល​បន្ត​ថា របប​ក្រុង​ភ្នំពេញ​​បាន​អនុញ្ញាត​ឱ្យ​ភាគី​ចិន​ប្រើ​ប្រាស់​មូលដ្ឋាន​ទ័ព​​នោះ ​រយៈ​ពេល ៣០ឆ្នាំ ហើយ​កុងត្រា​នេះ​អាច​បន្ត​​​ទៀត​ដោយ​ស្វ័យ​ប្រវត្តិ ជា​​​រៀង​រាល់ ១០ឆ្នាំ​ម្ដង បន្ទាប់​ពី​នោះ។ បន្ថែម​ពី​លើ​នេះ របប​លោក ហ៊ុន សែន ​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​យោធា​ចិន​កាន់កាប់​​អាវុធ និង​កាន់​​កាប់​​លិខិត​ឆ្លង​ដែន​កម្ពុជា ព្រម​ទាំង​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ភាគ​ចិន​ បើ​មាន​អ្នក​ចង់​ចូល​ទៅ​ទីតាំង​មូលដ្ឋាន​ទ័ព​ដែល​​កាន់​​កាប់​ដោយ​ភាគី​ចិន​នោះ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា លោក​កាន់តែ​ជឿជាក់​ថា របប​លោក ហ៊ុន សែន ពិត​ជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ភាគី​ចិន​មែន បន្ទាប់​ពី​បាន​ស្ដាប់​ប្រសាសន៍​​លោក ទៀ បាញ់ ពី​ព្រោះ​ការ​ថ្លែង​របស់​មន្ត្រី​កំពូល​ផ្នែក​ការពារ​ជាតិ​រូប​នេះ មាន​ភាព​ស្រប​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​ចារកម្ម​អាមេរិក និង​សម្ពន្ធមិត្ត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត The Wall Street Journal។

លោក​បន្ត​ថា ល្បែង​ដែល​ក្រុម​លោក ហ៊ុន សែន កំពុង​តែ​លេង​នេះ នឹង​បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ប្រជាជាតិ​ខ្មែរ ពី​ព្រោះ​វា​ប្រាសចាក​រដ្ឋធម្មនុញ្ញ ផ្ទុយ​នឹង​គោលការណ៍​សន្តិសុខ​អាស៊ាន និង​​ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​សន្តិសុខ​អន្តរជាតិ​របស់​ក្រុម​មហាអំណាច​លោក​ខាង​លិច៖ «រឿង​ហ្នឹង​វា​ជា​ការពិត​ ដែល​ស្ទើរ​តែ ១០០ % ។ លាក់​មិន​ជិត​ទៅ​ហើយ​ ម្ល៉ោះ​ហើយ​គាត់​ចាក់​បណ្ដោយ​ជា​របៀប​ថា ជា​ការ​ពង្រឹងកម្លាំង ឬក៏​ធ្វើ​ទំនើប​កម្ម​នៃ​កង​ទ័ព​ជើង​ទឹក​របស់​កម្ពុជា​ទៅ​វិញ។ រឿង​ពង្រឹង​ ឬ​ទំនើបកម្ម​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ វា​អត់​ខុស​មែន ក៏​ប៉ុន្តែ​រឿង​ដែល​ខុស គឺ​លោក ទៀ បាញ់ គាត់​អត់​​បកស្រាយ​​អំពី​ខ្លឹមសារ​នៃ​របៀប​ធ្វើ​ទំនើប​កម្ម​នោះ។ វា​ជា​របៀប​ដែល​បញ្ច្រាស​ទៅ​នឹង​ខ្លឹមសារ​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​មិន​ត្រូវ​ឱ្យ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋ​បរទេស​ណា ឬ​ក៏​កង​កម្លាំង​បរទេស​ណា ក្នុង​ការ​ដាក់​កម្លាំង​របស់​គេ​នៅ​លើ​ទឹក​ដី​​នៃ​​ប្រទេស​កម្ពុជា​ទេ»

ទន្ទឹម​​នឹង​ការ​ទម្លាយ​​ពី​គម្រោង​ធ្វើ​ទំនើប​​កម្ម​មូលដ្ឋាន​ទ័ព​​ជើង​ទឹក​រាម​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក៏​បាន​ចាត់​មន្ត្រី​ក្រោម​​ឱវាទ​របស់​លោក​ ឱ្យ​ដឹក​នាំ​ក្រុម​អ្នក​​សារព័ត៌មាន​ជាតិ ​ចុះ​ទៅ​មើល​មូលដ្ឋាន​ទ័ព​នេះ​ដែរ នៅ​ថ្ងៃ​ទី២៦ កក្កដា។

អ្នក​សារព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក ស៊ុន ណារិន ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឱ្យ​ដឹង​ថា ក្រុម​អ្នក​សារព័ត៌មាន​ត្រូវ​បាន​នាំ​ឱ្យ​ទៅ​មើល​អាគារ និង​ទីតាំង​មួយ​ចំនួន​ក្នុង​​មូលដ្ឋាន​​ទ័ព​ជើង​ទឹក​រាម ក៏​ប៉ុន្តែ​មិន​បាន​ច្រើន​កន្លែង​នោះ​ឡើយ។ បន្ថែ​ម​ពីលើ​នេះ លោក​ថា ក្រុម​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដើរ​មើល​ទីតាំង​ដទៃ ក្រៅ​ពី​កន្លែង​ដែល​មាន​ការ​រៀប​ចំ​ទុក​នោះ​ឡើយ ដូច្នេះ​លោក​យល់​ថា ពួក​គេ​នឹង​មិន​អាច​រាយការណ៍ ឱ្យ​លើស​ពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​នោះ​ឡើយ។

ម្យ៉ាង​វិញទៀត លោក​បញ្ជាក់​ថា ការ​ដើរ​មើល​ទីតាំង​អាគារ និង​កំពង់ផែ បូក​រួម​ទាំង​សន្និសីទ​កាសែត​របស់​មន្ត្រី​រដ្ឋាភិបាល​​ផង ប្រើ​ពេល​តែ​ជាង​មួយ​​ម៉ោង​ប៉ុណ្ណោះ ហើយ​ទស្សនកិច្ច​នេះ​ក៏​មិន​មាន​វត្តមាន​មន្ត្រី​ទូត​អាមេរិក និង​អ្នក​សារព័ត៌មាន​លោក​ខាង​លិច​នោះ​ដែរ៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​គិត​ថា ការ​ចូល​ទៅ​មើល​នេះ​ វា​មិន​ទាន់​​សព្វ​ជ្រុង​ជ្រោយ​ទេ ព្រោះ​ទីតាំង​វា​ធំ ហើយ​មន្ត្រី​នាំ​ក៏​គាត់​មាន​ពេល​វេលា​គាត់​ដែរ អ៊ីចឹង​យើង​មិន​អាច​ដើរ​ទាំងអស់​បាន​ទេ។ ទោះបី​ជា​អ្នក​កាសែត​ចង់ថា​ដើរ​ខ្លួន​ឯង ក៏​​ពិបាក​ដែរ ព្រោះ​យើង​អត់​ដឹង​​ថា​ ទីតាំង​នៅ​ម្ដុំ​ណា​ ហើយ​មាន​តំបន់​កោះ​ផ្សេងៗ អ៊ីចឹង យើង​អត់​ដឹង​ថា ទៅដល់​ណា​ទេ ហើយ​ក៏​​មាន​ការ​​យាម​កាម​ផ្សេងៗ។ អ៊ីចឹង​ យើង​មាន​តែ​ដើរ​ទៅជិតក្រុមតិច​តួច​ដើម្បី​មើល។ អ៊ីចឹង យើង​គួរ​តែ​រៀប​ចំ​​អា​ហ្នឹង​ក្នុង​រយៈ​ពេល​ទៀង​ទាត់ ក្នុង​រយៈ​ពេល ២ឆ្នាំ ៣ឆ្នាំ ឬ​ក៏ ៥ឆ្នាំ​ម្ដង​អ៊ីចឹង​ទៅ»

ភាព​ស្រពេចស្រពិល​នៃ​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​នេះ បាន​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស់​រវាង​របប​លោក ហ៊ុន សែន និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ បាន​បង្ហាញ​ភស្តុតាង​ជា​បន្ត​បន្ទាប់​ថា របប​ក្រុង​ភ្នំពេញ​មាន​បំណង​ឱ្យ​ក្រុង​ប៉េកាំង​ដាក់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​​នៅ​លើ​ទឹក​ដី​ខ្មែរ។ សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ថា រឿង​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​តំបន់​ និង​ទំនាក់​ទំនង​រវាង​ប្រ​ទេស​ទាំង​ពីរ។

ទាំង​ក្រុង​ភ្នំពេញ និង​ប៉េកាំង​ សុទ្ធ​តែ​បាន​បដិសេធ​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក ក៏​ប៉ុន្តែ​របប​ដឹកនាំ​ទាំង​ពីរ​មិន​ដែល​បាន​បង្ហាញ​ការ​ឆ្លើយ​តប​ណា​មួយ ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ឡើយ ជា​ពិសេស​របប​ក្រុង​ភ្នំពេញ​មិន​បាន​អញ្ជើញ​មន្ត្រី​ទូត ឬ​មន្ត្រី​យោធា​អាមេរិក ឱ្យ​ចុះ​ពិនិត្យ​ដល់​ទីតាំង​ដែល​មាន​ការ​សង្ស័យ​នោះ​ឡើយ។

ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ព្រមាន​ថា កិច្ច​សហប្រតិបត្តិការ​ណាមួយ​រវាង​ភ្នំពេញ និង​ប៉េកាំង ដែល​ផ្ទុយ​ពី​ប្រយោជន៍​​សន្តិសុខ​តំបន់ នឹង​ក្លាយ​ជា​គ្រោះ​កាច​សម្រាប់​កម្ពុជា ពី​ព្រោះ​សហរដ្ឋ​អាមេរិក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទប់​ស្កាត់​រឿង​ទាំង​អស់​នេះ​មិន​ឱ្យ​កើត​ឡើង​ឡើយ ស្រប​ពេល​ដែល​កម្ពុជា​នៅ​តែ​ត្រូវ​ការ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ជា​ចាំបាច់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។