មន្ត្រីគណបក្សសង្គ្រោះជាតិ និងមេធាវីការពារក្ដីឲ្យដឹងថា សកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ ដែលអាជ្ញាធរថៃ បានចាប់ខ្លួនបញ្ជូនទៅឲ្យរបបក្រុងភ្នំពេញនោះ បច្ចុប្បន្ន ត្រូវបានតុលាការឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ហើយ តាំងពីថ្ងៃទី១០ ខែវិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធររដ្ឋាភិបាលថៃ និងកម្ពុជាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិពីររូប គឺលោក វឿង សំណាង និងលោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ នៅក្នុងពន្ធនាគារព្រៃស (ម១) ជាបណ្ដោះអាសន្ន ដោយមិនទាន់បានជួបគ្រួសារ និងមេធាវីការពារក្ដីនៅឡើយ។
មេធាវីការពារក្តីឲ្យសកម្មជនទាំងពីរ គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថា លោកទទួលបានការពឹងពាក់រួចហើយ ប៉ុន្តែលោកមិនទាន់បានចូលជួបកូនក្តីទាំងពីរនាក់នៅក្នុងពន្ធនាគារនៅទេ។ លោក ឲ្យដឹងថា តុលាការក្រុងភ្នំពេញ បានចោទប្រកាន់អ្នកទាំងពីរពីបទ ''រួមគំនិតក្បត់'' និងបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស (ម១) កាលពីថ្ងៃទី១០ ខែវិច្ឆិកា៖ « ពួកគាត់ទាំងពីរនាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបានបញ្ជូនមកប្រទេសកម្ពុជា ហើយពួកគាត់ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនពួកគាត់ទាំងពីរនាក់ ក្នុងពន្ធនាគារព្រៃស ( ម១ ) កាលពីថ្ងៃម្សិលមិញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅពេលដែលសមត្ថកិច្ចបញ្ជូនពួកគាត់មកដល់តុលាការក្រុងភ្នំពេញ គឺពួកគាត់បានស្នើសុំតុលាការមិនទាន់ឆ្លើយតបសំណួររបស់ ចៅក្រមស៊ើបសួរទេហើយសុំលើកពេលសួរសំណួរនេះទៅពេលក្រោយដោយគាត់ សុំពេលវេលាដើម្បីរកមេធាវីការពារក្តីដោយខ្លួនពួកគាត់ » ។
លោក វឿង សំណាង និងលោក វឿន វាសនា គឺជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលរស់នៅភៀសខ្លួនក្នុងប្រទេសថៃ និងត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។ អាជ្ញាធរថៃ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំងពីរក្នុងពេលកំពុងធ្វើដំណើរក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា និងបានបញ្ជូនឲ្យអាជ្ញាធររបបលោក ហ៊ុន សែន កាលពីថ្ងៃ៩ ខែវិច្ឆិកា ទោះបីជាមានការជួយអន្តរាគមន៍ពីមន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិក៏ដោយ។
សមាជិកគណបក្សសង្គ្រោះជាតិ លោក អឿ ណារិទ្ធិ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសថ្លែងថា ជារឿងសោកស្ដាយដែលអាជ្ញាធរថៃ មិនបានបំពេញកាតព្វកិច្ចក្នុង ការការពារជនភៀសខ្លួន បែរជាចាប់បញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិឲ្យអាជ្ញាធរកម្ពុជា យកទៅឃុំខ្លួនក្នុងពន្ធនាគារទៅវិញ។ទន្ទឹមគ្នានេះ លោក ក៏ព្រួយបារម្ភអំពីការប្រើហិង្សា ឬទារុណលើរាងកាយរបស់សកម្មជនទាំងពីរនាក់ដែរក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ននោះ។ ទោះជាយ៉ាងណាក្ដី លោក អឿ ណារិទ្ធិ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានទាក់ទងសុំអន្តរាគមន៍ពីឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជារួចហើយ ដើម្បីជួយតាមដានករណីនេះ៖ « ខ្ញុំគិតថា នេះគឺជាការរំលោភសិទ្ធិជនភៀសខ្លួន ព្រោះអីជនភៀសខ្លួននយោបាយ គួរតែត្រូវបានការពារដោយច្បាប់អន្តរជាតិ។ ប្រទេសថៃក៏គាត់ទទួលឲ្យមានទីតាំងអង្គការសហប្រជាជាតិនៅទីនោះដែរ ដើម្បីទទួលជនភៀសខ្លួន។ ដូច្នេះករណីនេះ គឺជាការរំលោភសិទ្ធិដែលគួរឲ្យសោកស្ដាយបំផុតដែលអាជ្ញាធរថៃធ្វើរបៀបនេះ » ។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានដែរ។ ប៉ុន្តែលោកបានប្រាប់កាសែតក្នុងស្រុកយ៉ាងខ្លីថា អាជ្ញាធរពិតជាបានចាប់ខ្លួនសកម្មជនទាំងពីរមែន ដោយសារមានដីកាពីតុលាការ។
អាជ្ញាធររបបលោក ហ៊ុន សែន បានតាមចាប់ខ្លួនលោក វឿន វាសនា និងលោក វឿង សំណាង នេះ ដោយសារតែពួកគេទាំងពីរបានរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ កាលពីថ្ងៃទី៩ ខែតុលា លោក វឿន វាសនា បានចូលទៅបញ្ចេញមតិ (Comment) លើហ្វេសប៊ុកលោក ហ៊ុន សែន ដោយបានសរសេរកំណាព្យមួយមានចំណងជើងថា ហ៊ុន សែន ក្បត់ជាតិ ដែលរិះគន់អំពីការកែច្បាប់បំផ្លាញជាតិ និងធ្វើទុក្ខបុកម្នេញពលរដ្ឋស្លូតត្រង់ ព្រមទាំងធ្វើឲ្យរលាយបាត់បង់ទឹកដីព្រៃឈើជាដើម។ បន្ទាប់មក លោក ហ៊ុន សែន បានឆ្លើយតបវិញថា លោក ត្រូវតែផ្ដាច់ប្ដូរបំបាត់ចោលទ្រឹស្ដីនិងសកម្មភាពជ្រុលនិយមនេះឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។ លោកបញ្ជាឲ្យខាងនគរបាលតាមចាប់លោក វឿន វាសនា នៅប្រទេសថៃ។ភ្លាមៗ តុលាការក្រុងភ្នំពេញ បានបង្ហាញដីកាតាមចាប់ខ្លួនលោក វឿន វាសនា ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលដីកានោះ ចេញតាំងពីថ្ងៃទី២ ខែឧសភា ។លើសពីនេះ កាលពីខែសីហា កន្លងទៅទីប្រឹក្សារបស់លោក ហ៊ុន សែន គឺលោក សុខ សុក្រឹត្យា ក៏បានស្នើសុំឲ្យអាជ្ញាធរថៃ ជួយទប់ស្កាត់កុំឱ្យសកម្មជនបក្សប្រឆាំង ប្រើប្រាស់ទឹកដីថៃធ្វើជាមូលដ្ឋានវាយប្រហារលើរដ្ឋាភិបាលកម្ពុជា តាមបណ្ដាញសង្គមផងដែរ។
ប្រពន្ធរបស់លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា រៀបរាប់ថា លោកស្រីមិនបានជួបប្តី និងបានដឹងពីសុខទុក្ខប្ដីនៅឡើយទេ។ លោកស្រីបន្តថា នៅពេលអាជ្ញាធរចាប់ខ្លួនប្ដីរបស់លោកស្រីដោយមិនផ្តល់ដំណឹងបែបនេះ ធ្វើឲ្យលោកស្រីព្រួយបារម្ភជាខ្លាំង៖ « ខ្ញុំមិនដឹងចេះនិយាយថាម៉េចទេ គ្រាន់តែថា ពេលដែលគាត់មានបញ្ហាអ៊ីចឹង គឺខ្ញុំជាប្រពន្ធនេះបារម្ភហើយចង់ដឹងពីសុខទុក្ខគាត់និងចង់ដឹងថាគាត់ទៅដល់ណាហើយ និងពេលណាទើបកាត់ទោសថាគាត់ឲ្យចេញពេលណាអ៊ីចឹង»។
ជុំវិញករណីនេះនាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ៊្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងថា សកម្មភាពរបស់អាជ្ញាធរថៃក្នុងការចាប់បញ្ជូនបុរសទាំងទាំងពីរនាក់ ដែលទទួលស្គាល់ជាជនភៀសខ្លួន គឺជាទង្វើដ៏ហួសចិត្ត និងមិនអាចទទួលយកបាន ហើយជាការក្បត់ទាំងស្រុងនូវកាតព្វកិច្ចរបស់រដ្ឋាភិបាលថៃក្នុងការការពារជនភៀសខ្លួន។ លោកបន្តថា តាមរយៈការបញ្ជូនបុរសទាំងពីរនាក់នេះទៅកម្ពុជាវិញ ច្បាស់ណាស់ថា ពួកគេនឹងប្រឈមការធ្វើទុក្ខបុកម្នេញ ហើយទំនងជាមានការរំលោភបំពាន និងការធ្វើទារុណកម្មនៅក្នុងមន្ទីរឃុំឃាំងទៀតផង។ លោក ហ៊្វីល រ៉ូបឺតសុន បន្តថា នេះជាការបញ្ជូនត្រឡប់ទៅវិញក្នុងទម្រង់ជាការដោះដូរទំនិញ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋខ្មែររាប់រាយនាក់ ដែលរត់គេចពីការបង្ក្រាបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ករណីនេះនាំឱ្យមានការចោទសួរថា តើជាថ្នូរមកវិញ អាជ្ញាធរកម្ពុជានឹងធ្វើអ្វីខ្លះឱ្យរដ្ឋាភិបាលថៃចំពោះសកម្មជនអាវក្រហមថៃ ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងទីក្រុងភ្នំពេញ។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះលើកឡើងថា គ្មានអ្វីត្រូវសង្ស័យទេ អាជ្ញាធរថៃបានដឹងថា សកម្មជនគណបក្សសង្គ្រោះជាតិទាំងពីរនាក់ គឺជាជនភៀសខ្លួន ពីព្រោះមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានទៅជួបពួកគេនៅមន្ទីរឃុំឃាំងសួនភ្លូ (Suan Phlu IDC) ដើម្បីបញ្ជាក់ពីឋានៈជាជនភៀសខ្លួនរបស់ពួកគេ ហើយមន្ត្រីអន្តោប្រវេសន៍ថៃក៏បានដឹងឮករណីនេះដែរ។ ហេតុដូច្នេះ គ្មាននរណាម្នាក់ជឿលើពាក្យកុហករបស់រដ្ឋាភិបាលថៃ ដែលនឹងបកស្រាយថា ពួកគេមិនបានដឹងពីឋានៈជាជនភៀសខ្លួនរបស់សកម្មជនទាំងពីរនាក់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។