កម្លាំងសមត្ថកិច្ចនៅតែមិនទាន់អាចវែកមុខ ក្រុមជនល្មើសដែលបានវាយអ្នកជំនាញកសិកម្ម ដែលតែងតែបញ្ចេញមតិរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ មន្ត្រីអង្គការការពារសិទ្ធិមនុស្ស ជំរុញឱ្យអាជ្ញាធរស្វែងរកជនល្មើសដែលធ្វើទុក្ខបុកម្នេញទៅលើលោក នី ណាក់ មកប្រឈមនឹងផ្លូវច្បាប់ឱ្យបាន ដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ។
គិតមកដល់ថ្ងៃនេះ គឺរយៈពេល ១៤ថ្ងៃមកហើយ ដែលកម្លាំងសមត្ថកិច្ចនៅតែមិនអាចវែកមុខជនសង្ស័យ ដែលវាយអ្នកជំនាញកសិកម្ម លោក នី ណាក់ ឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១២ ខែកញ្ញា។
អ្នកជំនាញកសិកម្មដែលតែងតែរិះគន់ចំៗ អំពីភាពអសកម្មរបស់មន្ត្រីរដ្ឋាភិបាល ជាពិសេស ភាពបរាជ័យវិស័យកសិកម្ម លោក នី ណាក់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកញ្ញា ថា លោកនៅមិនទាន់ទទួលបានព័ត៌មានអំពីការលទ្ធផលស៊ើបអង្កេតរកក្រុមជនសង្ស័យ ដែលបានព្រួតវាយលោកពីកម្លាំងសមត្ថកិច្ចនៅឡើយទេ។ លោកបន្ថែមថា លោកគ្មានជំនឿទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជានោះឡើយ ព្រោះកន្លងមក តុលាការក៏ធ្លាប់កាត់ទោសឱ្យលោកជាប់ពន្ធនាគារ ១៨ខែ ទាំងអយុត្តិធម៌ផងដែរ។
លោក នី ណាក់៖«យើងមើលពីនីតិវិធីសមត្ថកិច្ចធ្វើការ មកដល់ថ្ងៃនេះគ្មានតម្រុយអី សូម្បីតែបន្តិចសម្រាប់ឱ្យជនរងគ្រោះបានដឹងថា គេធ្វើការដល់ណា។ គេបានព័ត៌មានអី គឺអត់ទាំងអស់ អ៊ីចឹងហើយបានខ្ញុំគ្មានសង្ឃឹមទេ ហើយខ្ញុំក៏មិនចង់ទៅខាតពេលអីហ្នឹងស្វែងរកយុត្តិធម៌ដែរ ដោយសារយើងមើលជារួមមកហើយថា ប្រព័ន្ធយុត្តិធម៌យើង គឺមិនដែលផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះណាមួយ ដែលមិនមែនជាអ្នកគាំទ្រ រដ្ឋាភិបាលនោះទេ»។
កាលពីថ្ងៃទី១២ ខែកញ្ញា ជនមិនស្គាល់មុខមួយក្រុមបានជិះម៉ូតូបុកម៉ូតូលោក នី ណាក់ ឱ្យដួល នៅពេលលោក និងប្រពន្ធរបស់លោកកំពុងធ្វើដំណើរ។ ក្រោយពីម៉ូតូដួលមនុស្សប្រុសស្លៀកពាក់ខ្មៅ៤នាក់ មានពាក់មួកឃ្លុបបិទមុខជិត ក្នុងចំណោម៨នាក់ បានយកស្ទុះដោះមួកសុវត្ថិភាពចេញពីក្បាលរបស់លោក នី ណាក់ ហើយបានសម្រុកវាយសន្ធាប់លើក្បាល លោក នី ណាក់ ដោយដែកថ្នាំងអំពៅ បណ្ដាលឱ្យបែកក្បាលជាច្រើនកន្លែង ឈាមស្រោចខ្លួន និងសន្លប់នៅនឹងកន្លែង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីបកស្រាយជុំវិញរឿងនេះបានឡើយទេ នៅថ្ងៃទី២៦ ខែកញ្ញា។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា ករណីអំពើហិង្សាទៅលើលោក នី ណាក់ នេះ គឺជាអំពើហិង្សាមានស្ថានទម្ងន់ទោស ហើយអាចមានចេតនាចង់យកទ្រព្យសម្បត្តិ ប៉ុន្តែលោក នី ណាក់ អះអាងថា អំពើហិង្សាដែលកើតមានលើរូបលោក និងប្រពន្ធរបស់លោក មិនមែនក្នុងគោលបំណងប្លន់នោះឡើយ ប៉ុន្តែគឺជាការប៉ុនប៉ងសម្លាប់ ឬបំបាក់ស្មារតីរបស់លោកទៅវិញ។
ជុំវិញរឿងនេះ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក សួន យុធ្យា មានប្រសាសន៍ថា ប្រសិនបើកម្លាំងសមត្ថកិច្ចនៅតែមិនអាចនាំយកក្រុមជនល្មើសមកកាត់ទោសទៅតាមផ្លូវច្បាប់បាន វាមិនត្រឹមតែបង្ហាញពីអសមត្ថភាពរបស់កម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីស្ថានភាពនិទ្ទណ្ឌភាពនៅកម្ពុជាដែរ។ លោកបន្តថា ប្រសិនបើលោក នី ណាក់ មិនអាចទទួលបានយុត្តិធម៌ទេ នោះក៏វាជាការគំរាមកំហែងដល់ផ្នែកសេរីភាពបញ្ចេញមតិផងដែរ។
លោក សួន យុធ្យា៖«រាជរដ្ឋាភិបាលលោកមានកាតព្វកិច្ចការពារកុំឱ្យមានភាព អយុត្តិធម៌កើតឡើង ប្រសិនបើជាសមត្ថកិច្ចមិនមានសមត្ថភាពក្នុងការការពារ សិទ្ធិសេរីភាពនៃការអនុវត្តសិទ្ធិទាំងនោះទេ បានន័យថា រាជរដ្ឋាភិបាលហ្នឹង អត់បានយកច្បាប់ជាគោលក្នុងការដឹកនាំទេ ហើយប្រជាពលរដ្ឋលោកហ្នឹងលែងមានជំនឿទៅលើអាជ្ញាធរក៏ដូចជា រដ្ឋាភិបាលដែរ»។
គិតមកដល់ពេលនេះមានសកម្មជនសង្គម និងនយោបាយ មិនតិចជាង ៥០នាក់ទេ ដែលរងការលួចវាយប្រហារ ភាគច្រើនជាការប៉ុនប៉ងវាយសម្លាប់ ដោយប្រើដំបងដែកវាយសន្ធាប់ទៅលើក្បាលជនរងគ្រោះ នៅក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ ដោយឡែក អំពើហិង្សាលើលោក នី ណាក់ គឺជាករណីអំពើហិង្សាលើកទី១ ក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត។ ជុំវិញអំពើហិង្សានេះ លោក នី ណាក់ អះអាងថា បើទោះលោកមិនទាន់មានសុខភាពរឹងមាំដូចដើមក្ដី ក៏លោកនឹងមិនចាកចេញពីប្រទេសកម្ពុជាដែលជាទឹកដីកំណើតនោះឡើយ ហើយលោកក៏នៅតែបន្តរិះគន់ក្នុងន័យស្ថាបនា ចំណុចអសកម្មរបស់រដ្ឋាភិបាលបន្តទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។