ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​ចូល​ជួប​ទូត​អាមេរិក ​​​​​​​​ប្រាប់​ពី​ការ​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌ និង​ការ​បង្ក្រាប

0:00 / 0:00

ក្រុម​គ្រួសារ​របស់​អ្នកទោស​មនសិការ និង​អ្នក​តវ៉ា​មួយ​ចំនួន​ចូល​ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រាប់​ពី​ការ​ចាប់ខ្លួន​ការ​ប្រើ​ហិង្សា​និង​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ថ្ងៃ​សុក្រ​។ អ្នក​សិទ្ធិមនុស្ស ថា​ជំនួប​នេះ បង្ហាញ​ថា សហរដ្ឋអាមេរិក​កំពុង​យកចិត្តទុកដាក់​ពី​កង្វល់​របស់​គ្រួសារ​អ្នក​កំពុង​ជាប់ឃុំ។

​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់ឃុំ ដែល​ចូល​ជួប​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៣ ធ្នូ មាន​ដូចជា​តំណាង​ក្រុម​ស្ត្រី តវ៉ា​ថ្ងៃ​សុក្រ លោកស្រី ព្រំ ចន្ថា ក្មួយប្រុស​លោក រ៉ុង ឈុន លោក រ៉ុង វិជ្ជា ប្រពន្ធ​របស់​លោក ហ៊ូ វ៉ាន់ ឪពុក​របស់​តារា​ចម្រៀង​រ៉ែប (RAP) លោក គា សុគន្ធ និង ប្រពន្ធ​របស់​សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ជាដើម។

តំណាង​ក្រុម​ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ និង​ជា​ភរិយា​របស់​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា ប្រាប់​ថា ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​សន្យា​ក្នុង​ជំនួប​នោះ​ថា លោក​នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ទាំងឡាយ​របស់​ក្រុម​គ្រួសារ និង​ក្ដី​បារម្ភ​របស់​អ្នក​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទាំងអស់​។ លោកស្រី​អះអាង​ថា លោក​អគ្គរដ្ឋទូត ផ្ដោត​សំខាន់​ករណី​លោកស្រី​ជាងគេ ដោយសារ​កូនប្រុស​របស់​លោក​ស្រី ត្រូវ​រង​អំពើ​ហិង្សា និង​លោកស្រី គឺជា​តំណាង​របស់​ក្រុម​ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ។

​លោកស្រី ឱ្យ​ដឹង​ទៀត​ថា លោក ប៉ាទ្រីក ម័រហ្វី ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​ក្រុម​គ្រួសារ​នៃ​អ្នក​ជាប់ឃុំ​ទាំងអស់ ដោយសារ​មាន​ព្រឹត្តិការណ៍​ហិង្សា​កើត​ឡើងជា​បន្តបន្ទាប់​លើ​ពួកគេ៖ « គាត់​យល់​ថា អាហ្នឹង​វា​រង​អំពើ​អយុត្តិធម៌​ខ្លាំង​ណាស់ ដោយសារ​អ្វី កាលដែល​សកម្មជន​ជាប់ពន្ធនាគារ​ទាំងអស់ ហើយ​នឹង​ធ្វើទុក្ខបុកម្នេញ​ពី​មន្ត្រី​គណបក្ស​កាន់អំណាច​។ ចង់​និយាយ​អ៊ីចឹង​ណា​។ ជាប់គុក ដោយ​ឥតមាន​កំហុស​សោះ បិទ​សន្តិភាព​គាត់​ហើយ ធ្វើបាប​កូន​របស់​យើងខ្ញុំ​ដែល​អត់​មាន​កំហុស​ទៀត​។ គាត់​នឹង​ធ្វើការ​រឿង​ហ្នឹង ឱ្យ​មាន​ដំណោះស្រាយ​ឡើងវិញ»។

ក្រោយ​បាន​ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​រួច លោកស្រី ព្រំ ចន្ថា បាន​ទៅ​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​ប្រាប់​រឿង​នេះ ទៅ​ប្ដី​របស់​ខ្លួន​ដែល​កំពុង​ជាប់ឃុំ​ពី​បទ​ជេរប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍​ធ្វើឡើង​កាលពី​ខែ​តុលា ឆ្នាំ​២០១៩​។ លោកស្រី ព្រំ ចន្ថា បន្ត​ថា ស្ថានភាព​លោក កាក់ កុម្ភារ ក្នុង​ពន្ធនាគារ​មាន​សុខភាព​ទ្រុឌទ្រោម​ជាង​មុន​ខ្លាំង។

ចំណែក​ស្ថានទូត​សហរដ្ឋអាមេរិក បាន​សរសេរ​លើ​ហ្វេសប៊ុក(facebook) ថា លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy មាន​កិត្តិយស និង​មាន​ក្តី​រំភើប ដែល​បាន​ជួប​ជាមួយ​សាច់ញាតិ​អ្នក​ជាប់ឃុំ ដោយសារតែ​ការ​និយាយ​ស្ដី​សកម្មភាព​សិល្បៈ ភាពជា​សកម្មជន ឬ​ការ​តវ៉ា​ដោយ​សន្តិភាព​របស់​គេ​។ ស្ថានទូត​គូស​បញ្ជាក់​ថា ក្នុងនាម​ជា​មិត្ត​របស់​កម្ពុជា សហរដ្ឋអាមេរិក​តែងតែ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​សិទ្ធិមនុស្ស​ជា​សាកល ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

ជុំវិញ​ជំនួប​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​រឿង​នយោបាយ​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ធ្នូ​។ តែ​យ៉ាងណា លោក ផៃ ស៊ីផាន និង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ផ្សេងទៀត ធ្លាប់​អះអាង​ថា បរទេស មិន​មាន​សិទ្ធិ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​បានទេ។

នាយករង​អង្គការ​លីកាដូ (Licadho) ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្សលោក អំ សំអាត យល់​ថា ជំនួប​បែបនេះ បញ្ជាក់​ឱ្យ​ឃើញ​ថា ស្ថានទូត​អាមេរិក​កំពុង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ លើ​ករណី​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់ឃុំ៖ «ជា​ធម្មតា បើ​យើង​មើល​ជា​ការណ៍​ដែល​យល់ព្រម​ឱ្យ​មាន​ចំនួប​នេះ ពី​ឯកឧត្ដម​អគ្គ​ទូត​សហរដ្ឋអាមេរិក​វា​ជា​ការ​យកចិត្តទុកដាក់​មួយ​ហើយ ក៏ប៉ុន្តែ​វិធាន​ការទូត ឬក៏​ផ្លូវ​ទូត​ណាមួយ របស់​ទូត​សហរដ្ឋអាមេរិក​សម្រាប់​ការ​ជួយ​ទៅលើ​ពួកគាត់​យ៉ាងណា​នោះ វា​ជា​កាតព្វកិច្ច​របស់​ស្ថានទូត»។

គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក អាជ្ញាធរ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម អ្នកសារព័ត៌មាន អ្នកឃ្លាំមើល​ព្រំដែន អ្នកចម្រៀង​រិះគន់​សង្គម​ជិត​ហាសិប (៥០)​នាក់​ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ថា ពួកគេ​ជេរប្រមាថ​រដ្ឋាភិបាល រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម។

ប៉ុន្តែ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង បាន​ចាត់​ទុក​ករណី​ទាំងនេះ​ថា ជា​រឿង​នយោបាយ និង​ជា​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី និង​ការ​ចោទប្រកាន់​ទាំង​បំពាន​ច្បាប់ លើ​អ្នកការពារ​សិទ្ធិមនុស្ស អ្នក​រិះគន់ អ្នកនយោបាយ ហើយ​ត្រូវ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ដោយ​ការចោទប្រកាន់​ទាំង​បំពាន ឬ​តាម​ទំនើងចិត្ត​ទាំងឡាយ​ឱ្យ​មាន​សេរីភាព​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។