គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំមកពីគណបក្សសង្គ្រោះជាតិ ២នាក់ នឹងផ្អាកសកម្មភាពនយោបាយ ដោយសាររងគំនាបបណ្ដេញចេញពីក្របខណ្ឌ ក្រសួងអប់រំ។ សមាគមគ្រូបង្រៀនកម្ពុជា ថ្កោលទោស ការដាក់សម្ពាធមកលើគ្រូបង្រៀនទាំង២នាក់នេះ។
គ្រូបង្រៀន ដែលរងការគំរាមបណ្ដេញចេញពីក្របខណ្ឌ គឺលោក ស៊ុន ធន់ និងលោក ថៃ ធីម។ លោក ថៃ ធីម ប្រាប់អាស៊ីសេរីថា មិត្តភក្ដិនៅមន្ទីរអប់រំខេត្តកំពង់ធំ បានប្រាប់លោកថា មន្ទីរអប់រំខេត្តកំពង់ធំ បានទទួលបញ្ជាអភិបាលខេត្ត លោក សុខ លូ ឲ្យផ្ទេរអ្នកគ្រូបង្រៀនចេញពីខេត្តកំពង់ធំ។ ប៉ុន្តែក្រោយមក អភិបាលខេត្តកំពង់ធំបញ្ជាថា មានបញ្ជាពីថ្នាក់លើមកទៀត ឲ្យបណ្ដេញលោកគ្រូបង្រៀនទាំង២នាក់ចេញពីក្របខណ្ឌ បើមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។
លោក ថៃ ធីម ប្រាប់ថា មិត្តភ័ក្ដិនៅមន្ទីរអប់រំខេត្តច្រើននាក់ប្រាប់ទៀតថា ខាងមន្ទីរអប់រំមិនចង់បង្កើតប្រវត្តិសាស្ត្របណ្ដេញបុគ្គលិកចេញពីក្របខណ្ឌទេ ហើយមន្ត្រីនៅមន្ទីរអប់រំខេត្តសុទ្ធតែយល់ថា ពលរដ្ឋ និងមន្ត្រីរាជការមានសិទ្ធិធ្វើនយោបាយ ដូច្នេះពួកគេមិនចង់ឃើញមានការបណ្ដេញលោកគ្រូទាំងពីរចេញពីក្របខណ្ឌ ដោយសារតែសកម្មភាពនយោបាយឡើយ។
លោក ថៃ ធីម បន្តថា លោក បានពិភាក្សាជាមួយលោកគ្រូ ស៊ុន ធន់ រួចហើយ ថា នឹងធ្វើវីដេអូឃ្លិប មួយនៅក្រោយពិធីហូបនំបញ្ចុកចុងសប្ដាហ៍នេះ ដើម្បីប្រកាសថា លោកមិនចុះចូលជាមួយបក្សកាន់អំណាចទេ ហើយលោកនឹងផ្អាកសកម្មភាពនយោបាយ ព្រោះមិនចង់ឈ្នះចាញ់អ្វីទេ៖ « ឥឡូវនេះ គឺខ្ញុំបានពិភាក្សាជាមួយលោកគ្រូ ស៊ុន ធន់ ទាំងពីរនាក់ មិនព្រមចុះចូលជាមួយគណបក្សប្រជាជនទេ។ តែយើងនឹងធ្វើវីដេអូឃ្លិបមួយ ដើម្បីលាលែងពីនយោបាយក្នុងពេលឆាប់ៗ នេះ បាទ !» ។
លោក ថៃ ធីម និង លោក ស៊ុន ធន់ ធ្លាប់រងការបណ្ដេញចេញពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំម្ដងហើយ កាលពីចុងឆ្នាំ២០១៧ ក្រោយពេលតុលាការកំពូល បិទសិទ្ធិគណបក្សប្រឆាំង មិនឲ្យធ្វើនយោបាយ។ កាលណោះ ការដកតំណែងក្រុមប្រឹក្សាខេត្ត ដោយសារលោកទាំងពីរមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ បន្ទាប់មក នៅចុងឆ្នាំ២០១៨ លោកទាំងពីរ ត្រូវបានមន្ទីរអប់រំខេត្តកំពង់ធំ ផ្លាស់ប្ដូរចេញពីទីតាំងកំពុងបង្រៀន ដោយតម្រូវឲ្យ លោក ថៃ ធីម ទៅធ្វើការនៅមន្ទីរអប់រំខេត្ត និង លោក ស៊ុន ធន់ ទៅបង្រៀននៅវិទ្យាល័យហ៊ុន សែន ទួលដំណាក់ នៅស្រុកបារាយ ដែលមានចម្ងាយផ្លូវឆ្ងាយពីផ្ទះ ប្រហែល១៥គីឡូម៉ែត្រ។ គ្រួបង្រៀនទាំងពីរនាក់ ចាត់ទុកការផ្លាស់ឲ្យទៅបង្រៀនកន្លែងឆ្ងាយពីផ្ទះ កាលណោះ ជាការដាក់ទណ្ឌកម្ម លើរូបលោក។ លោកទាំងពីរ បាននាំគ្នាឈរតវ៉ា ២នាក់ នៅមន្ទីរអប់រំខេត្តកំពង់ធំ ឡើងមកដាក់ញត្តិតវ៉ានៅក្រសួងអប់រំ យុវជន និងកីឡា និងនៅខុទ្ទកាល័យលោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ។ តែគ្មានលទ្ធផលឡើយ។
មួយរយៈចុងក្រោយនេះ លោក ស៊ុន ធន់ និង លោក ថៃ ធីម តែងបានចូលរួមសកម្មភាពហូបនំបញ្ចុក ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ទូទាំងខេត្តកំពង់ធំ រហូតដល់សព្វថ្ងៃ។ លោក អះអាងថា នេះជាមូលហេតុ ដែលមិត្តភក្ដិ ធ្វើការនៅមន្ទីរអប់រំ ប្រាប់ថា អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន មិនពេញចិត្តនឹងសកម្មភាពពួកលោក។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពី អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានទេ នៅថ្ងៃទី២៧ មិថុនា ដោយសារទូរស័ព្ទចូលច្រើនដង តែលោកមិនទទួល។ ចំណែកអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់ថា ខាងក្រសួងមិនមានផែនការផ្ទេរ ឬបណ្ដេញលោកគ្រូបង្រៀនទាំងពីរចេញពីក្របខណ្ឌទេ។ លោកថា ប្រសិនបើមានការផ្ទេរ ឬបណ្ដេញមែនត្រូវឆ្លងកាត់នីតិវិធី របស់ក្រសួងអប់រំ មិនអាចស្ដាប់បញ្ជាពីអភិបាលខេត្តទេ៖ « ខ្ញុំមិនទាន់មានព័ត៌មានផ្លូវការដើម្បីបញ្ជាក់ជូនឲ្យជាក់លាក់ពីរឿងនេះ នៅឡើយទេ » ។
ទោះយ៉ាងណា អាស៊ីសេរីទទួលបានសំឡេងរបស់មន្ត្រីមន្ទីរអប់រំខេត្តកំពង់ធំ អះអាងថា គម្រោងបណ្ដេញ លោក ស៊ុន ធន់ និង លោក ថៃ ធីម ចេញពីក្របខណ្ឌ អាចធ្វើពេលណាក៏បាន ហើយមិនចាំបាច់បញ្ជាក់ហេតុផលអ្វីច្រើនទេ។ មន្ត្រីរូបនេះ ឲ្យដឹងទៀតថា មានបញ្ជាមកថា ម្ដងនេះ គេនឹងដាក់កងកម្លាំង ចុះបង្ក្រាប ប្រសិនបើគ្រូបង្រៀនទាំងពីរនាក់នេះ តវ៉ាមុខមន្ទីរអប់រំខេត្តកំពង់ធំ ដូចមុន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ថ្កោលទោស ការគំរាមបណ្ដេញគ្រូបង្រៀនទាំងពីរនាក់ ចេញពីក្របខណ្ឌ។ អ្នកស្រី ថា ការចូលរួមក្នុងសកម្មភាពនយោបាយ មិនត្រូវរងគំនាបទេ ព្រោះជាសេរីភាពរបស់ពលរដ្ឋ និងមន្ត្រីរាជការទូទៅ។ សង្គមស៊ីវិលរូបនេះ ថា នេះជារូបភាពគំរាមថ្មី ដែលបង្ហាញថា រដ្ឋាភិបាល និងអ្នកមានអំណាច កំពុងប្រែក្លាយ ប្រទេសកម្ពុជា ឲ្យធ្លាក់ក្នុងមហន្តរាយជាថ្មី ដោយសារគាបសង្កត់ ជិះជាន់ក្រុមបញ្ញាវន្ត៖ « គំរាមកំហែង លោកគ្រូ ស៊ុន ធន់ ហើយនិងលោកគ្រូ ថៃ ធីម ហ្នឹង បញ្ជាក់កាន់តែច្បាស់ មិនបាច់អ្នកណា រិះគន់អ្នកណាទេ បើសិនជាអស់លោក ចង់ឲ្យមានលទ្ធិប្រជាធិបតេយ្យ ចង់ឲ្យគេអនុគ្រោះពន្ធគ្រប់បែប គ្រប់យ៉ាងហ្នឹង ទាល់តែកុំប្រើរូបមន្តគំរាមកំហែង ដកអ្នកនោះ ដកអ្នកនោះស្រេចតែអំពើចិត្ត។ អ្វីដែលរដ្ឋាភិបាល ក៏ដូចជា មន្ត្រីថ្នាក់ក្រោមកំពុងតែធ្វើនេះ កំពុងធ្វើឲ្យប្រទេសជាតិ ធ្លាក់ទៅក្នុងភាពមហន្តរាយហើយ » ។
គ្រូបង្រៀន លោក ថៃ ធីម ប្រាប់ថា ទោះលោកទាំងពីរផ្អាកពីសកម្មភាពនយោបាយ តែពួកលោក នៅតែបន្តចូលរួមសកម្មភាពជួយសង្គមដដែល ដូចជា ចុះទៅចែកសម្ភារៈសិក្សា បង្រៀនក្មេងៗ នៅតំបន់ដាច់ស្រយាល ដាំកូនឈើតាមសាលារៀន វត្តអារាម និងសកម្មភាពជួយពលរដ្ឋចាស់ជរា គ្មានទីពឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។