ប្រធានាធិបតី​ទីម័រ​ខាងកើត​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា

ប្រធានាធិបតី​ទីម័រខាងកើត លោក​បណ្ឌិត ចូហ្សេ រ៉ាមូស អរតា (Jose Ramos-Horta) កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែ​តុលា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។ ដំណើរ​ទស្សនកិច្ច​ធ្វើឡើង តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី។

គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែ​តុលា ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី ២០ ខែតុលា​នេះ លោក​បណ្ឌិត ចូហ្សេ រ៉ាមូស អរតា ក៏បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្ដីពី​សេវា​ដឹកជញ្ជូន​ផ្លូវ​អាកាស និង​ពាណិជ្ជកម្ម​អង្ករ រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ។

លោក​បណ្ឌិត ចូហ្សេ រ៉ាមូស អរតា លើកឡើង​ថា ប្រទេស​ទីម័រ​ខាងកើត នឹង​អាច​ក្លាយ​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេ​យ៍ (ASEAN) នា​ពេល​ឆាប់ៗ​ខាងមុខ ហើយ​លោក​ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​សមាជិកភាព​របស់​រដ្ឋាភិបាល​លោក។ លោក​បញ្ជាក់​ថា ប្រទេស​ទីម័រខាងកើត នឹង​ខិតខំ​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ព្រមទាំង​លើក​កម្ពស់​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ប្រកប​ដោយ​វិបុលភាព និង​ចីរភាព។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក​បណ្ឌិត ចូហ្សេ រ៉ាមូស អរតា ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា​អាច​នាំ​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ ហើយ​លោក ក៏​រំពឹង​ថា នឹង​មាន​សហគ្រិន​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​ទីម័រខាងកើត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។