ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវែស (Norway) អំពាវនាវឲ្យពលរដ្ឋខ្មែរធ្វើពហិការការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីជៀសវាងការផ្ដល់ភាពស្របច្បាប់ដល់របបលោក ហ៊ុន សែន។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកការខំប្រឹងចុះជួបកម្មកររបស់លោក ហ៊ុន សែន នៅមុនពេលបោះឆ្នោតនេះ ថាដើម្បីទិញទឹកចិត្តពួកគេឲ្យចេញទៅបោះឆ្នោតឲ្យបានច្រើនលើសពី ៥០% នៃចំនួនអ្នកបោះឆ្នោត។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា លោក ហ៊ុន សែន ត្រូវការចំនួនអ្នកទៅបោះឆ្នោតច្រើនជាង ៥០% ដើម្បីបង្ហាញលទ្ធផលប្រាប់ទៅសហគមន៍អន្តរជាតិ បើទោះបីជាអ្នកទៅបោះឆ្នោតគូស ឬឆូតលើសន្លឹកឆ្នោតចោលយ៉ាងណាក្តី ក៏គេអាចរាប់បញ្ចូលទៅក្នុងចំនួនអ្នកទៅបោះឆ្នោតបានដែរ។
ក្រុមនេះអះអាងថា ប្រសិនបើចំនួនអ្នកទៅបោះឆ្នោតថយចុះទាបជាង ៥០% មានន័យថា ពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ហើយសហគមន៍អន្តរជាតិ ក៏នឹងមិនទទួលស្គាល់ការបោះឆ្នោតនោះដែរ។ មកទល់ពេលនេះ អាមេរិក និងសហគមន៍អឺរ៉ុប បានផ្អាកជំនួយទាំងស្រុងដល់ការបោះឆ្នោតនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។