គ្រូបង្រៀនចំនួន១១នាក់ ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះ ចេញពីក្របខណ្ឌ ដោយសារ បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងនោះ ចាប់ផ្ដើមធ្លាក់ចុះជីវភាព និងរងការរើសអើងធ្ងន់ធ្ងរពីសង្គម។ គ្រូបង្រៀនទាំងនោះប្រាប់ថា ចាប់តាំងពីត្រូវបណ្តេញចេញពីក្របខណ្ឌមក ពួកគាត់រកការងារមិនបានធ្វើទេ ហើយបច្ចុប្បន្នបន្ទុកគ្រួសារ បានធ្លាក់ទៅលើប្រពន្ធ និងកូន ដោយពួកគេត្រូវបង្ខំចិត្តចេញទៅធ្វើការ រកចំណូលចិញ្ចឹមគ្រួសារ។
គ្រូបង្រៀនចំនួន ១១នាក់ ដែលកំពុងមានជីវភាពលំបាក បន្ទោសក្រសួងអប់រំថា បានបំផ្លាញអនាគតកូនគាត់ ដាក់សម្ពាធផ្លូវចិត្តលើក្រុមគ្រួសារ និងបំផ្លាញកេរ្តិ៍អាករ មុខរបរជាគ្រូបង្រៀន ដែលឪពុកម្ដាយពួកគាត់ ខិតខំប្រឹងប្រែងឲ្យគាត់បានរៀនសូត្រ តាំងពីក្មេងមក។
គ្រូបង្រៀននៅវិទ្យាល័យក្រុងព្រះសីហនុ លោក លី ឌី ឲ្យដឹងថា តាំងពីក្រសួងអប់រំ បញ្ឈប់មក គាត់គ្មានមុខរបរត្រឹមត្រូវធ្វើទេ។ បច្ចុប្បន្ន លោកដឹកឥវ៉ាន់អនឡាញ (Online) តាមម៉ូតូ ហើយកូនជាអ្នកផ្សព្វផ្សាយលក់តាមហ្វេសប៊ុក (facebook) ព្រមទាំងការលក់បាយឆានៅមុខផ្ទះ។ លោកបន្តថា បន្ទុកទាំងអស់ក្នុងគ្រួសារ ត្រូវធ្លាក់លើប្រពន្ធ និងកូន។ លោកថ្លែងទៀតថា ពេលនេះ លោកមានបំណងពឹងកូន ឲ្យជួយទិញរ៉ឺម៉កកង់បីមួយគ្រឿង ដើម្បីដឹកភ្ញៀវរកចំណូលចិញ្ចឹមគ្រួសារ៖« ដឹងស្រាប់ហើយ តាំងពីក្មេងមកដល់ចំណាស់នេះហើយ រយៈពេលអតីតភាពការងាររបស់ខ្ញុំជាង ៣០ឆ្នាំ ហើយកេរ្តិ៍អាករ ឪពុកម្ដាយរបស់ខ្ញុំមានតែប៉ិនហ្នឹងចែកឲ្យ ដើម្បីចិញ្ចឹមជីវិត។ ដល់ពេលអ៊ីចឹងទៅ ខ្ញុំវាទៅជាមនុស្សមួយរស់ដោយគ្មានប្រាក់ខែ ប្រាក់បៀវត្សរ៍ ព្រោះអាជីពយើងអត់មានអាជីពអ្នករកស៊ីអ្វីទេ។ សង្ឃឹមកេរ្តិ៍អាករ ( ចំណេះដឹង ) ម៉ែឪ ចែកឲ្យសម្រាប់តែ យកដើមទុកបម្រើជាតិ យកលុយចិញ្ចឹមជីវិតទៅ។ ដល់អ៊ីចឹងទៅការផ្ដាច់ប្រាក់បៀវត្សរ៍របស់ខ្ញុំទៅ យើងគួរតែយល់ហើយ ខ្ញុំរស់របៀបម្ដេច។ រាល់ថ្ងៃហ្នឹង ខ្ញុំរស់ដោយសារប្រពន្ធកូនឲ្យលុយចាយ » ។
គ្រូបង្រៀនរូបនេះ រៀបរាប់ថា ដើមហេតុដំបូង គឺលោកបានព្យួរឈ្មោះតាមផ្លូវច្បាប់ត្រឹមត្រូវ ដើម្បីទៅឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ក្រោយពេលមានការរំលាយបក្សប្រឆាំង លោកបានផ្ទេរមកបង្រៀនវិញ តែត្រូវក្រសួងអប់រំលុបឈ្មោះចោលបាត់ទៅហើយ។ លោកថា ពេលនោះ ក្រុមគ្រូបង្រៀន និងសិស្សានុសិស្សនៅសាលារៀន ព្រមទាំងមន្ត្រីនៅមន្ទីរអប់រំខេត្តព្រះសីហនុផង បានស្រឡាំងកាំង មិនដឹងរឿង ព្រោះនេះជាវិធានការពីថ្នាក់ក្រសួង។
លោក បន្ថែមថា មន្ត្រីរាជការ គ្រូបង្រៀន អ្នកធ្វើការនៅមន្ទីរអប់រំខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មកពីគណបក្សកាន់អំណាច បានត្រឹមសម្ដែងការអាណិតអាសូរ និងសោកស្ដាយជំនួសលោក។ ហើយក្រោយមក មន្ត្រីទាំងនោះ បានគេចចេញ លែងហ៊ាននិយាយរកលោកទៀត ដោយសារបារម្ភខ្លាចគេ ចោទថា សេពគប់ ឬ និយាយរកលោក ជាក្រុមគណបក្សប្រឆាំង៖« កាលនៅក្រុមប្រឹក្សាខេត្ត ខ្ញុំធ្លាប់ជួយគ្រូៗ ដែរ ពីប្រាក់ម៉ោងថែម បាត់ប្រាក់ម៉ោងថែមអ៊ីចឹងទៅ គេស្គាល់ គេអរគុណច្រើន។ ប៉ិនក្រោយពេលរំលាយ ( បក្សប្រឆាំង ) ទៅ ជួនកាលគេចោទប្រកាន់អ៊ីចឹង អ៊ីចុះទៅវាខាតបង់ផលប្រយោជន៍ គេរៀងរើសអើង ដូចថា កម្មវិធីសាលា កម្មវិធីអ្វីផ្សេង គេលែងហៅ លែងរកយើងអ៊ីចឹងទៅណា។ លុះត្រាតែការកូន ការអ្វី គេហៅយើងទៅ។ បើចំពោះបុគ្គលគេមិនរើសអើងទេ ប៉ុន្តែដូចលក្ខណៈភ័យខ្លាច និងសម្ពាធផ្លូវចិត្ត។ បើនិយាយពីទៅស៊ីការវិញ ជូនកាលនៅអង្គុយ បើថាគ្នាពីរ បីនាក់អ៊ីចឹង នៅចាំគេទាល់តែអស់តុ » ។
កាលពីដើមឆ្នាំ២០១៨ កន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះបុគ្គលិកអប់រំ និងគ្រូបង្រៀន ចេញពីក្របខណ្ឌជាបន្តបន្ទាប់ សរុប ១៣នាក់ ដោយលើកហេតុផលថា ពួកគេបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមាន ដោយគ្មានច្បាប់អនុញ្ញាត។ គ្រូបង្រៀន១១នាក់ អះអាងថា ក្រសួងអប់រំ គុំកួនពួកគាត់ ដោយសារមិនព្រមចុះចូលជាមួយបក្សកាន់អំណាច តាមការអំពាវនាវរបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។ ពួកគាត់បន្ថែមថា ការបញ្ឈប់នេះ ធ្វើឡើងចំពោះតែសមាជិកបក្សប្រឆាំងប៉ុណ្ណោះ ពោលគឺសមាជិកបក្សកាន់អំណាច ដែលសុំនៅក្រៅក្របខណ្ឌទៅឈរឈ្មោះ ឬអ្នកមិនដែលមកធ្វើការសោះ មិនរងការលុបឈ្មោះទេ។
គ្រូបង្រៀនម្នាក់ទៀត អាយុ ៥០ឆ្នាំប្លាយ ឯកទេសគណិតវិទ្យា រូបវិទ្យា នៅអនុវិទ្យាល័យអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង លោក ជុំ ចាន់ ប្រាប់ថា សព្វថ្ងៃនេះ លោកគ្មានមុខរបរទេ។ កូនប្រុសស្រី ដែលរៀបការរួចហើយ ត្រូវរងបន្ទុកចិញ្ចឹមលោកវិញ ។ លោកបញ្ជាក់ថា លោកគ្មានដីធ្វើស្រែទេ ព្រោះកាលនៅបង្រៀន ប្រាក់ខែដែលបើកមក គឺបានត្រឹមចំណាយប្រចាំថ្ងៃ ស្ទើរមិនគ្រប់គ្រាន់ផង៖ « នៅក្នុងគ្រួសាររបស់ខ្ញុំហ្នឹង គឺមានតែខ្ញុំមួយអ្នកគ្រប់គ្រងសេដ្ឋកិច្ច ស៊ីប្រាក់ខែគ្រូបង្រៀន ហើយនិងប្រាក់ខែក្រុមប្រឹក្សា។ ឥឡូវយើងបាត់ទាំងពីរហើយ អ៊ីចឹងខ្ញុំជួបផលលំបាកច្រើន។ និយាយរួមផ្ទះខ្ញុំមួយថ្ងៃ ចាយតែមួយម៉ឺនរៀលទេ សម្រាប់ទិញម្ហូប លើសពីហ្នឹងអត់មានទេ។ ខ្ញុំនៅនេះ ខ្ញុំគ្មានស្រែទេ។ ឥឡូវនេះ ចូលដល់សុភាសិតខ្មែរថា ស្រែមិនស្រែ ផ្សារមិនផ្សារ មន្ត្រីរាជការក៏គ្មានទៀត។ សូន្យទាំងអស់ » ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តព្រៃវែង មកពីគណបក្សសិទ្ធិមនុស្សរូបនេះ ក៏រងការរើសអើងមិនខុសពី បុគ្គលិកសិក្សា ដែលរងការបញ្ឈប់ផ្សេងទៀតទេដែរ។ ទោះជាបែបណា គ្រូបង្រៀនរូបនេះប្រាប់ថា លោកនឹងទ្រាំជីវភាពលំបាកលំបិន ហើយបន្តការតស៊ូតាមផ្លូវតុលាការ ដើម្បីទទួលបានក្របខណ្ឌឡើងវិញ។ លោកអះអាងថា លោកនឹងមិនព្រមចុះចូលជាមួយបក្សកាន់អំណាច ជាថ្នូរទទួលបានក្របខណ្ឌវិញដាច់ខាត។
បច្ចុប្បន្ន បុគ្គលិកអប់រំ ទាំង ១១នាក់ កំពុងតតាំងក្ដី នៅសាលាឧទ្ធរណ៍ និងស្នើសុំអន្តរាគមន៍ពីស្ថាប័នអប់រំអន្តរជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធបណ្ដឹងរបស់ពួកគាត់ ក្រោមហេតុផលថា ការប្តឹងហួសសុពលភាព។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា និង លោក ឌី ខាំបូលី កន្លងមក មិនផ្ដល់សេចក្ដីពន្យល់លម្អិតទេ ទាំងការសម្រេចបញ្ឈប់ និងការសម្រេចរបស់តុលាការ។ តែមន្ត្រីក្រសួងអប់រំទាំងពីរនេះ ប្រាប់ថា ការប្ដឹងផ្ដល់រកខុសត្រូវជាសិទ្ធ ហើយក្រសួងគោរពតាមការសម្រេចរបស់តុលាការ។
គ្រូបង្រៀនជាង ៣០ឆ្នាំ លោក ជុំ ចាន់ រៀបរាប់ថា លោកឈឺចិត្តណាស់ នៅពេលតុលាការឆ្លើយបែបនេះ ព្រោះលោកគ្មានខុសសោះ។ លោកថា រយៈពេល១ឆ្នាំ ទើបក្រុមគ្រូបង្រៀនដាច់ចិត្តប្ដឹងទៅតុលាការ ដោយសារ នៅរង់ចាំការឆ្លើយតប ពីក្រសួងអប់រំ។ លោកថា ពេលបម្រើការងារ លោកខិតខំបង្រៀនសិស្ស និងជួយគណៈអភិបាលខេត្តព្រៃវែង អស់ពីសមត្ថភាព តែលទ្ធផលពេលនេះ បានត្រឹមសោកស្ដាយ រងការប្រមាថ និងរងការរើសអើងទាំងក្រុមគ្រួសារតែម្តង។
បុគ្គលិកអប់រំ ម្នាក់ទៀត ដែលរងការលុបឈ្មោះចោលដែរ គឺជាគ្រូបង្រៀននៅសាលាគរុកោសល្យភូមិភាគខេត្តសៀមរាប លោក ពៀក ម៉ាប់ ប្រាប់ថា កូនៗ របស់លោក ត្រូវបង្ខំចិត្តរកលុយរៀនបន្តដោយខ្លួនឯងផង និងត្រូវធ្វើការ រកលុយផ្គត់ផ្គង់ គ្រួសារជំនួសលោកផង។ សាស្ត្រាចារ្យបង្រៀនគរុកោសល្យរូបនេះ ថា តាំងពីពេលត្រូវលុបឈ្មោះមក លោករកការងារធ្វើមិនបានទេ។ រីឯការងារជាក្រុមប្រឹក្សាខេត្តសៀមរាប ក៏រងការបណ្ដេញចេញដូចគ្នា ដោយសារការរំលាយគណបក្សសង្គ្រោះជាតិ។ លោកថា ក្រសួងអប់រំ ប្រើទណ្ឌកម្មលើលោកបែបនេះ ប៉ះពាល់ដល់អនាគត កូនប្រុសស្រី លោកជាខ្លាំង៖ « ខ្ញុំ រស់ មិនដឹងថា និយាយម្ដេចឲ្យសមរម្យទេ។ រស់ទាំងលំបាកលំបិន មិនដឹងធ្វើម្ដេច ព្រោះសូម្បីតែវិស័យឯកជនមួយចំនួន ក៏មិនបានស្វាគមន៍ក្នុងការរកការងារធ្វើ។ មានការលំបាកច្រើន តែមិនដឹងធ្វើម្ដេច បើដំណើរជីវិត កាតព្វកិច្ច យើងត្រូវតែបំពេញ » ។
គ្រូបង្រៀនទាំង ១១នាក់ រងការបញ្ឈប់នោះ ក៏មាន លោក រ៉ុង ឈុន ជាបុគ្គលិកនៅនាយកដ្ឋានស្រាវជ្រាវរបស់ក្រសួងអប់រំដែរ។ ការបញ្ឈប់ លោក រ៉ុង ឈុន ដោយសារលោកមិនព្រមបន្តការងារជា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយពេលតុលាការកំពូលរំលាយបក្សប្រឆាំង និងមានការណែនាំឲ្យ គ.ជ.ប បែងចែកអាសនៈ៥៥ របស់គណបក្សសង្គ្រោះជាតិ ឲ្យទៅគណបក្សមិនជាប់ឆ្នោត និងបក្សកាន់អំណាច។
កាលពីក្រសួងអប់រំ លុបឈ្មោះ នៅឆ្នាំ២០១៨ ក្រុមគ្រូបង្រៀនធ្លាប់ទទួលបានជំនួយបន្តិចបន្តួចខ្លះដែរ ពីសប្បុរសជននៅក្រៅប្រទេស។ តែអ្វី ដែលគ្រូបង្រៀន ១១នាក់ ចង់បាននោះ គឺយុត្តិធម៌ ដោយការទទួលបានក្របខណ្ឌក្រសួងអប់រំវិញ។ គ្រូបង្រៀនទាំង ១១នាក់ អំពាវនាវឲ្យក្រសួងអប់រំផ្ដល់ក្របខណ្ឌការងារឲ្យពួកគេវិញ ឲ្យបានឆាប់ ដើម្បីអាចចូលបម្រើការងារបម្រើជាតិ និងទទួលបានប្រាក់កម្រៃចិញ្ចឹមខ្លួនផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។