អនុប្រធាន​​បក្ស​សង្គ្រោះ​ជាតិ​​​ថា កំពុង​​ចរចា​ការ​ទូត​ជាមួយ​ថៃ ដើម្បី​យក​ទីតាំង​ព្រំដែន​ដឹក​នាំ​កម្មករ​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា

0:00 / 0:00

0:00 / 0:00

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះអាង​ថា អាជ្ញាធរ​ថៃ​ហាម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ​កន្លង​មក​នោះ គ្រាន់​តែ​ជា​ការ​ហាម​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។

លោក អេង ឆៃអ៊ាង សម្ដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​ថៃ នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ទឹក​ដី​ថៃ​វិញ នៅ​មុន​ថ្ងៃ​ទី៩ វិច្ឆិកា ដើម្បី​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដឹក​នាំ​កម្មករ វិល​ចូល​ស្រុក​វិញ៖ «យើង​ចង់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ថៃ​ទៅ​កម្ពុជា យើង​អត់​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ឡើយ​ទេ ហើយ​កំពង់​តែ​ធ្វើ​កិច្ចការ​ហ្នឹង ទាំង​ការ​ទូត និង​កិច្ចការ​ផ្សេង​ទៀត ជាមួយ​រដ្ឋាភិបាល​ថៃ គឺ​យើង​ចង់​ចូល​តាម​ច្រក​ព្រំដែន​ថៃ​ទៅ​កម្ពុជា គឺ​យើង​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿង​ហ្នឹង »

តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ចុង​ខែ​កញ្ញា បាន​ចោទ​ប្រកាន់ និង​តាម​​ចាប់​​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ចំនួន ៩រូប រួម​មាន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​, អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ទៀត គឺ​លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ, តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទ័ឫទ្ធិ លោក ហូរ​ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក នុត រំដួល អ្នកស្រី ជូឡុង សូមូរ៉ា និង​លោក ឡុង រី ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន ដោយ​សារ​តែ​ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ នេះ អះអាង​ថា របប​លោក​បាន​បញ្ជូន​ដីកា តាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ៩រូប​នេះ ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ថៃ មិន​បាន​ឃាត់​ខ្លួន អ្នកស្រី មួរ​ សុខហួរ ឡើយ កាល​ពី​សប្ដាហ៍​មុន គ្រាន់​តែ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដើរ​ហើរ​ក្នុង​ទឹក​ដី​ថៃ​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី២១តុលា អាជ្ញាធរ​ក្រុង​បាងកក មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី មួរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រទេស​ថៃ​ទេ ក្រោយ​ពី​អ្នក​ស្រី ចុះ​ពី​យន្ត​ហោះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទាំង លោក អេង ឆៃអ៊ាង ទាំង អ្នកស្រី មួរ សុខហួរ អះអាង​ដូច​គ្នា​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចេញ​ចូល​ទឹក​ដី​ថៃ​មុន​ថ្ងៃ​ទី៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​កំណត់ លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្សប្រឆាំង ក៏​មាន​ជំនឿ​ថា រដ្ឋាភិបាល​ថៃ ដែល​ជា​រដ្ឋាភិបាល​ស៊ីវិល​នោះ នឹង​យក​ចិត្ត​ទុក​ដាក់​លើ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ហើយ​បើក​ផ្លូវ​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ប្រើប្រាស់​ព្រំដែន​ថៃ ដើម្បី​ដឹក​នាំ​កម្មករ​វិល​ចូល​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។