ការទាមទារស្នើសុំសុពលភាពលិខិតឆ្លងដែននេះ ដឹកនាំដោយអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ។ លិខិតគណបក្សសង្គ្រោះជាតិចុះថ្ងៃទី៩ វិច្ឆិកា បង្ហាញថា លិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១២រូប ត្រូវបានបញ្ចប់សុពលភាពដោយក្រសួងការបរទេសផ្ញើជូនអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនរស្មី ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ចប់សុពលភាពលិខិតឆ្លងដែនដែរនោះឱ្យអាស៊ីសេរីដឹងថា លោកមានការពិបាកក្នុងការធ្វើដំណើរចេញចូលប្រទេស ដែលលោកកំពុងនិទ្ទេសខ្លួន។ លោកយល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនគួរយករឿងជម្លោះនយោបាយបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ពួកលោកបែបនេះទេ។ លោកស្នើសុំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សុពលភាពលិខិតឆ្លងដល់លោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងឡើងវិញ ដើម្បីអាចវិលទៅតតាំងក្ដីនៅមុខច្បាប់ក្នុងប្រទេសកម្ពុជា៖ « របប លោក ហ៊ុន សែន បិទ អ៊ីចឹង ហើយ សួរ ពិបាក ប៉ុណ្ណា យើង ធ្វើដំណើរ ទៅណាក៏ អត់ កើត ដែរ មានផល លំបាក មែនទែន។ ខ្ញុំ ទៅដល់ វាលយន្តហោះ គេ គ្រាន់តែ យក ដាក់ ក្នុង ម៉ាស៊ីន ស្កែ ន របស់ គេ ហ្នឹង គេ ដាក់ ថា លិខិតឆ្លងដែន យើង អត់ សុពលភាព បាត់ ទៅ ហើយ អ៊ីចឹង យើង អត់ អាច ទៅណា កើត » ។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសនៃរបបក្រុងភ្នំពេញ ក៏បានលុបលិខិតឆ្លងដែនរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ១២រូបដែរ ក្នុងនោះមាន អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង និងមន្ត្រីជាន់ខ្ពស់គណបក្សនេះមួយចំនួនទៀត។ ក្រោយមកប៉ុន្មានថ្ងៃបន្ទាប់ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ក្រសួងការបរទេសសម្រេចលុបចោលលិខិតឆ្លងដែនរបស់សកម្មជនបក្សប្រឆាំងចំនួន ២៧នាក់ផ្សេងទៀត ដែលកំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស។
ក្រសួងការបរទេសពន្យល់ថា ការធ្វើមោឃភាពលិខិតឆ្លងដែនលើមន្ត្រី និងសកម្មជនបក្សប្រឆាំងទាំងនោះ ព្រោះពួកគេមានដីកាចាប់ខ្លួនពីតុលាការក្រោមបទចោទប្រកាន់ពីបទ "រួមគំនិតក្បត់"។ ជុំវិញការទាមទារឱ្យក្រសួងមហាផ្ទៃផ្ដល់សុពលភាពលិខិតឆ្លងដែនដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំងវិញពេលនេះ។ អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៩ ខែវិច្ឆិកា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទប្រកាន់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលស្នើសុំសុពលភាពលិខិតឆ្លងដែនវិញពេលនេះ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ដូច្នេះ លោកយល់ថា ស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន នឹងមិនទទួលលិខិតស្នើសុំនោះទេ។ លោកថា ក្រុមទាំងនោះតែងធ្វើសកម្មភាពខុសច្បាប់ប្រឆាំងរដ្ឋាភិបាល ដូច្នេះរដ្ឋាភិបាលមិនទទួលស្គាល់ពួកគេឡើយ៖ « នៅ សហរដ្ឋអាមេរិក ហ្នឹង ជា ស្ថានទូត របស់ រាជរដ្ឋាភិបាល កម្ពុជា រាជរដ្ឋាភិបាល កម្ពុជា មិន ទទួលស្គាល់ ក្រុម ឧទ្ទាម ក្រៅច្បាប់ » ។
រីឯនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា នៅរយៈពេលចុងក្រោយនេះតុលាការបានចេញដីកាកោះហៅអតីតមន្ត្រីគណបក្សប្រឆាំងជាច្រើនរូប មកឆ្លើយបំភ្លឺ ប៉ុន្តែលោកថា ការដែលមិនបានផ្ដល់សុពលភាពលិខិតឆ្លងដែនដល់អ្នកទាំងនោះ គឺមិនអាចធ្វើឱ្យពួកគេមកតតាំងតាមផ្លូវច្បាប់បានទេ។ លោកយល់ថា បញ្ហានេះធ្វើឱ្យអតីតមន្ត្រីបក្សឆាំងបាត់បង់ឱកាសក្នុងការស្វែងរកយុត្តិធម៌តាមច្បាប់ហើយគួរមានការសម្រួលណាមួយឱ្យអ្នកទាំងនោះអាចចូលតតាំងក្តីតាមផ្លូវច្បាប់៖ « ឃើញ ថា បើ តុលាការ កោះហៅ ហើយ តតាំងធ្វើ ផ្លូវច្បាប់ គួរតែ មានការ ប្រគល់ សិទ្ធិ ក្នុង ការ វិលត្រឡប់ មក តតាំង តាម ផ្លូវច្បាប់ ព្រោះ នេះ ជា អំណាច នៃ តុលាការ « ។
ការស្នើសុំផ្តល់សុពលភាពលើលិខិតឆ្លងដែននេះ ស្រប់ពេលដែលតុលាការក្រុងភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងឧបឃាតរបស់ថ្នាក់ដឹកនាំសង្គ្រោះជាតិចំនួន ៩រូប ក្នុងនោះក៏រួមទាំងលោក សម រង្ស៊ី ផងដែរ នៅថ្ងៃទី១១ វិច្ឆិកាខាងមុខនេះ។ ដោយឡែក នៅថ្ងៃទី២៦ ខែវិច្ឆិកា តុលាការនឹងជំនុំជម្រះរឿងក្ដីមួយទៀត ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាសំណុំរឿងចាស់ ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ សំណុំរឿងទីពីរនេះ មានថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិសរុប ៥៩នាក់។ ក្នុងដីកាកោះហៅនេះ តុលាការក្រុងភ្នំពេញបង្គាប់ឲ្យថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវបង្ហាញមុខនៅតុលាការជាកំហិត ប៉ុន្តែតុលាការមិនបានបង្គាប់ឲ្យរដ្ឋាភិបាលបញ្ឈប់ការរាំងខ្ទប់ដំណើរវិលចូលស្រុករបស់អ្នកនយោបាយប្រឆាំងទាំងនេះឡើយ។
រីឯក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិវិញអះអាងថា ពួកគេនឹងវិលទៅតតាំងក្ដីក្នុងតុលាការភ្លាម ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន ក្លាហានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកពួកគេវិលទៅកម្ពុជាវិញ ផ្ដល់សុពលភាពលើលិខិតឆ្លងដែន ដែលក្រសួងការបរទេសបានលុបចោល និងសរសេរលិខិតទៅប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសថៃ ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអាចចេញចូលបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។