អង្គការសង្គមស៊ីវិលយល់ឃើញថា សេចក្ដីពន្យល់របស់ក្រសួងការបរទេសជុំវិញស្ថានការណ៍កម្ពុជា នឹងមិនអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបក្រុងភ្នំពេញនោះឡើយ។ មូលហេតុ គឺដោយសារតែសហរដ្ឋអាមេរិកបានតាមដានដោយយកចិត្តទុកដាក់ចំពោះស្ថានការណ៍កម្ពុជា និងបានទុកពេលឱ្យរបបនេះជាច្រើនខែដើម្បីស្ដារស្ថានការណ៍ឡើងវិញ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជំរុញឱ្យរបបលោក ហ៊ុន សែន ប្រឹងប្រែងស្ដារស្ថានភាពធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាជាងប្រឹងបកស្រាយការពារខ្លួនអំពីអ្វីដែលបានកើតឡើងដោយសារទង្វើរបស់ខ្លួន។
អនុប្រធានបណ្ដាញយុវជនកម្ពុជា (CYN) និងជាអ្នកសិក្សាស្រាវជ្រាវផ្នែកសិទ្ធិមនុស្សអន្តរជាតិ លោក ស ម៉ូរី ថ្លែងថា រដ្ឋាភិបាលមានសិទ្ធិឆ្លើយការពារខ្លួនទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកជុំវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ក៏ប៉ុន្តែលោកជឿថា ការបកស្រាយទាំងនោះនឹងមិនមានឥទ្ធិពលលើការសម្រេចចិត្តបង្កើតច្បាប់ H.R ៥២៦ របស់សមាជិកសភាសហរដ្ឋអាមេរិកនោះឡើយ។ លោកកត់សម្គាល់ថា សហរដ្ឋអាមេរិកមានគោលដៅច្បាស់លាស់ក្នុងការលើកស្ទួយប្រជាធិបតេយ្យ ស្របពេលដែលស្ថានភាពនៅកម្ពុជាមិនទាន់វិវឌ្ឍទៅរកភាពប្រសើរឡើងវិញនៅឡើយ។ លោកយល់ថា សេចក្ដីពន្យល់ទាំងអំបាលម៉ានរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នឹងមិនអាចកែប្រែការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកស្ដីពីបញ្ហាប្រជាធិបតេយ្យកម្ពុជានោះឡើយ៖ «កាលពីថ្ងៃទី១៦ កក្កដា រដ្ឋសភាអាមេរិកបានអនុម័តច្បាប់ H.R 526 ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ដែលបានចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាអាមេរិកនៅពេលឆាប់ៗខាងមុខ ហើយសមាជិកសភាអាមេរិកដែលសកម្មក្នុងរឿងនេះ ជឿជាក់ថា ច្បាប់នេះនឹងអាចឆ្លងផុតសភាជាន់ខ្ពស់ទៅដល់ដៃប្រធានាធិបតី ដើម្បីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់។ សមាជិកសភាអាមេរិកអះអាងថា ការធ្វើច្បាប់នេះ គឺជារឿងចាំបាច់ និងសមស្របបំផុត ពីព្រោះលោក ហ៊ុន សែន បានក្បត់ពាក្យសន្យាក្នុងការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទោះជាយ៉ាងណា ក្រសួងការបរទេសរបបក្រុងភ្នំពេញ បានចាត់ទុកការអនុម័តសេចក្ដីព្រាងច្បាប់ H.R ៥២៦ នេះ ថាជាការដើរផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាដៃគូគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសអះអាងថា សេចក្ដីព្រាងច្បាប់នេះ មានខ្លឹមសារចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើព័ត៌មានបំភ្លៃ លម្អៀង និងហួសសម័យ ក្រោមហេតុផលនយោបាយ និងមានស្តង់ដារពីរ។ ក្រសួងថា ច្បាប់នេះរំលោភបំពានលើគោលការណ៍អន្តរជាតិស្ដីពីអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
ក្រសួងការបរទេសកម្ពុជាបានបកស្រាយតាមរយៈសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៦ កក្កដាថា ការបោះឆ្នោតឆ្នាំ២០១៨ កន្លងទៅ បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ពុំមានអំពើហិង្សា ហើយពលរដ្ឋបានចេញទៅបោះឆ្នោតជាង៨៣%។ ក្រសួងការបរទេសបន្តថា ការបដិសេធមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនេះ គឺជាការមើលងាយឆន្ទៈម្ចាស់ឆ្នោត និងមិនទទួលស្គាល់ការពិត។ បន្ថែមពីលើនេះ ក្រសួងបានថ្លែងការពារចំណាត់ការចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ ថាជាការអនុវត្តច្បាប់ ដើម្បីការពារសន្តិសន្តិភាព និងស្ថិរភាពសង្គម។
ជុំវិញបញ្ហាច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO) វិញ ក្រសួងបកស្រាយថា ច្បាប់នេះត្រូវបានតាក់តែងឡើង ដោយស្រង់យកបទពិសោធន៍ល្អៗរបស់ប្រទេសដែលមានភាពចាស់ទុំខាងប្រជាធិបតេយ្យ និងមានអត្ថន័យស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ ក្រសួងបន្តបដិសេធថា រដ្ឋាភិបាលមិនបានរឹតត្បិតសិទ្ធិសេរីភាពផ្នែកសារព័ត៌មានឡើយ ហើយការបញ្ឈប់ប្រតិបត្តិការរបស់ស្ថាប័នព័ត៌មានមួយចំនួននោះ គឺដោយសារពួកគេបានបំពានច្បាប់កម្ពុជា។ ក្រសួងបញ្ជាក់ថា កំពុងលើកស្ទួយសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ហើយអង្គភាពព័ត៌មានជាង ១ពាន់ស្ថាប័ន កំពុងដំណើរការយ៉ាងរស់រវើកនៅក្នុងសង្គម។ ក្រៅពីនេះ ក្រសួងថា កម្ពុជាមានសេរីភាពអ៊ីនធឺណិតយ៉ាងពេញលេញ ដោយពលរដ្ឋអាចទទួលបានព័ត៌មានគ្មានដែនកំណត់ និងគ្មានការរឹតត្បិត។
ទោះជាយ៉ាងណា សេចក្ដីពន្យល់របស់ក្រសួងការបរទេសនេះ ត្រូវបានច្រានដោលដោយអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
នាយកប្រតិបត្តិអង្គការសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា ការបង្កើតច្បាប់នេះមិនពាក់ព័ន្ធនឹងអធិបតេយ្យជាតិកម្ពុជាឡើយ ពោលគឺសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិមន្ត្រីកម្ពុជា និងបដិសេធទិដ្ឋាការមន្ត្រីទាំងនោះ បើច្បាប់នេះចូលជាធរមាន។ ម្យ៉ាងវិញទៀត លោកថា ការរំលោភសិទ្ធិមនុស្ស គឺជាបញ្ហាសាកលដែលអន្តរជាតិអាចឈឺឆ្អាល ជាពិសេសក្នុងលក្ខខណ្ឌដែលសហរដ្ឋអាមេរិកជាប្រទេសប្រជាធិបតេយ្យឈានមុខ និងជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៖ «គេមានមកគ្រប់គ្រងយើងឯណា ព្រោះប្រទេសគេជាប្រទេសប្រជាធិបតេយ្យ ហើយបើយើងមិនគោរពគោលការណ៍ប្រជាធិបតេយ្យ គេអត់និយាយរក បើនិយាយដោយសាមញ្ញ។ ខ្ញុំថាការលើកឡើងរបស់ក្រសួងការបរទេសខ្មែរ ជាការលើកឡើងដដែលៗរាប់ឆ្នាំមកហើយ។ ឱ្យតែគេលើកឡើងពីការរំលោភសិទ្ធិមនុស្ស ឱ្យតែគេលើកឡើងអំពីការរំលោភលើគោលការណ៍ប្រជាធិបតេយ្យ គឺគាត់តែងតែ Copy-Paste (ចម្លង) នូវចម្លើយជារហូតមក»។
របបក្រុងភ្នំពេញបានចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ ដោយចោទប្រកាន់កង្វះភស្តុតាង ពីបទក្បត់ជាតិ។ ក្រៅពីនេះ របបនេះបានរំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំងយកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះ យកទៅចែកគ្នាកាន់កាប់ ហើយបានហាមប្រាមអ្នកនយោបាយបក្សប្រឆាំងជាង ១០០នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ។ សំខាន់ជាងនេះទៅទៀត របបនេះបានរៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ច នៅខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ រួចប្រមូលយកអាសនៈសភាទាំងអស់មកក្ដោបក្ដាប់តែម្នាក់ឯង ធ្វើឱ្យកម្ពុជាក្លាយជារដ្ឋឯកបក្សថ្មីមួយនៅលើពិភពលោក ក្នុងសតវត្សទី ២១នេះ។
លោក មឿន តុលា ថ្លែងថា ចំណាត់ការបែបនេះហើយដែលសហគមន៍អន្តរជាតិវាយតម្លៃថា ជាការគាស់រំលើងគ្រឹះប្រជាធិបតេយ្យ ដែលមិនអាចប្រកែកបាន៖ «យើងដឹងហើយថា អាសនៈទាំងអស់នោះបានមកពីការបោះឆ្នោត វាបានមកពីសំឡេងរបស់ប្រជាពលរដ្ឋ ប៉ុន្តែយើងយកសំឡេងរបស់ប្រជាពលរដ្ឋដែលបានមកហ្នឹង យកទៅចែកគ្នា។ អាហ្នឹងគឺជាការបំផ្លាញប្រជាធិបតេយ្យទាំងស្រុងតែម្តង ហើយយើងគាបសង្កត់ទៅលើតួនាទីរបស់អង្គការសង្គមស៊ីវិល តួនាទីរបស់សារព័ត៌មានឯករាជ្យជាដើមហ្នឹង ត្រង់នេះដែលធ្វើឱ្យសហភាពអឺរ៉ុបក៏គេបានយកបញ្ហាហ្នឹង ដើម្បីពិនិត្យមើលឋានៈអនុគ្រោះពន្ធរបស់កម្ពុជាក្នុងការនាំទំនិញទៅសហភាពអឺរ៉ុបរបស់គេដែរ។ អ៊ីចឹងការអនុម័តច្បាប់របស់អាមេរិកនេះ មិនមែនជាព័ត៌មាន out-of-date (ហួសសម័យ) ទេ ប៉ុន្តែជាបញ្ហាដែលកម្ពុជាកំពុងតែជួបប្រទះ»។
ទន្ទឹមនឹងការកម្ទេចគណបក្សប្រឆាំងដើម្បីក្រសោបយកអំណាចផ្ដាច់មុខនេះ របបលោក ហ៊ុន សែន ក៏បានវាយបង្ក្រាបឥតស្រាកស្រាន្តទៅលើក្រុមអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នព័ត៌មានឯករាជ្យផងដែរ ជាពិសេសរបបនេះបានរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ីនធឺណិត។
អ្នកសិក្សាស្រាវជ្រាវផ្នែកសិទ្ធិមនុស្សអន្តរជាតិ លោក ស ម៉ូរី កត់សម្គាល់ថា គ្មានចំណុចណាមួយខាងលើនេះ ត្រូវបានកែប្រែឱ្យល្អឡើងវិញនោះឡើយ ផ្ទុយទៅវិញរដ្ឋាភិបាលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានប្រើប្រាស់ដើម្បីគាបសង្កត់ និងរឹតត្បិតលំហសេរីភាពសង្គមស៊ីវិល ស្របពេលដែលសេរីភាពសារព័ត៌មាននៅតែមានលក្ខណៈតូចចង្អៀត ដោយសារការធ្វើទុក្ខបុកម្នេញលើស្ថាប័នព័ត៌មានឯករាជ្យ៖ «ប្រជាធិបតេយ្យ គេអត់រាប់ចំនួនគណបក្សនយោបាយទេ ប៉ុន្តែនិយាយអំពីគុណភាពនៃការចូលរួម ហើយនិងគុណភាពនៃការបោះឆ្នោតដែលប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌។ ហើយសេរីភាពសារព័ត៌មាន គឺដូចគ្នា គឺមិនផ្អែកទៅលើចំនួន ឬក៏ស្ថាប័នសារព័ត៌មានហ្នឹងច្រើនទេ ប៉ុន្តែសំដៅទៅលើស្ថាប័នសារព័ត៌មានហ្នឹង ដែលគាត់អាចរាយការណ៍ ប្រាប់ពីការពិតដោយមិនលម្អៀង ដោយមិនរងការគាបសង្កត់ និងមិនរងការគំរាមកំហែងពីស្ថាប័ននយោបាយ»។
ថ្វីត្បិតតែរបបក្រុងភ្នំពេញបានប្រតិកម្មដោយប្រើពាក្យធ្ងន់ៗក្តី ក៏របបនេះមិនបានដាក់ចេញនូវវិធានការណាមួយតបតទៅនឹងសហរដ្ឋអាមេរិកវិញឡើយ។ ផ្ទុយទៅវិញ របបនេះបែរជាបានបញ្ជាក់ពីជំហររបស់ខ្លួនថា នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយសហរដ្ឋអាមេរិក មានជាអាទិ៍ បេសកកម្មមនុស្សធម៌ ការគាំទ្រដល់អ្នកស្ម័គ្រចិត្តផ្នែកសន្តិភាព ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការជួញដូរមនុស្ស និងជាពិសេសការចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនាយោធា ដែលរបបនេះធ្លាប់បានបែរខ្នងដាក់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ របបនេះបញ្ជាក់ប្រាប់អាមេរិកជាថ្មីទៀតថា ខ្លួនមានការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកកម្ពស់នីតិរដ្ឋ និងការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយល់ថា ការសន្យារបស់របបលោក ហ៊ុន សែន នេះ នឹងមិនអាចជួយឱ្យរបបនេះចៀសផុតពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះឡើយ ប្រសិនបើគ្មានការអនុវត្តជាក់ស្ដែងទេនោះ។ ពួកគេស្នើឱ្យរបបនេះអនុវត្តតាមអនុសាសន៍ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដើម្បីបញ្ចៀសគ្រោះកាចសម្រាប់ប្រជាជាតិខ្មែរ។ គ្រោះកាចនោះ គឺការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និងទណ្ឌកម្មផ្សេងទៀតពីក្រុមប្រទេសសម្ពន្ធមិត្តរបស់អាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។